ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កំទេច​​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ និង​ទំនិញ​ក្លែង​បន្លំ​ខូច​គុណ​ភាព

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ គ្រឿង​ឧបភោគ​បរិភោគ​ និង​ផលិត​ផល​ក្លែង​បន្លំ​ខូច​គុណ​ភាព​​រួម​មាន សាប៊ូ​ដប​ម៉ាក ​«ពពែសឈរ» ចំនួន​៥០​ដប ព្រម​ទាំង​ទឹក​ម្ទេស​ចំនួន​១៦២​ដប និង​ស្លាក​សញ្ញា​ចំនួន​២៤.២០០​សន្លឹក ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ធ្វើ​ការ​ដុត​កំទេច​ចោល​នៅ​ទីលាន​​ចាក់​សំរាម​ ក្នុង​ភូមិ​អន្លង់​​២ ឃុំ​​ត្រពាំង​ធំ ស្រុក​​ប្រាសាទ​បាគង កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ តុលា កន្លង​ទៅ

ខេត្ត​សៀមរាប ៖ គ្រឿង​ឧបភោគ​បរិភោគ​ និង​ផលិត​ផល​ក្លែង​បន្លំ​ខូច​គុណ​ភាព​​រួម​មាន សាប៊ូ​ដប​ម៉ាក ​«ពពែសឈរ» ចំនួន​៥០​ដប ព្រម​ទាំង​ទឹក​ម្ទេស​ចំនួន​១៦២​ដប និង​ស្លាក​សញ្ញា​ចំនួន​២៤.២០០​សន្លឹក ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ធ្វើ​ការ​ដុត​កំទេច​ចោល​នៅ​ទីលាន​​ចាក់​សំរាម​ក្នុង​ភូមិ​អន្លង់​​២ ឃុំ​​ត្រពាំង​ធំ ស្រុក​​ប្រាសាទ​បាគង កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ តុលា កន្លង​ទៅ។
លោក​វរ​សេនីយ៍​ទោ សឿន សេន នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ការ​ដុត​កំទេច​ចោល​គ្រឿង​​ឧបភោគ​បរិភោគ​ និង​ទំនិញ​ក្លែង​បន្លំ​-ខូច​គុណ​ភាព​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កំលាំង​សមត្ថ​កិច្ច​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​កន្លង​មក។

ទឹក​ម្ទេស​ចំនួន​១៦២​ដប និង​​ស្លាក​សញ្ញា​ចំនួន​២៤.២០០​សន្លឹក ត្រូវ​បាន​​ដក​ហូត​​ពី​សិប្ប​កម្ម​មួយ​នៅ​ក្នុង​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប និង​សិប្ប​កម្ម​មួយ​ទៀត​នៅ​ក្នុង​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទ​បាគង៉។ ដោយ​ឡែក​សាប៊ួ​​ដប​ម៉ាក​ពពែ​សឈរ ចំនួន​៥០​ដប ដែល​ជា​ផលិត​ផល​ក្លែង​បន្លំ គឺ​ត្រួត​ពិនិត្យ​ដក​ហូត​ពី​ទី​​តាំង​ស្តុក​លក់​ចែក​ចាយ​មួយ​កន្លែង​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​ជន​ខិល​ខូច​ប្រមូល​ទិញ​យក​ដប​ចាស់ៗ​មក​ច្រក​ទឹក​សាប៊ូ​បន្លំ​ខុស​ពី​ស្តង់​ដា​ដើម ហើយ​ដឹក​​​ជញ្ជូន​លក់​ចែក​ចាយ​នៅ​តាម​បណ្តា​ខេត្ត-​ក្រុង។

ទីតាំង​ធំ​ដែល​ជន​​ខិល​ខូច​ផលិត​សាប៊ូ​​ដប​ក្លែង​បន្លំ​ម៉ាក​«ពពែ​សឈរ» គឺ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​បាន​ត្រូវ​​សមត្ថកិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញ ធ្វើ​ការ​បង្ក្រាប​ឃាត់​ខ្លួន​ជន​ល្មើស​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រួច​ហើយ​ ហើយ​ដោយ​មាន​កិច្ច​សហ​ការ​​ចង្អុល​បង្ហាញ​ពី​សំណាក់​តំណាង​ក្រុម​​​ហ៊ុន​ជា​ដើម​បណ្តឹង​ ទើប​សមត្ថ​កិច្ច​ត្រួត​ពិនិត្យ​ដក​ហូត​បាន​ផលិត​ផល​ក្លែង​បន្លំ​ខូច​គុណ​ភាព​ដូច​ខាង​លើ​។ លោក​វរ​សេនីយ៍​ទោ សឿន សេន បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​ក្នុង និង​​ក្រៅ​ខេត្ត​ មុន​ពេល​​ទិញ​ផលិត​ផល​ផ្សេងៗ​ដូច​ជា​គ្រឿង​សំអាង ឬ​ថ្នាំ​ពេទ្យ​ជា​ដើម​ត្រូវ​ត្រួត​​ពិនិត្យ​មើល​​កាល​បរិច្ឆេទ​ឱ្យ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ​​ចៀស​វាង​ប៉ះ​ចំ​លើ​ទំនិញ​ក្លែង​បន្លំ និង​ខូច​គុណ​ភាព៕