ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លែង​ខ្មែរ​ចូលរួម​បង្ហោះ​នៅ​ក្នុង​មហោស្រព​ខ្លែង​អន្ដរជាតិ​នាទី​ក្រុង​ជ​ហរ ប្រទេស​ម៉ា​ទ្បេ​ស៊ី

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីក្រុង​ថ្មី “​ជ​ហរ​” នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​រៀបចំ​មហោស្រពខ្លែង​អន្ដរជាតិ​កាលពី​ថ្ងៃ​ទី​២៩ មក​រា រហូត​ដល់ថ្ងៃ​ទី​៨ កុម្ភៈ ២០១០ ដោយ​មាន​ប្រទេសប្រមាណ​១៩ នៅ​ទ្វីបអាស៊ី អូ​សេ​អា​នី អា​មេរិ​ក និង​អឺរ៉ុប ក្នុង​នោះ​មាន​អ្នក​បង្ហោះ​ខ្លែងប្រមាណ​៨៧​នាក់​ចូលរួម​។

រាជធានី​ភ្នំពេញ ៖ នៅ​ទីក្រុង​ថ្មី “​ជ​ហរ​” នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​រៀបចំ​មហោស្រពខ្លែង​អន្ដរជាតិ​កាលពី​ថ្ងៃ​ទី​២៩ មក​រា រហូត​ដល់ថ្ងៃ​ទី​៨ កុម្ភៈ ២០១០ ដោយ​មាន​ប្រទេសប្រមាណ​១៩ នៅ​ទ្វីបអាស៊ី អូ​សេ​អា​នី អា​មេរិ​ក និង​អឺរ៉ុប ក្នុង​នោះ​មាន​អ្នក​បង្ហោះ​ខ្លែងប្រមាណ​៨៧​នាក់​ចូលរួម​។ ក្នុង​ឱកាស​នោះមាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។ ចំពោះ​ប្រទេស​កម្ពុជា​យើង​ក៏​បាន​នាំខ្លែង​ចំនួន​៦​ទៅ​ចូលរួម​ដែរ គឺ​ខ្លែងឯក​ចំនួន​៤ និង​ខ្លែង​បៅ​ចំនួន​២ ដោយ​មាន​លោក​រឿង សា​រ៉េ​ត ប្រធាន​សារមន្ទីរខ្លែង និង​លោក​ខឹ​ម ផុ​ន រុង​សា អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ សិល្បៈ​ខេត្ដកោះកុង​ជា​អ្នក​ទៅ​បង្ហោះ ។

លោក​ខឹ​ម​ផុ​ន រុង​សា បានឱ្យ​ដឹង​ថា ក្រោយ​ពី​ខេត្ដកោះកុង​បើក​មហោស្រព​ខ្លែង​អន្ដរជាតិ កាលពី​ថ្ងៃ​ទី​៦ និង​ទី​៧ មក​រា ឆ្នាំ ២០១០ ទទួល​បាន​ជោគជ័យ និង​ខ្លែង​ខ្មែរខេត្ដកោះកុង​ជាប់​ចំណាត់ថ្នាក់​លេខ​១​មក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ផ្ដល់កិត្ដិយសចាត់​ឱ្យ​លោក​ស៊ឹ​ម សា​រ៉ា​ក់ អគ្គនាយក​រដ្ឋបាល និង​ហិរញវត្ថុ ដឹកនាំ​រូប​លោក និង​លោក​រឿង សា​រ៉េ​ត ប្រធាន​សារមន្ទីរ​ខ្លែងឱ្យ​នាំ​ខ្លែង​ខ្មែរ​ទៅ​ចូលរួម​បង្ហោះ​ក្នុង​ម​ហោស្រព​ខ្លែង​អន្ដរជាតិ​នៅ​ទីក្រុង​ជ​ហរ​នៃ ប្រទេស​ម៉ា​ឡេ​ស៊ី ។ ប្រទេស​នោះ​មាន​គោលបំណង​បំរើ​នយោបាយ​វិស័យ​ទេសចរណ៍ បំរើនយោបាយ “​ទីក្រុង​មួយ​បង្កើត​ព្រឹត្ដិការណ៍វប្បធម៌​មួយ​” និង “​ម៉ា​ឡេ​ស៊ី ពិតជា​អាស៊ី​” (Malaysia Truly Asia) ។ មួយ វិញទៀត ដើម្បី​ផ្លាស់​ប្ដូរ​វប្បធម៌​ខ្លែង​អន្ដរជាតិ ម​ហោស្រព​នេះ​រៀបចំ​ឡើង​ដោយ​រដ្ឋ​ជ​ហរ​បា​រូ និងក្រុមប្រឹក្សា​ខ្លែង​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំងសមាគម​ខ្លែង​ជ​ហរ ។

លោក​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដកោះកុង បន្ដ​ថា ចាប់តាំងពី​ឆ្នាំ១៩៩៤​មក ខ្លែង​ខ្មែរ​បាន​ចូលរួម​បង្ហោះ​ជាលក្ខណៈ​អន្ដរជាតិ​ជា​ច្រើន​លើក ។ ចំពោះ​ការទៅ​ចូលរួម​បង្ហោះ​នៅ​ទីក្រុង​ជ​ហរ​នៃ​ប្រទេសម៉ា​ឡេ​ស៊ី​នេះ គឺ​មិន​ត្រឹមតែ​ជា​ការ​ផ្លាស់​ប្ដូរបច្ចេកទេស និង​ទៅ​ដក​បទ​ពិសោធន៍​ពី​បណ្ដាប្រទេស​នានា​ក្នុង​ការ​បង្កើត​ខ្លែង និង​ដើម្បី អភិរក្ស​ខ្លែង​ខ្មែរ​យើង​ទេ គឺ​ដើម្បី​បង្ហាញ​អត្ដសញ្ញាណ និង​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណីខ្លែង​ខ្មែរ​ឱ្យ​បរទេស​កាន់តែ​បានឃើញ​បានស្គាល់​ច្បាស់​ឡើង និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា​យើង​ច្រើន​ថែម​ទៀត ។

លោក​រឿង សា​រ៉េ​ត ប្រធាន​សារមន្ទីរ​ខ្លែង និង​ជា​អ្នក​ធ្វើ​ខ្លែង​ខ្មែរ​បាន​ល្អ​បំផុត ដែលសាកលលោក​ទទួលស្គាល់​នោះ​មានប្រសាសន៍​ឱ្យ​ដឹង​ថា កន្លង​មក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែងតែ​បញ្ជូន​គណៈប្រតិភូខ្លែង​ខ្មែរ​ឱ្យ​នាំ​ខ្លែង​ទៅ​ចូលរួម​បង្ហោះ​ក្នុងមហោស្រព​អន្ដរជាតិ​ទាំង​ក្នុង​ទ្វីបអាស៊ី និង អឺរ៉ុប​។ ការ​ទៅ​បង្ហោះ​នោះ​ក្រៅពី​បាន​ទទួល ពានរង្វាន់​លេខ​១ លេខ​២ លេខ​៣ និង​ប័ណ្ណកិត្ដិយស​ជា​ច្រើន​កន្លង​មក បណ្ដា​ប្រទេស​នៅលើ​ឆាក​អន្ដរជាតិ តែងតែ​កោតសរសើរចំពោះ​ខ្លែង​ខ្មែរ​ថា មិន​ត្រឹមតែ​ហោះ​បាន​ខ្ពស់ល្អ​ទេ ថែម​ទាំង​មាន​សម្លេង​ឯក​ពីរោះ​គ្រលួច និង​មាន​សោភ័ណ​ភាព​រំលេច​ដោយ​ប្រាង្គប្រាសាទ​អង្គរ​ដ៏​ល្អ​ប្រណីត​ថែម​ទៀត​ផង ។

លោក​បន្ដ​ថា មហោស្រព​ខ្លែង​អន្ដរជាតិលើក​ទី​៤៥​នេះ កម្ពុជា​យើង​បាន​នាំ​យក​ខ្លែងខ្មែរ​ចំនួន​៦​ទៅ​ចូលរួមក្នុង​នោះ​ខ្លែងឯក​ចំនួន៤ និង​ខ្លែង​បៅ​ចំនួន​២ តែ​ខ្លែងឯក​មិនសូវបង្ហោះ​ទេ គឺ​ខ្លែង​បៅ​បង្ហោះ​ញឹកញាប់​ជាង ព្រោះ​ខ្លែង​បៅ លោក​ស៊ឹ​ម សា​រ៉ា​ក់ សហ​អ្នកនិពន្ធ​សៀវភៅ​ខ្លែង ទើប​ស្រាវជ្រាវ​ឃើញ ហើយ​រូប​លោកជា​អ្នក​ធ្វើ និង​គូររូប​ប្រាសាទ ព្រះ​វិហារ​លំអ​លើ​ខ្លែង​បៅ​នេះ ។

លោក​រឿង សា​រ៉េ​ត បន្ដ​ថា កម្ពុជា​ទៅចូលរួម​ក្នុង​មហោស្រព​ខ្លែង​អន្ដរជាតិ​នៅទីក្រុង​ជ​ហរ​នេះមាន​ផលប្រយោជន៍​ច្រើន ក្នុង​វិស័យ​វប្បធម៌ ប្រពៃណី និង​ទេសចរណ៍​។  ខ្លែង​បៅ​ជា​បេតិកភណ្ឌ​រូបី​ខ្មែរ​រំលេច​ដោយគំនូរ​ប្រាសាទ ព្រះវិហារ ដូច្នេះ​យើង​មានឱកាស​បង្ហាញ​ជូន​សាធារណជន​ប្រទេសម៉ា​ឡេ​ស៊ី និង​អ្នក​បង្ហោះ​ខ្លែង​អន្ដរជាតិ​មក​ពី បណ្ដា​ប្រទេស​ផ្សេង​ៗ​ឱ្យ​គេ​បាន​ស្គាល់​។ លោក​បន្ដ​ថា ក្នុង​ពិភពលោក​សម័យ​ថ្មី​នេះព្រឹត្ដិការណ៍​វប្បធម៌ ជា​មធ្យោបាយ​សំខាន់មួយ​សំរាប់​បំរើ​លើ​វិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម និង​វប្បធម៌​ប្រពៃណី​ផង​ដែរ ។ ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី បង្កើត​ព្រឹត្ដិការណ៍មហោស្រព​ខ្លែង​អន្ដរជាតិ​នេះ​ឡើង  បាន​ដាក់ពាក្យស្លោក​ថា “​ទីក្រុង​មួយ​វប្បធម៌​មួយ​” និងដើម្បី​បំរើ​ទេសចរណ៍​ពាណិជ្ជកម្ម​នៅ​ប្រទេសម៉ា​ឡេ​ស៊ី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះគេ​បាន​កំណត់ឱ្យ​ប្រទេស​របស់​គេ​ក្នុង​មួយ​ឆ្នាំ​មាន​ព្រឹត្ដិការណ៍​វប្បធម៌​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ​ឱ្យ​ចូល​ទៅ​កំសាន្ដ និង​ធ្វើ​វិ​និយោគ​ក្នុង​ប្រទេស​របស់​គេ ៕