រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មីនា ២០១១ គណៈកម្មការចម្រុះសាលាខណ្ឌដូនពេញ ដឹកនាំដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ លោកហែម រិទ្ធី នាយករងរដ្ឋបាលខណ្ឌដូនពេញព្រមទាំងមន្ត្រីជំនាញបានធ្វើការបិទទ្វារផ្ទះសំណាក់យីហោម៉ីហួរមានទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ក្រោយពីសាលាខណ្ឌដូនពេញ ផ្អាកអាជីវកម្មផ្ទះសំណាក់នេះពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ។
លោកហែម រិទ្ធី នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញបានឱ្យដឹងថា ការបិទអាជីវកកម្មផ្ទះសំណាក់យីហោម៉ីហួរ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ គឺយោងតាមដីកាលេខ២៦០០តព្រ ចុះថ្ងៃទី៣ មីនា២០១១ ចុះហត្ថលេខាដោយលោកអឿង សៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ គួររំលឹកថា កាលពីថ្ងៃទី១៥ កុម្ភៈ ២០១១ វេលាម៉ោង១០និង១០នាទីព្រឹក ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយសាលាខណ្ឌដូនពេញ បានឆ្មក់ចូលបន្ទប់លេខ១A ក្នុងផ្ទះសំណាក់យីហោម៉ីហួរ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះវ៉ាង ស្រីមុំ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៣E1 ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយមិនរំខានដល់នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកឡើយ សមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់តូចនៅក្នុងកាបូបស្ត្រីនោះ ។
ផ្ទះសំណាក់ម៉ីហួរដែលមានទីតាំងលេខ២៧ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចោទពីបទចែកចាយគ្រឿងញៀន ខុសច្បាប់ និងផ្តល់ទីតាំងសម្រាប់ចែកចាយគ្រឿងញៀនខុសច្បាប់តាមមាត្រា៣៥.២ថ្មី និងមាត្រា៣៦ថ្ងៃនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ មីនា ២០១១ គណៈកម្មការចម្រុះសាលាខណ្ឌដូនពេញដឹកនាំដោយលោកហែម រិទ្ធី នាយករងរដ្ឋបាល បានធ្វើការបិទអាជីវកកម្ម ផ្ទះសំណាក់យីហោរស្មីផ្កាឈូក២ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយពីសាលាខណ្ឌឆ្មក់ចូលបង្ក្រាបជនប្រើប្រាស់គ្រឿងញៀនប្រុស-ស្រីចំនួន១១នាក់ និងម្ចាស់ផ្ទះសំណាក់ឈ្មោះព្រំ សុធា ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នត្រូវបានតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសពីបទសម្រួលទីតាំងដោយចេតនាឱ្យអ្នកដទៃប្រើប្រាស់នូវគ្រឿងញៀនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ