ខេត្តក្រចេះ ៖ មន្ដ្រីនគរបាលចំនួន៣០រូបបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញពន្លត់អគ្គីភ័យថ្នាក់មូលដ្ឋាន មានរយៈពេលពីរថ្ងៃជាប់គ្នាក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការ អេ ហ្វាយ អើ របស់ប្រទេសអូស្ដ្រាលីទាំងសំភារ និងគ្រូបង្គោលជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រារព្ធពិធីបិទកាលពីល្ងាចថ្ងៃទី២២ ខែមីនា ដោយមានមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដ លោកវរសេនីយ៍ឯក ផន ភា នាយករងវិទ្យាស្ថាននៃបណ្ឌិត្យសភានគរបាលកម្ពុជា លោកវរសេនីយ៍ឯកច្រឹង ផល្លី ស្នងការរងទទួលបន្ទុកអគ្គីភ័យ ព្រមទាំងគ្រូបង្គោល និងសិក្ខាកាមជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ផន ភា នាយករងវិទ្យាស្ថាននៃបណ្ឌិត្យសភានគរបាលកម្ពុជា បានឡើងធ្វើបទអន្ដរាគមន៍ឱ្យដឹងថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលពន្លត់អគ្គីភ័យថ្នាក់មូលដ្ឋានរយៈពេលពីរថ្ងៃនេះ ទទួលបានលំហាត់របៀបពីគ្រូបង្គោលចំនួនបួនជំនាញ គឺជំនាញផ្នែកបោះទុយោ ជំនាញសង្គ្រោះ ជំនាញឡើងជណ្ដើរ និងជំនាញបាញ់ទឹក ហើយលំហាត់របៀបទាំងនេះ គឺសិក្ខាកាមបានទទួលការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្គោលជំនាញៗមកពីប្រទេសអូស្ដ្រាលីជាច្រើនរូប។ ជាមួយគ្នានេះ សិក្ខាកាមក៏បានទទួលនូវសំភារប្រើប្រាស់រួមមានខោអាវ និងមួកក្នុងម្នាក់មួយកំប្លេផងដែរ។
លោកជេមី ហេនស៊ីន ប្រធានអង្គការអេហ្វាយ អើ បានមានប្រសាសន៍ថា រយៈពេលពីរថ្ងៃជាប់គ្នា នេះទាំងសិក្ខាកាមនិងគ្រូបង្គោលបានរៀនហ្វឹកហាត់ធ្វើលំហាត់របៀបទាំងបួនមុខជំនាញនេះយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត ។ ក្នុងនាមលោកជាម្ចាស់ជំនួយលោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងមានការយល់ដឹងច្រើនពីការជួយសង្គ្រោះទៅលើគ្រោះអគ្គីភ័យបន្ថែមទៀតពីលើចំណេះដឹងដែលមានសព្វថ្ងៃ។ លោកប្រធានអង្គការបានបញ្ជាក់ថា នេះជាលើកទីមួយហើយសម្រាប់អង្គការរបស់លោកដែលបានមកដល់ប្រទេសកម្ពុជា និងបានធ្វើការឧត្ថម្ភទាំងសំភារនិងស្មារតីជួយដល់មន្ដ្រីនគរបាលខេត្ដក្រចេះ ទៅលើជំនាញផ្នែកពន្លត់អគ្គីភ័យថ្នាក់មូលដ្ឋាននេះ។
ថ្លែងនៅក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលជំនាញពន្លត់អគ្គីភ័យថ្នាក់មូលដ្ឋាននាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដបានមានប្រសាសន៍ថា ទោះបីជាការហ្វឹកហាត់មានរយៈពេលខ្លី តែលោកសង្ឃឹមថា នគរបាលជំនាញជាសិក្ខាកាម នឹងបានទទួលជំនាញបន្ថែមទៀតពីលើទេពកោសល្យចាស់ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំក្នុងការងារមនុស្សធម៌ដោយប្រើប្រាស់ជំនាញខ្លួនដែលមានសម្រាប់បម្រើប្រជាពលរដ្ឋ អ្នករងគ្រោះដើម្បីឱ្យពួកគាត់កាន់តែមានជំនឿលើមន្ដ្រីនគរបាល ទាំងវិន័យ សីលធម៌ វិជ្ជាជីវៈ ជាពិសេសមនុស្សធម៌៕



ចែករំលែកព័តមាននេះ