ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្បែរមាត់ស្ទឹងនាថ្ងៃបន្ទាប់ ក្រោយពីរងរបួសត្រង់ស្មងជើងដោយការផ្ទុះអាវុធរបស់កម្លាំងនគរបាលមូលដ្ឋានពេលចុះអនុវត្តដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១ មីនា ខណៈដែលជននេះកំពុងសំងំផឹកស៊ីនៅផ្ទះអ្នកភូមិ នៅចំណុចអន្លង់ត្រាង ស្ថិតក្នុងភូមិស្រែផ្តៅ ឃុំមានជ័យ ស្រុកសំឡូត ។
ជនសង្ស័យដែលស្លាប់ដោយត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចនេះត្រូវគេរាយការណ៍ថា ឈ្មោះរី រិន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិស្រែផ្តៅ ឃុំមានជ័យ ស្រុកសំឡូត ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានប្រទូស្តរ៉ាយជាមួយក្រុមសមត្ថកិច្ចមូលដ្ឋានយ៉ាងតិច៥នាក់ ដែលដឹកនាំដោយលោកគឹម ឫទ្ធី នាយនគរបាលប៉ុស្តិ៍មានជ័យ ក្នុងការចុះអនុវត្តដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសម្លាប់មនុស្ស ។
កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទពីលោកលី បួយ អធិការនគរបាលស្រុកសំឡូត ជុំវិញករណីសង្ស័យតាំងពីថ្ងៃទី២ មីនា រហូតមក ប៉ុន្តែមិនអាចសុំការបំភ្លឺបានដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល ។ រីឯលោកគឹម ឫទ្ធី នាយនគរបាលប៉ុស្តិ៍មានជ័យ ដែលដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការនេះ ក៏មិនអាចទំនាក់ទំនងបានដែរ ដោយលោកបានបិទទូរស័ព្ទ ។ ប៉ុន្តែបើតាមការបំភ្លឺពីមន្ត្រីនគរបាលខេត្តម្នាក់និយាយថា ការប្រទូស្តរ៉ាយគ្នារវាងជនសង្ស័យ និងសមត្ថកិច្ចនេះ បានធ្វើឱ្យមន្ត្រីនគរបាលម្នាក់ឈ្មោះលន សំណាង ធ្លាក់ទឹកស្ទឹងជាមួយជននោះ ហើយគ្រានោះក៏មានការផ្ទុះអាវុធ១គ្រាប់ តែគ្មានអ្នកណាបានដឹងថា ជននេះរងរបួសនោះទេ ។
ប្រភពដដែលបានបញ្ជាក់ថា ដោយសារតែយប់ងងឹតរកជននេះមិនឃើញសមត្ថកិច្ចក៏ដកថយមកវិញ លុះវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២ មីនា ទើបប្រជាពលរដ្ឋប្រទះឃើញឈ្មោះរី រិន ដេកស្លាប់ក្បែរមាត់ស្ទឹងនៅតំបន់នោះ ដោយមានស្នាមរបួសបាក់ស្មងជើងខាងស្តាំ ។ តាមការស្រង់សំដីនៅព្រឹកថ្ងៃទី៣ មីនា លោកគឹម ឫទ្ធី នាយប៉ុស្តិ៍នគរបាលឃុំមានជ័យ បាននិយាយប្រាប់មន្ត្រីសិទ្ធិមនុស្សថា ការចុះប្រតិបត្តិការនោះ រូបលោកគ្មានដីកាក្នុងដៃទេ ប៉ុន្តែលោកទទួលបញ្ជាពីលោកលី បួយ អធិការនគរបាលស្រុកសំឡូត ដែលបានប្រាប់ថា ជនឈ្មោះរី រិន នេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្ត ដូច្នេះហើយទើបលោកដឹកនាំកម្លាំងចំនួន៥នាក់ ទៅឡោមព័ទ្ធក្នុងគ្រាដែលជននេះកំពុងផឹកស៊ី ។
លោកយិន ម៉េងលី មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង និងប៉ៃលិន ដែលបានចុះទៅពិនិត្យដល់ចំណុចកើតហេតុបានថ្លែងថា បើពិនិត្យលើខ្លួនសាកសពគេឃើញមានស្នាមត្រូវគ្រាប់កាំភ្លើង AK ចំនួន២កន្លែង គឺ១-ចំស្មងជើងខាងស្តាំបែកឆ្អឹងបណ្តាលឱ្យបាក់ ២-ចំគល់ភ្លៅក្រោមគូទធ្លាយ ។ លោកម៉េង លី បាននិយាយថា លោកសង្ស័យថា អាចសមត្ថកិច្ចបាញ់បន្ថែមចំភ្លៅពីក្រោយពេលជននេះរត់ ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្តីបន្ទោសថា នេះជាការធ្វេសប្រហែសរបស់សមត្ថកិច្ចពេលចុះបំពេញការងារធំដុំបែបនេះ រហូតមានការផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្ស ប៉ុន្តែវាជាបទពិសោធន៍មួយរបស់សមត្ថកិច្ចពេលចុះបំពេញការងារ ។
លោកនិយាយថា ជនសង្ស័យនេះទំនងគ្មានដីកាចាប់ខ្លួនទេ ប៉ុន្តែអាចមានដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទី២ ព្រោះសមត្ថកិច្ចបានបង្ហាញពីដីកានេះ ។ លោកម៉េងលី បានបញ្ជាក់ថា ជនសង្ស័យឈ្មោះរី រិន នេះត្រូវតុលាការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាដែលប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ នៅភូមិអូរចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ដោយជននេះបានសម្លាប់ប្រពន្ធរបស់ខ្លួនទាំងកូនក្នុងផ្ទៃជិតគ្រប់ខែឆ្លងទន្លេ ។ ចំពោះការស្លាប់របស់ជនសង្ស័យលោកយិន ម៉េងលី បានបញ្ជាក់ថា បើយោងលើស្នាមរបួសជននេះមិនអាចស្លាប់ទេ ប៉ុន្តែដោយសារតែឈាមហូរអស់ពីខ្លួននាយប់នោះ ហើយជនសង្ស័យបានលូនមករកទឹកផឹកដោយគ្មានអ្នកជួយសង្គ្រោះ ក៏ដាច់ខ្យល់ស្លាប់ក្បែរមាត់ស្ទឹងនោះតែម្តង ៕
ចែករំលែកព័តមាននេះ