ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​ដឹក​នាំ​មន្ត្រី​​រាជ​ការ​ចុះ​ជួយ​​​ច្រូត​ស្រូវ​ប្រជា​ពល​រដ្ឋ​

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កសិករក្នុងឃុំភ្លុក ស្រុក​សេសាន មាន​ក្តី​សប្បាយរីករាយដោយបាន​លោក​អភិ​បាល​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចុះជួយច្រូតស្រូវរដូវ​វស្សាក្នុង ខណៈ​​ពេលដែលស្រូវរបស់គាត់ទុំច្រើន ហើយ​ខ្វះ​កម្លាំងពលកម្មច្រូតកាត់។ ការ​ចុះ​ជួយ​ប្រមូល​ផល​ទុក​ដាក់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០១១ ដែលមានកម្លាំងសរុបជាង​១០០​នាក់។

ខេត្តស្ទឹងត្រែង ៖ កសិករក្នុងឃុំភ្លុក ស្រុក​សេសាន មាន​ក្តី​សប្បាយរីករាយដោយបាន​លោក​អភិ​បាល​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចុះជួយច្រូតស្រូវរដូវ​វស្សាក្នុង ខណៈ​​ពេលដែលស្រូវរបស់គាត់ទុំច្រើន ហើយ​ខ្វះ​កម្លាំងពលកម្មច្រូតកាត់។ ការ​ចុះ​ជួយ​ប្រមូល​ផល​ទុក​ដាក់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០១១ ដែលមានកម្លាំងសរុបជាង​១០០​នាក់។

អ្នក​​ស្រី ឡន វៀង តំណាងឲ្យកសិករគំរូ​នៅ​ក្នុងឃុំភ្លុក​បានសម្ដែង​នូវ​សេច​ក្តី​ត្រេកអរ​ជា​ពន់​ពេក ដែលបានអាជ្ញាធរខេត្ត រួម​ទាំងក្រុមការ​ងារ​ទាំងអស់ចុះជួយកសិករ និងយកចិត្ត​ទុក​ដាក់​គ្រប់ពេលវេលាចាប់តាំងពី​ការចែកពូជស្រូវ ការ​បង្ហាត់ធ្វើជីកំប៉ុស និង​បច្ចេក​ទេសដាំដុះ​ ធ្វើឲ្យ​ស្រូវ​ទទួលបានទិន្នផល​ខ្ពស់ ហើយមកជួយដល់​ការ​ងារប្រមូលផលស្រូវ​បន្ថែមទៀត។ អ្នក​​ស្រី​បញ្ជាក់ថា នៅ​ស្រុក​សេសាន មានកសិករគំរូ​១៣០​គ្រួសារនៅ​ក្នុងឃុំចំនួន៤ មានឃុំ​ភ្លុក ឃុំ​ក្បាល​រមាស ឃុំ​ស្រែគរ និងឃុំកំភុន ទទួល​បាន​ការបណ្តុះ​បណ្តាល​បចេ្ចកទេស​ពី​មន្ទីរកសិកម្ម​ខេត្ត គឺការ​ធ្វើ​ស្រែបង្ហាញប្រព័ន្ធប្រពល​វប្ប​កម្ម​ដំណាំស្រូវតាម​គោលការណ៍ធម្មជាតិហៅថា (ប.វ.ស) និង​ផ្លាស់​ប្តូរទម្លាប់។

លោកទូច ធា ប្រធានមន្ទីរកសិកម្មខេត្ត ​ថ្លែង​ថា ថ្នាក់ដឹកនាំរួមទាំងមន្ត្រីរាជ​ការ​បានចុះ​មក​ជួយច្រូតស្រូវ​ប្រជាកសិករនេះ បង្ហាញពី​កម្លាំង​សាមគ្គី ជួយដល់កសិករជួបការលំបាក ក្នុង​ការ​ប្រមូលផលស្រូវរដូវវស្សា ដើម្បីជៀស​វាង​ផល​ស្រូវ​​ដែលទទួលបានហើយ ត្រូវ​រង​ការខូច​ខាត​ទៅ​វិញ ដោយសត្វចង្រៃបំផ្លាញ ឬ​ការ​ប្រមូល​ផល​មិនទាន់។ លោកបន្តទៀតថា ការចុះជួយ​ច្រូត​កាត់ផលស្រូវនេះ​យើងក៏បាន​ធ្វើ​ពិធីបង្ហាញ​ទិន្នផលទទួលបានរវាងការធ្វើ​ស្រែ​តាម​លក្ខណៈ​បច្ចេក​ទេស និងធ្វើតាម​ទម្លាប់​ដែល​ការទទួល​ទិន្នផលខុសគ្នា គឺតាមបច្ចេកទេស​១ហិកតា​បាន​ជាង​៥តោន ឯការធ្វើតាមទម្លាប់​បានតែជាង៣​តោន​តែប៉ុណ្ណោះ។ នេះជាការ​បង្ហាញដល់កសិករ​ឲ្យឃើញជាក់ស្តែង ដើម្បីឲ្យ​ពួក​គាត់​ធ្វើការអនុ​វត្ត​នៅ​ឆ្នាំក្រោយៗទៀត។

លោក​ឡូយ សុផាត អភិបាលខេត្ត មាន​ប្រសាសន៍ណែនាំដល់កសិករទាំងអស់ឲ្យ​អនុវត្ត​ការងារបង្កបង្កើនផលទៅតាមមន្ទីរកសិកម្ម​ណែ​នាំឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង​ត្រូវ​ខិតខំដាំដំណាំកសិ-ឧស្សាហកម្មឲ្យបាន​ច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងធ្វើឲ្យ​ការ​ងារ​បង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។ លោក​អភិ​បាលខេត្ត បានផ្តាំផ្ញើឲ្យកសិករទាំង​អស់​​ជា​មួយ​នឹង​ការ​ទទួលបានផលហើយ កុំភ្លេចចូលរួម​សាមគ្គី​ជា​មួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ អនុ​វត្ត​គោលការណ៍៥យ៉ាងនៃភូមិ-ឃុំមាន​សុវត្តិ​ភាព ដើម្បី​ធ្វើឲ្យសង្គមគ្រួសារក៏ដូចមូលដ្ឋានរស់​នៅ​មាន​សន្តិសុខ និងសុវត្ថិភាពល្អ៕