ខេត្តបាត់ដំបង ៖ ជនជាតិបារាំងម្នាក់បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែដោះសំលៀកបំពាក់អស់រួចចូលទៅត្រាំក្នុងទឹកពាងអ្នកស្រុក ហើយស្រែករារាំងមិនឱ្យមានអ្នករំខានគេ ។ ហេតុការណ៍គួរឱ្យហួសចិត្ត និងចង់សើចនេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ មីនា នៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខាងជើងផ្សារណាត់ ។
សាក្សីឱ្យដឹងថា បុរសនោះពេលដើរសុខៗស្រាប់តែដោះខោអាវស្ទុះចូលទៅត្រាំទឹកពាងនៅខាងមុខផ្ទះរបស់ឈ្មោះអ៊ុំ វុន ភេទស្រី អាយុ៧៤ឆ្នាំ ។ បុរសនោះបង្ហាញចរិតកាចសាហាវពេលមានមនុស្សរាប់សិបនាក់ផ្អើលចោមរោមមើល ។ ម្ចាស់ផ្ទះឈ្មោះអ៊ំ វុន និយាយថា គាត់ព្យាយាមបណ្តេញបុរសស្បែកសស្រាតននលគកនោះចេញពីក្នុងពាងទឹករបស់គាត់ ប៉ុន្តែគេស្រែកគំរាម ហើយបាចទឹកដាក់គេឯងមិនឱ្យចូលទៅជិតគេ ។ ដោយសារតែមិនអាចបណ្តេញជនឡប់សតិនេះចេញពីក្នុងពាងបានទើបគាត់រាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។
នៅកន្លែងកើតហេតុគេឃើញជនបរទេសអាក្រាតកាយនោះអង្គុយក្នុងពាងអើតតែក្បាលខណៈមនុស្សរាប់សិបនាក់ចោមរោមមើល ។ លុះប្រហែលជាងកន្លះម៉ោងក្រោយមានជនជាតិបារាំង២នាក់ទៀតជាមិត្តភក្តិទៅជួយសំរួល ហើយសមត្ថកិច្ចក៏ទៅដល់ជួយអន្តរាគមន៍ផងដែរ ។ មិត្តភក្តិ២នាក់នោះនិយាយថា បុរសស្រាតចូលពាងនោះឈ្មោះជេ មី អាយុ២៧ឆ្នាំ ។ ពួកគេជាភ្ញៀវទេសចរមកដល់ខេត្តបាត់ដំបង១ខែហើយ ។ ជេមីមានរោគផ្លូវចិត្ត ហើយតែងតែធ្វើទុក្ខបែបនេះញឹកញាប់ក្នុងរយៈពេលយ៉ាងយូរ២ថ្ងៃម្តង ហើយមិត្តភក្តិព្យាយាមជួយសំរួលអារម្មណ៍ជានិច្ច ។ មិត្តភក្តិ២នាក់នោះទាញជេមីចេញពីក្នុងពាង រួចបោះខោអាវឱ្យស្លៀកពាក់វិញ ។ បន្ទាប់មកមិត្តភក្តិនាំជេមីទៅអង្គុយលើចិញ្ចើមផ្លូវមួយសន្ទុះទើបនាំទៅកន្លែងស្នាក់នៅវិញ ៕



ចែករំលែកព័តមាននេះ