រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ទួលសង្កែ ចាប់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មីនា នៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅពេលត្រឡប់មកពីទិញថ្នាំញៀន ។ ខណៈពេលឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់តូច និងប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និង២ចំហៀង ព្រមទាំងម៉ូតូធុន C100 កូរ៉េ ពណ៌ក្រហម មួយគ្រឿង ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះហេង ស្រ៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
តាមប្រភពពីសមត្ថកិច្ចខណ្ឌឫស្សីកែវឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ទួលសង្កែ និងប៉ូលិសខណ្ឌឫស្សីកែវ រួមគ្នាធ្វើការល្បាតនៅក្នុងមូលដ្ឋានតាមផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែ ប្រទះឃើញជនម្នាក់ ។ ដោយមានការសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនធ្វើការត្រួតពិនិត្យ ឆែកឆេរក៏បានរកឃើញថ្នាំញៀនមួយចំនួនដែលជននេះលាក់ទុកនៅក្នុងស្តុបម៉ូតូ ហើយក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្តទៀត ។
ប្រភពដដែលបន្តថា នៅក្នុងសង្កាត់ទួលសង្កែជាភូមិសាស្ត្រស្មុគស្មាញ ហើយសមត្ថកិច្ចខណ្ឌឫស្សីកែវ តែងសហការគ្នាជាមួយប៉ុស្តិ៍ទួលសង្កែធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហេង ស្រ៊ុន បានសារភាពថា គ្រឿងញៀនដែលដកហូតនោះត្រូវរូបគាត់ទិញឱ្យមិត្តភក្តិយកទៅប្រើប្រាស់នៅក្នុងផ្ទះសំណាក់ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជននោះបន្តថា នៅយប់ថ្ងៃកើតហេតុ ខ្លួនត្រូវម៉ូយធ្លាប់ស្គាល់ដែលស្នាក់នៅផ្ទះសំណាក់បានឱ្យប្រាក់ចំនួន៣០ដុល្លារ ឱ្យមករកទិញថ្នាំញៀនយកទៅប្រើប្រាស់ ហើយខ្លួនបានជិះម៉ូតូមកសង្កាត់ទួលសង្កែទិញថ្នាំញៀនបានចំនួន៦កញ្ចប់តូច និងថ្នាំប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និង២ចំហៀង ហើយធ្វើដំណើរត្រឡប់ទៅផ្ទះ សំណាក់នោះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ