ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវជាប់ចោទពីបទនាំអនីតិជនចេញដោយមិនស្របច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំខ្លួនមកសួរកាលពីវេលាម៉ោង៧ និង៤០នាទី ថ្ងៃទី៥ មីនា នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោសិទ្ធី ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា ការឃាត់ខ្លួនយុវជនឈ្មោះមួង ឃុនលួង អាយុ២០ឆ្នាំ រៀននៅថ្នាក់ទី១២ វិទ្យាល័យហ៊ុន សែន ខ្លាកូន ស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ដែលមានស្រុកកំណើតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ឪពុកក្មេងស្រីឈ្មោះគ.ម.ម អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១០ ដោយប្តឹងចោទប្រកាន់យុវជននេះនាំពង្រត់កូនស្រី ។ ឪពុកក្មេងស្រីនិយាយថា តាមរកឃើញកូនស្រីរបស់ខ្លួននៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេកដែលជាស្រុកកំណើតរបស់ឈ្មោះមួង ឃុនលួង ហើយនាំខ្លួនពួកគេទាំង២នាក់មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
លោកវរសេនីយ៍ឯកពូន សានិត ស្នងការរងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានឱ្យដឹងថា បើតាមការរៀបរាប់បំភ្លឺរបស់ឈ្មោះមួន ឃុនលួង និងក្មេងស្រីគ.ម.ម ឱ្យសមត្ថកិច្ចដឹងថា ពួកគេទាំង២នាក់បានទំនាក់ទំនងស្រឡាញ់គ្នាតាំងពីខែកុម្ភៈឆ្នាំ២០១០មានរយៈពេលមួយឆ្នាំជាងមកហើយ ធ្លាប់ដើរលេងជាមួយគ្នាជាញឹកញាប់ផងដែរ ។ ការមានទំនាក់ទំនងគ្នានេះ ក៏ត្រូវបានឪពុកម្តាយរបស់នាងហាមឃាត់ ។ លុះព្រឹកថ្ងៃទី៥ មីនា ឆ្នាំ ២០១១ ពួកគេបាននាំគ្នាជិះម៉ូតូឌុបទៅភូមិទ្រាស ហើយបានសន្យាយកគ្នាជាប្តីប្រពន្ធ ព្រមទាំងទៅសាលាឃុំឱ្យមេឃុំដឹងឮផងដែរ ។ បន្ទាប់មកក៏ត្រូវឪពុកខាងស្រីតាមស្វែងរកឃើញក៏នាំពួកគេមកស្នងការដ្ឋាននគរបាលខេត្តរួចចាប់ផ្តើមប្តឹងចោទប្រកាន់តែម្តង ។
លោកស្នងការរងបានបញ្ជាក់ថា ផ្អែកតាមការបំភ្លឺរបស់អ្នកទាំង២ខាងលើអាចឱ្យសមត្ថកិច្ចសន្និដ្ឋានថា ឈ្មោះមួន ឃុនលួង ពិតជាបានប្រព្រឹត្តនូវអំពើនាំយកអនីតិជនចេញដោយមិនស្របច្បាប់ប្រាកដមែន ។ បច្ចុប្បន្នយុវជនជាប់ចោទត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី មានវិធានការតាមច្បាប់។ រឿងរ៉ាវខាងលើនេះ វាអាស្រ័យក្មេងស្រីមានអាយុក្រោម១៦ឆ្នាំ ដែលច្បាប់ចាត់ទុកថា ជាអនីតិជន ។ ទោះបីជានាងអះអាងមុខប៉ូលិស ឬតុលាការថា ពួកគេស្រឡាញ់គ្នា ក៏មិនអាចបំពេញបំណងបានដែរ ហើយយុវជនដែលជាប់ពាក់ព័ន្ធ នឹងបញ្ហានេះក៏មិនអាចគេចផុតពីទោសដែរ ។ នេះជាមេរៀនសម្រាប់យុវវ័យដែលមិនគប្បីដុតកំដៅស្នេហាឱ្យក្លាយជាភ្លើងឡើយ ។ បើសិនជាស្រឡាញ់គ្នាស្មោះស្ម័គ្រ គួរតែរង់ចាំអាយុរបស់ខ្លួនស្ថិតក្នុងគតិច្បាប់ ទើបអាចធានាពីសិទ្ធិសម្រេចរបស់ខ្លួនបាន ។ ពាក្យចាស់ថា បើស្រឡាញ់ពិតមែន ទោះបីរង់ចាំ១០ឆ្នាំទៀតក៏មិនយូរដែរ ៕
ចែករំលែកព័តមាននេះ