ដែនសង្កស្សៈ(Sankassa) ជាបុរាណស្ថានដែលគេជឿថាព្រះសមណគោតម ទ្រង់បានយាងចុះពីស្ថានតាវត្តិង្សទេវលោក(ស្ថានត្រ័យត្រិង្ស)មកកាន់មនុស្សលោកវិញនៅទីនោះ ក្រោយពីព្រះអង្គទ្រង់បានសម្តែងធម៌ទេសនាប្រោសពុទ្ធមាតានិងពួកទេវតាជាច្រើនទៀតនៅស្ថានទេវលោក ។
កាលណោះ ការយាងចុះចាកទេវលោករបស់ព្រះពុទ្ធអង្គគឺជាហេតុការណ៍ដ៏អស្ចារ្យមួយ ដែលក្រោយមកបានក្លាយទៅជានិទានដ៏មានប្រជាប្រិយភាពនិងល្បីល្បាញក្នុងសិល្បៈពុទ្ធសាសនា ដោយគេជឿថា ព្រះពុទ្ធស្តេចទ្រង់យាងចុះចាកពីទេវលោកមកវិញតាមជណ្តើរជាប់គ្នាបីដោយមានព្រះព្រហ្មនិងសកទេវរាជ(ព្រះឥន្ទ)ទ្រង់យាងអមព្រះដំណើររបស់ព្រះពុទ្ធអង្គចុះមកជាមួយផង ។
តាមរូបគំនូរក្នុងរចនាបថសម័យបុរាណទាក់ទិនទៅនឹងក្រុងសង្កស្សៈនេះ គេតែងបានឃើញរូបជណ្តើរបីជាប់គ្នា ដោយមានដើមពោធិ៍មួយដើមនិងបល្ល័ង្កពេជ្រមួយនៅក្នុងនោះផង។ មានស្នាមពុទ្ធបាទ(ស្នាមជើងរបស់ព្រះពុទ្ធ) មួយនៅក្បាលជណ្តើរ និងស្នាមពុទ្ធបាទមួយទៀតនៅលើជើងជណ្តើរកណ្តាល។ នៅក្នុងរូបនោះ ក៏ឃើញមានមនុស្សម្នា មកចោមរោមរង់ចាំទទួលព្រះសក្យមុនីយាងចុះមកកាន់ស្ថានមនុស្សវិញ។ នៅក្នុងបណ្តាពួកជនទាំងនោះ ក៏រួមមានទាំងព្រះរាជា និងពួកមន្ត្រីតូចធំផង។ និទានក្នុងគម្ពីរពុទ្ធសាសនាបានឱ្យដឹងថា ព្រះពុទ្ធយាងចុះមកកាន់ផែនដីនៅឯដែនសង្កស្សៈនោះ ក្រោយពីទ្រង់បានប្រទានធម្មទេសនាធម៌អភិធម្មដល់ព្រះមាតារបស់ទ្រង់ គឺព្រះនាងមាយាទេវីនៅស្ថានតាវត្តិង្ស។ ព្រះពុទ្ធបានយាងឡើងទៅប្រទានធម្មទេសនាថ្វាយព្រះមាតានោះ គឺនៅក្រោយពីទ្រង់បានសម្តែងយមកប្បាដិហារ្យនៅក្រុងសាវត្ថី ។
កាលណោះ មានការចេញដំណើររបស់ពួកមហាជន និងការនិមន្តរបស់ព្រះភិក្ខុសង្ឃមានព្រះមោគ្គល្លានផង ពីក្រុងសាវត្ថីទៅកាន់ដែនសង្កស្សៈនោះដើម្បីទទួលព្រះពុទ្ធអង្គ ។ ការយាងចុះពីតាវត្តិង្សមកកាន់ផែនដីវិញរបស់ព្រះសក្យមុនី គឺប្រព្រឹត្តទៅចំថ្ងៃមហាបវារណា(Mahapavarana)។ នៅគ្រានោះឯង មានមហាជនអ្នកស្រុកអ្នកនគរយ៉ាងច្រើនកុះកររង់ចាំទទួលព្រះអង្គ ក្រោយពីព្រះមោគ្គល្លាន(ច្បាប់ខ្លះថាព្រះអនុរុទ្ធ)បានប្រកាសប្រាប់ពួកមហាជនយ៉ាងច្រើន រួមទាំងអ្នកស្រុកនៅក្នុងក្រុងសាវត្ថីផងឱ្យបានដឹង ។
មាននិទានមកថា ពេលនោះមានហេតុអស្ចារ្យបានកើតឡើង។ គឺមហាជនទាំងឡាយបានមើលឃើញនូវចំណែកនៃលោកធាតុដ៏ធំនេះ គឺទៅខាងលើគេអាចមើលឃើញដល់ស្ថានព្រហ្មទាំង៩ជាន់ និងខាងក្រោម អាចមើលឃើញរហូតដល់ស្ថាននរកឈ្មោះអវិចី ។ ព្រះសារីបុត្រ និងព្រះនាងឧប្បលវណ្ណាថេរី បានទទួលស្វាគមន៍ការយាងចុះដល់ផែនដីរបស់ព្រះពុទ្ធមុនគេ ។ ក្រោយពេលយាងចុះដល់ស្ថានមនុស្សវិញហើយ ព្រះពុទ្ធបានសម្តែងធម៌ទេសនាប្រោសដល់មហាជននៅពេលនោះផងដែរ ។
បើតាមព្រះភិក្ខុ ហ្វាហៀន(Fa Hien) បូជនីយេសក៍ ជនជាតិចិនដ៏ល្បីល្បាញមួយអង្គ ដែលបាននិមន្តទៅដល់ទីស្ថាននោះនៅដើមសតវត្សទី៥ បានកត់ត្រាទុកឱ្យដឹងថា នៅគ្រាដែលព្រះពុទ្ធអង្គហៀបយាងចុះចាកស្ថានសួគ៌ មកកាន់ផែនដីនេះ ទ្រង់បានសម្តែងនូវបាដិហារ្យនិម្មិតជាជណ្តើររតនវត្ថុបីជាប់គ្នា ។ ព្រះពុទ្ធទ្រង់បានយាងចុះមកតាមជណ្តើរកណ្តាលដែលនិម្មិតពីរតនៈគឺកែវ៧ប្រការ(seven preciosities)។ ព្រះព្រហ្មយាងចុះអមព្រះដំណើរទ្រង់តាមជណ្តើរខាងស្តាំដែលនិម្មិតពីមាស(ច្បាប់ខ្លះថាពីប្រាក់) ដោយមានព្រះហស្តកាន់ព្រះវីជនី(ផ្លិត)។ រីឯសកទេវរាជ គឺព្រះឥន្ទ យាងចុះអមព្រះដំណើរទ្រង់តាមជណ្តើរខាងឆ្វេងដែលនិម្មិតពីប្រាក់(ច្បាប់ខ្លះថាពីទង់ដែង) ដោយមានព្រះហស្តកាន់ក្លស់ផង ។ មានពួកទេវតាក្នុងចំនួនដ៏ច្រើនឥតគណនា ក៏បានហែហមអមព្រះដំណើរយាងចុះចាកទេវលោករបស់ព្រះពុទ្ធដែរ ។ នៅខណៈដែលព្រះពុុទ្ធយាងចុះមកដល់ជាន់ផែនដីភ្លាមជណ្តើរទាំងបីនោះ ក៏អន្តរធានលិចបាត់ទៅក្នុងផែនដីភ្លាមទៅដែរ នៅសល់តែ៧កាំប៉ុណ្ណោះ ។ ព្រះមហាសមណៈបូជនីយេសក៍ ជនជាតិចិនអង្គនោះបានបន្តទៀតថា ព្រះបាទអសោកបានសាងសថូបមួយនៅត្រង់ទីជណ្តើរនោះ និងបានសាងពុទ្ធបដិមាមួយព្រះអង្គនៅត្រង់ជណ្តើរកណ្តាលនៃជណ្តើរទាំងបី ។ នៅក្រោយសថួបនោះ ស្តេចអសោកបានសាងសសរស្តម្ភថ្មមួយ មានកម្ពស់ជាង១៨ម៉ែត្រ ដែលនៅលើកំពូលសសរនោះ មានសាងរូបតោថ្មមួយ ហើយនិងមានបដិមា៤អង្គនៅតាមជ្រុងទាំងបួនរបស់សសរថ្មនោះផង។
ព្រះភិក្ខុហ្វាហៀន ក៏បានកត់ត្រាឱ្យដឹងដែរថា គេឃើញមានសថូប និងអារាមស្ថានឯទៀតជាច្រើននៅក្នុងតំបន់នោះដែរ ហើយព្រះអង្គបានបញ្ជាក់ថា មានព្រះសង្ឃប្រហែល១.០០០អង្គគង់នៅ… ក្នុងនោះមានទាំងពួកភិក្ខុសង្ឃហីនយាន និងមហាយានផង ។ ក្រោយមកទៀត នៅពេលដែលបួជនីយេសក៍ ជនជាតិចិន ដ៏ល្បីព្រះនាមមួយអង្គទៀត គឺព្រះភក្ខុហួន សាង (Huen Tsang) បាននិមន្តទៅដល់នគរសង្កស្សៈនៅគ្រិស្តសករាជ៦៣៦ គេនៅឃើញមានសថូបមួយចំនួននៅឈរបង្ហាញរាងនៅឡើយ។ ព្រះអង្គបានកត់ត្រាទុកឱ្យដឹងថា នៅទិសសខាងកើតក្រុងក្នុងចម្ងាយផ្លូវប្រហែល២០លី (រង្វាស់បុរាណចិន ស្មើនឹង៥០០ម៉ែត្រ) គេឃើញមានអារាមសម្រាប់ព្រះភិក្ខុសង្ឃគង់នៅធំមួយ ដែលមានអគារកុដិសាលាល្អៗ ហើយនៅទីនោះ មានរូបគំនូរល្អឆើតដែលមានទាំងរូបគំនូរពិសិដ្ឋអំពីព្រះពុទ្ធផង ជាស្នាដៃវិចិត្រករប្រកបដោយទេពកោសល្យដ៏អស្ចារ្យ ។ មានព្រះសង្ឃប្រហែល១.០០០អង្គគង់នៅក្នុងទីនោះ កំពុងសិក្សាតាមគោលការណ៍ពុទ្ធសាសនាខាងសម្មត្យនិកាយ (Sammatya School)នោះ ហើយក៏ឃើញមានពួកគ្រហស្ថជាច្រើននាក់រស់នៅជិតៗទីអារាម ដែលព្រះសង្ឃគង់នៅនោះដែរ។ ព្រះភិក្ខុហួន សាង បាននិទានបន្តថា នៅក្នុងទីបរិវេណដ៏ធំរបស់អារាមនោះ គេឃើញមានជណ្តើររតនវត្ថុបី តាំងនៅតម្រៀបជិតៗគ្នាពីជើងទៅត្បូងដោយមុខ គឺខាងផ្នែកមានកាំជាន់ចុះឡើងរបស់វា បែរទៅទិសខាងលិច។
«គឺទីនោះឯងហើយដែលព្រះតថាគត បានយាងចុះពីស្ថានត្រ័យត្រិង្សមកដល់ផែនដីនេះវិញ ក្រោយពីព្រះអង្គបានយាងទៅកាន់ទេវលោកដើម្បីប្រទានធម្មទេសនាអស់វេលាបីខែដល់ពព្រះមាតារបស់ព្រះអង្គ »។ ទីតាំងច្រកទ្វារនៃក្រុងសង្កស្សៈ គឺជាចំណុចផែនដីដែលមិនរំកិលផ្លាស់ប្តូរទី(អចលចេតិយ) ដែលព្រះពុទ្ធគ្រប់ៗអង្គតែងបានយាងចុះមកកាន់ស្ថានមនុស្សលោកវិញ នៅត្រង់ចំណុចដដែលនេះឯងក្រោយពីប្រទានធម្មទេសនាធម៌អភិធម្ម នៅស្ថានទេវលោក ។
ព្រះភិក្ខុ ហួន សាង ក៏បានកត់ត្រាលើការនិទានទាក់ទិនការយាងចុះពីស្ថានសួគ៌របស់ព្រះពុទ្ធនោះ មកនិទានប្រាប់ឱ្យដឹងដែរថា… នៅគ្រាព្រះសម្ពុទ្ធ បានយាងចាកចេញពីសាលាសធម្មាហើយចុះតាមជណ្តើរនិម្មិតមកកាន់មនុស្សលោកវិញនោះ មានពួកទេវតាដ៏ច្រើនកុះករ រួមអមព្រះដំណើរមកផង ហើយមានពួកទេវតាបាចផ្កានិងច្រៀងសរសើរពុទ្ធគុណផង ។
បើតាមការនិទានប្រាប់របស់ព្រះភក្ខុ ហួន សាងនេះ គេអាចសន្និដ្ឋានថា ក្រោយពីព្រឹត្តិការណ៍នោះកន្លងផុតទៅ អំឡុងប៉ុន្មានសតវត្សរ៍ ជណ្តើរនោះនៅតែត្រូវគេមើលឃើញនៅឡើយ តែក្រោយមក វាបានលិចកប់បាត់ទៅក្នុងដី។ ក្រោយពីជណ្តើររតនៈនោះបានលិចទៅក្នុងដីបាត់ហើយ ព្រះរាជា ព្រះអង្គម្ចាស់មួយចំនួននៃតំបន់ជិតខាងនោះ បានមានការសោកស្តាយ ហើយក៏បានសាងសង់ជណ្តើរអំពីដីឥដ្ឋនិងថ្ម និងលំអដោយរតនវត្ថុខ្លះៗឱ្យមើលទៅឃើញស្រដៀងគ្នាទៅនឹងជណ្តើរដើម នៅលើកន្លែងចាស់នៃជណ្តើរ(ទាំងបីនោះ) ជំនួសវិញ ។ ជណ្តើរក្រោយនេះ មានកម្ពស់ជាង២១ម៉ែត្រកន្លះហើយនៅត្រង់ទីជណ្តើរនោះមានសាងវិហារមួយ ដែលតម្កល់បដិមាថ្មមួយអង្គ និងមានសាងរូបព្រះឥន្ទ និងព្រះព្រហ្មអមផង ។
បច្ចុប្បន្ន ទីស្ថានប្រវត្តិសាស្ត្រនេះគឺជាទីទួលខ្ពស់ធំមួយ(៤០០មែ៉ត្រគុណនឹង៣០០ម៉ែត្រ កម្ពស់១២ម៉ែត្រ) ដែលមានខឿនឥដ្ឋសាងសង់ព័ទ្ធជុំវិញ ហើយមានកាំជណ្តើរសម្រាប់ឡើងទៅលើទួល ដែលទីនោះឯងអាចជាចេតិយដែលព្រះភិក្ខុ ហ្វា ហៀន និងហួន សាង បានកត់ត្រាទុក មកនោះ ។ គេឃើញនៅមានដើមពោធិ៍ពីរបីដើមមានខឿនជញ្ជាំងឥដ្ឋ ដែលគេរៀបជុំវិញទីនោះ និងនៅកន្លែងខ្លះមានពុទ្ធបដិមាផង។ សព្វថ្ងៃ ទីតាំងទាំងមូលត្រូវបានកំណត់ទុកជាទីស្ថានប្រវត្តិសាស្ត្រ ហើយកំពុងត្រូវបានអភិរក្សដោយរដ្ឋាភិបាលប្រទេសឥណ្ឌា។
កំណាយបុរាណវត្ថុវិទ្យា បានត្រូវធ្វើឡើងក្នុងទីវាលក្បែរៗនោះ បានរកឃើញផ្នែកខ្លះនៃដំណែលគ្រឹះសំណង់អារាមបុរាណ ។ កំណាត់នៃសសរស្តម្ភរបស់ព្រះបាទអសោក ក៏បានត្រូវរកឃើញនិងត្រូវតម្កល់តាំងបង្ហាញឱ្យភ្ញៀវមើលនៅជិតទីនោះដែរ ។ នៅខាងជើងទីទួលនោះប្រហែលជិត៣០០ម៉ែត្រ មានទីទួលមួយទៀតដែលមានខឿនឥដ្ឋគ្រឹះអារាមបុរាណមួយដែរ។ រីឯនៅទិសខាងកើតវិញស្ថិតក្នុងចម្ងាយជិត២០០ម៉ែត្រ ក៏មានទួលមួយកន្លែងទៀតដែលមានបណ្តោយ១៨២ម៉ែត្រ គុណនឹង៥២ម៉ែត្រ ក៏អាចជាដំណែលអារាមមួយផ្សេងទៀត ។ ចំណែកឯនៅខាងទិស|សាននិងអាគ្នេយ៍វិញ មានទួលចេតិយជាច្រើនផ្សេងទៀតដែរ ។ នេះបើតាមលោកគុន្នីង ហាម អ្នកបុរាណវិទ្យាជនជាតិអង់គ្លេសដែលបានដឹកនាំធ្វើកំណាយនៅទីនោះ។
ជាទូទៅ គេសង្កេតឃើញថា ទីស្ថាននេះទាំងមូលសម្បូរទៅដោយទីទួលដែលមានដំណែលគ្រឹះឥដ្ឋសំណង់ដែលជាសថូបជាចេតិយ ឬទីអារាមបុរាណ ។ គេក៏បានរកឃើញកាក់ស្ពាន់រូបិយវត្ថុបុរាណ និងគ្រឿងកុលាលភាជន៍ រូបបដិមាអំពីដីដុត និងមានរូបចម្លាក់នៅលើបាតគ្រឹះត័លសិលា (Soapstone) ដែលបង្ហាញអំពីរូបជណ្តើរនិងរូបភិក្ខុនីព្រមទាំងពុម្ពរូប និងចានថ្ម។
នៅគ្រាសព្វថ្ងៃនេះ បុរាណស្ថានសង្កស្សៈស្ថិតនៅក្នុងស្រុកមួយឈ្មោះហ្វារូខាបាដ មានចម្ងាយផ្លូវប្រមាណជាង៤០គីឡូម៉ែត្រ ពីក្រុងកានុជ និងស្ថិតនៅក្នុងចម្ងាយផ្លូវប្រមាណ១៨០គីឡូម៉ែត្រ ខាងលិចក្រុងឡាក់ណូ ភាគខាងជើងនៃប្រទេសឥណ្ឌា ក្នុងរដ្ឋឧត្តារាប្រាដេស។
ដោយសារមានរឿងជាប់ទាក់ទងទៅនឹងព្រះពុទ្ធ និងដែលមានដំណែលសំណង់វត្តអារាមពុទ្ធសាសនា និងចេតិយបុរាណមួយចំនួនត្រូវបានប្រទះឃើញមានទៅទីនោះផង បុរាណស្ថានសង្កស្សៈ បានក្លាយទៅជាពុទ្ធបូជនីយដ្ឋានយ៉ាងសំខាន់មួយនៅលើទឹកដីឥណ្ឌា៕ ទស្សនាវដ្តីឥណ្ឌាសង្ខេបលេខ២២ កញ្ញា ២០១១
ចែករំលែកព័តមាននេះ