ប្រភពព័ត៌មានផ្លូវការរាយការណ៍ថា ប៉ូលិសអាហ្វហ្គានីស្ថាន៤នាក់បានត្រូវស្លាប់កាលពីថ្ងៃទី១ មីនា នៅភាគខាងត្បូងអាហ្វហ្គានីស្ថានចំណែកទាហានអូតង់៣នាក់ស្លាប់រយៈពេល២ថ្ងៃចុងក្រោយនេះ។
សាកសពប៉ូលិសទាំង៤នាក់នោះត្រូវបានរកឃើញក្នុងចំការមួយភាគខាងកើតទីក្រុង LASHKAR GAH ទីប្រជុំជនខេត្តហែលម៉ង់។ នេះជាការបញ្ជាក់របស់មេបញ្ជាការរងប៉ូលិសខេត្តនោះ លោកអ៊ូម៉ាលូដឌីនខាន់។ ជនរងគ្រោះទាំងនេះបាត់ខ្លួនកាលពីថ្ងៃទី២៨ កុម្ភៈ ត្រូវសម្លាប់ដោយចាក់នឹងកាំបិត។ យើងពុំដឹងថាតើពួកណាដែលសម្លាប់ពួកគេឡើយ។ ប៉ូលិស៤នាក់ទៀតនៅតែបាត់ខ្លួន។
ក្រសួងការពារប្រទេសអង់គ្លេសរាយការណ៍ថា ទាហានអង់គ្លេសម្នាក់ក្នុងអង្គការអូតង់ត្រូវបាញ់ស្លាប់កាលពីថ្ងៃទី១ មីនា ពេលកំពុងដើរល្បាត ហើយត្រូវគ្រាប់របស់ពួកសត្រូវនៅភាគខាងជើង NAH-ESARAJ ខេត្តហែលម៉ង់។ ការស្លាប់របស់ទាហានអង់គ្លេសរូបនេះធ្វើឱ្យចំនួនទាហានអង់គ្លេសស្លាប់នៅអាហ្វហ្គានីស្ថានឡើងដល់៣៥៨នាក់ ចាប់តាំងពីឆ្នាំ២០០១មក។
ទាហានអូតង់២នាក់ទៀតក៏ត្រូវស្លាប់ដែរ កាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមកនេះក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់នៅភាគខាងកើតប្រទេស។ អូតង់ពុំបានលាតត្រដាងពីសញ្ជាតិរបស់ទាហានទាំង២នាក់នេះឡើយ។ សរុបទាហានអូតង់៦៨នាក់បានត្រូវស្លាប់ចាប់ពីដើមឆ្នាំនេះមកនៅអាហ្វហ្គានីស្ថាន ក្នុងនោះ៣៦នាក់ក្នុងខែកុម្ភៈ ៕
ចែករំលែកព័តមាននេះ