រាជធានីភ្នំពេញ ៖ ប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១១ បានធ្វើសន្និសីទកាសែតបង្ហាញមុខមន្ត្រីយោធាម្នាក់ឈ្មោះសៅ សុខ ហៅឡាច វុទ្ធី អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលយកឈ្មោះមន្ត្រីជាន់ខ្ពស់ទៅប្រើប្រាស់ក្នុងគោលបំណងរំលោភយកដីព្រៃចំនួន៥ហិកតានៅភូមិតាគ្រក់។
យោងតាមការឱ្យដឹងពីមន្ត្រីប៉ូលិសក្នុងសន្និសីទកាសែតថា ការចាប់ខ្លួនមន្ត្រីយោធានោះកាលពីថ្ងៃទី២៨ កុម្ភៈ គឺយោងតាមពាក្យបណ្តឹងរបស់លោកសេង ទៀង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានប្តឹងមន្ត្រីយោធានេះយកឈ្មោះរបស់លោកទៅប្រើប្រាស់ក្នុងគោលបំណងរំលោភយកដីព្រៃរបស់រដ្ឋចំនួន៥ហិកតាស្ថិតនៅក្នុងភូមិតាគ្រក់ ឃុំត្រែង ។ មន្ត្រីយោធានោះបានប្រើបង្គោលរបងបោះលើដីព្រៃចំនួន៥ហិកតាដោយសរសេរឈ្មោះលោកសេង ទៀង ដាក់លើបង្គោលនោះតែម្តង។
ប៉ូលិសបន្តទៀតថា តាមចំលើយសារភាពរបស់មន្ត្រីយោធានោះថា គេសរសេរឈ្មោះលោកសេង ទៀង នៅលើបង្គោលរបងក្នុងគោលបំណងដើម្បីបន្លាចមន្ត្រីអាជ្ញាធរឱ្យកោតខ្លាច តែមិនមានទាក់ទងនឹងលោកសេង ទៀងទេ ៕
ចែករំលែកព័តមាននេះ