រាជធានីភ្នំពេញ ៖ ស្ត្រីបុគ្គលិកមន្ទីរពេទ្យសម្តេចឪម្នាក់ដោយសារតែមានវិបត្តិនៅកន្លែងធ្វើការបានសម្រេចចិត្តចង.កធ្វើអត្តឃាតក្នុងលំនៅឋានរបស់ខ្លួន លេខ៣ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ កាលពីព្រលប់ថ្ងៃទី១៤ មីនា ២០១១ បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ផងដែរ ។
បុគ្គលិកពេទ្យដែលគិតខ្លីនេះឈ្មោះជឹង គឹមហួយ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ តាមប្រភពព័ត៌មានទាក់ទិននឹងការស្លាប់របស់នាងជឹង គឹមហួយ បានឱ្យដឹងថា មុនពេលនាងសម្រេចចិត្តចង.កធ្វើអត្តឃាតគឺរូបនាងបានសរសេរលិខិតបណ្តាំដោយបញ្ជាក់ថា រូបនាងតូចចិត្តចំពោះអង្គភាពការងារនៅមន្ទីរពេទ្យដែលបានបញ្ឈប់ការងារនាងរយៈពេល១០ថ្ងៃ កន្លងមក ។ នៅក្នុងលិខិតបណ្តាំនេះបានសរសេរថា កុំទុកចិត្តអ្នកដទៃជាងទុកចិត្តខ្លួនឯង និយាយយប់ខ្ទប់ព្រៃ និយាយថ្ងៃជញ្ជាំងមានត្រចៀក ។ ឃ្លានេះទៀតបញ្ជាក់ថា បងសុំទោសប្អូនៗដែលបងបានសម្រេចចិត្តលាចាកលោកទៅហើយ ព្រោះបងតូចចិត្តដោយសារគេបញ្ឈប់ការងារបងអស់រយៈពេល១០ថ្ងៃ។
តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា នាងជឹង គឹមហួយចង.កសម្លាប់ខ្លួនដោយយកខ្សែក្រណាត់ចងភ្ជាប់ជាមួយបង្កាន់ដៃជណ្តើរ ហើយទម្លាក់ខ្លួនចុះក្រោមបណ្តាលឱ្យស្លាប់ក្នុងផ្ទះតែម្នាក់ឯង គ្មាននរណាជួយកើតទេ ដោយសារមុនពេលនាងធ្វើសកម្មភាពគឺនាងបានជិះម៉ូតូធ្វើដំណើរមកដល់ក្នុងលំនៅឋាន ហើយចូលក្នុងចាក់គន្លឹះទ្វារពីក្នុងជាប់គ្មាននរណាចូលបានឡើយ។ មូលហេតុដែលបងប្អូនដឹងថា នាងជឹម គឹមហួយ ចង.កសម្លាប់ខ្លួនគឺដោយសារទូរស័ព្ទចូលនាងញឹកញាប់ហើយ នាងមិនលើកទូរស័ព្ទក៏នាំគ្នាមកមើល ឃើញនាងចង.កសម្លាប់ខ្លួនយ៉ាងសោកសៅ និងចម្លែក ទើបភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យឃើញថា នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ