ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប កំណត់យក​ថ្ងៃ​ទី​២៩ ​មករា ​២០១២ ​​បោះ​ឆ្នោត​​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធ​សភា​​​នីតិ​កាលទី​៣

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​​​សេចក្តី​ប្រកាសរបស់​​​​គណៈ​កម្មាធិការ​​ជាតិរៀបចំ​​ការ​បោះ​ឆ្នោត​​​កាលពីថ្ងៃទី​​​១ មីនា ​២០១១​ ដែល​កោះ​​សន្តិភាព​​បានទទួល​​ចុះហត្ថលេខា​​ដោយ​លោក​​អ៊ឹម សួស្តី ប្រធាន គ.ជ.ប ​ឱ្យ​​ដឹង​ថា ​ការ​បោះ​ឆ្នោត​​​ជ្រើសតាំង​​សមាជិក​ព្រឹទ្ធ​សភា​​នីតិកាល​ទី​៣ នឹង​ត្រូវ​​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃ​​អាទិត្យ ទី​២៩ មករា ឆ្នាំ​​២០១២ ។​
សេចក្តី​​ជូនដំណឹង​​ស្តីពីកាលបរិច្ឆេទ​​នៃថ្ងៃ​​បោះ​ឆ្នោតជ្រើសតាំង​សមាជិក​​​ព្រឹទ្ធសភា នីតិ​កាល​ទី​៣ បានធ្វើ​ឡើង​​ក្រោយពី​​ព្រឹទ្ធសភា​​ បាន​កំណត់​​ពីការ​​បែង​ចែក​​អាសនៈ តាម​ភូមិ​​ភាគ​ចំនួន​៨ សម្រាប់ការបោះ​ឆ្នោត​​ជ្រើសតាំង​​សមាជិក​ព្រឹទ្ធ​​សភានីតិ​កាល​ទី​៣។ ​យោង​តាម​​សេចក្តី​សម្រេច​របស​់ព្រឹទ្ធសភា ​ចំនួនអាសនៈ​ទាំង​អស់​​​​របស់ព្រឹទ្ធសភានី​តិ​កាល​ទី​៣ មាន​​ចំនួន​​៦១​អាសនៈ ​ហើយ​អាសនៈ​ដែល​ត្រូវ​​បោះឆ្នោត​​ជ្រើស​តាំង​ត្រូវ​កំណត់ត្រឹម​​តែ​​៥៧​​អាសនៈ​ប៉ុណ្ណោះ ។​
គ.ជ.ប ​បន្ត​ថា អាសនៈ​​តាមភូមិ​​ភាគ​ទាំង​៨​រួម​មាន​ ភូមិ​​ភាគទី​១ រាជធានីភ្នំពេញ ​មាន​ចំនួន​​៦​អាសនៈ​ ​ភូមិ​ភាគទី​២ ខេត្តកំពង់​ចាម មាន​៨​អាសនៈ, ភូមិ​ភាគទី​​៣ ខេត្ត​​កណ្តាល មាន​​៥​អាសនៈ​, ភូមិ​ភាគ​ទី​៤ ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ​ សៀម​រាប ​ឧត្ត​រមានជ័យ និង​ខេត្តប៉ៃ​លិន​​ មាន​១០អាសនៈ, ភូមិ​ភាគទី​៥ ខេត្តតា​កែវ ​កំពត និង​ខេត្តកែប មាន​​៧អាសនៈ, ភូមិ​ភាគទី​៧ ខេត្ត​​កំពង់​​ស្ពឺ កំពង់ឆ្នាំង ពោធិ៍​សាត់ ​កោះកុង និង​​ខេត្ត​ព្រះសីហនុ ​មាន​៨អាសនៈ និង​ភូមិ​ភាគ​​ទី​៨ ខេត្ត​កំពង់ធំ ​ព្រះវិហារ ​ក្រចេះ​ ស្ទឹង​ត្រែង រតន​គិរី និង​ខេត្ត​​មណ្ឌល​គិរី មាន​​៦អាសនៈ ។​
គួររំលឹក​ថា ការបោះឆ្នោត​​ជ្រើសតាំង​​សមា​ជិកព្រឹទ្ធ​សភា​​​ត្រូវ​ធ្វើឡើង​​ជា​លក្ខណៈ​​អសកល ។ ​ពោលគឺ​មានតែ​សមាជិក​ក្រុមប្រឹក្សា​​​ឃុំ​-​សង្កាត់​​សរុប​ចំនួន​​១១.៣៥៣​នាក់ និង​​សមាជិក​រដ្ឋសភា (អ្នកតំណាង​​រាស្ត្រ) ចំនួន​​​១២៣​រូប​ប៉ុណ្ណោះ ​ជា​អ្នកបោះឆ្នោតជ្រើសតាំង​​សមាជិ​ក​ព្រឹទ្ធ​សភា​ចំនួន​​៥៧​រូប​ ក្នុងចំណោម​​សមាជិក​ព្រឹទ្ធ​សភា​​​សរុប​​​៦១​រូប ។​
យោង​តាមច្បាប់​​សមាជិក​ព្រឹទ្ធ​សភា​៦១​រូប​ ​គឺមាន​​សមាជិកព្រឹទ្ធសភា​​​២រូប ត្រូវ​បានតែ​ង​តាំង​​ដោយព្រះមហាក្សត្រ, ២រូបទៀត​ត្រូវ​បាន​រដ្ឋសភា​​ជ្រើសតាំង​​តាមមតិ​​ភាគច្រើន​​ និង​​៥៧​រូប ត្រូវបានជ្រើសតាំង​​តាមការ​បោះឆ្នោត​​ជា​អសកល ៕