ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​​កសិកម្ម​​តម្រូវ​​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​​​​បក​ប្រែភាសាខ្មែរ​​លើផលិតផល

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ក្រសួង​​កសិកម្ម​​បាន​ចេញ​​លិខិត​​​ជូន​ដំណឹង​​​ដល់​​​គ្រប់​​ក្រុម​ហ៊ុន​​​ អាជីវ​កម្ម​​​នាំ​ចូល​ ​ផលិត​ និង​​វេច​ខ្ចប់​​ជាថ្មី​លើ​សម្ភារ​​​កសិកម្ម​​​ទាំង​អស់​​រួ​ម​មាន​​​​ ជីកសិកម្ម ថ្នាំ​​កសិកម្ម​ គ្រាប់​ពូជ​ដំណាំ​ ចំណី​សត្វ​ និង​បសុឱសថ​ត្រូវ​​ធ្វើ​ការ​​ចុះ​​បញ្ជី​​​នូវ​មុខ​​សម្ភារ​​​​កសិកម្ម​ ទាំងអស់​​នោះ​ និង​បំពេញ​​នូវ​​​លក្ខខណ្ឌ​​​បច្ចេកទេស​​មួយចំនួន​ទៀត។​ ​ក្នុង​នោះ​​​​បាន​​តម្រូវ​​ឱ្យ​មាន​​​ការ​​បក​ប្រែ​​ជា​ភាសា​​​ខ្មែរ​​នៅ​ លើ​​​សំបក​​​វេច​​ខ្ចប់​​សម្ភារ​​កសិកម្ម​​ ក្នុង​​​​ន័យ​​

រាជធានីភ្នំពេញ ៖​ ក្រសួង​​កសិកម្ម​​បាន​ចេញ​​លិខិត​​​ជូន​ដំណឹង​​​ដល់​​​គ្រប់​​ក្រុម​ហ៊ុន​​​អាជីវ​កម្ម​​​នាំ​ចូល​ ​ផលិត​ និង​​វេច​ខ្ចប់​​ជាថ្មី​លើ​សម្ភារ​​​កសិកម្ម​​​ទាំង​អស់​​រួ​ម​មាន​​​​ជីកសិកម្ម ថ្នាំ​​កសិកម្ម​ គ្រាប់​ពូជ​ដំណាំ​ ចំណី​សត្វ​ និង​បសុឱសថ​ត្រូវ​​ធ្វើ​ការ​​ចុះ​​បញ្ជី​​​នូវ​មុខ​​សម្ភារ​​​​កសិកម្ម​ទាំងអស់​​នោះ​ និង​បំពេញ​​នូវ​​​លក្ខខណ្ឌ​​​បច្ចេកទេស​​មួយចំនួន​ទៀត។​ ​ក្នុង​នោះ​​​​បាន​​តម្រូវ​​ឱ្យ​មាន​​​ការ​​បក​ប្រែ​​ជា​ភាសា​​​ខ្មែរ​​នៅ​លើ​​​សំបក​​​វេច​​ខ្ចប់​​សម្ភារ​​កសិកម្ម​​ ក្នុង​​​​ន័យ​​សំខាន់​​ដើម្បី​​កំណត់​​​​នូវ​អត្ត​សញ្ញាណ​​ប្រភេទ​​​មុខ​សម្ភារ​​​កសិកម្ម​នីមួយៗ​ បង្ហាញ​​ពី​​​របៀប​ប្រើ​​ប្រាស់​​​សម្ភារ​​​កសិកម្ម​​​ឱ្យ​ចំគោល​ដៅ​​​ ​ប្រើ​ប្រាស់​​ក្នុង​ការ​កម្ចាត់​​​នូវ​សមាសភាព​​ចង្រៃ​​​ទៅ​តាម​​​ប្រភេទ​​​ដំណាំ​​នីមួយៗ​​​ ក៏ដូច​ជា​ការ​ជួយ​សម្រួល​​ដល់​​​កសិករ អាចទិញ​​សម្ភារ​កសិកម្ម​​យក​ទៅ​​ប្រើ​ប្រាស់​​បាន​​ត្រឹមត្រូវ​​ ព្រម​ទាំង​​ធានា​​នូវ​គុណ​ភាព ​ប្រសិទ្ធភាព​​ និង​សុវត្ថិភាព​​​​ផងដែរ​។​ នៅ​ពេល​​ធ្វើ​ការ​​ចុះ​បញ្ជិកា​ផលិតផល​​សម្ភារ​​កសិកម្ម​របស់​ខ្លួន ​ក្រុមហ៊ុន​​​អាជីវ​កម្មនាំ​ចូល​​ផលិត និង​វេច​​ខ្ចប់​​ជាថ្មី​សម្ភារ​​កសិកម្ម​​ បាន​បំពេញ​​​​នូវ​កាតព្វ​កិច្ច​​​​របស់​ខ្លួន​ ដោយ​បាន​ធ្វើ​ការ​​ជូន​ភ្ជាប់​​នូវ​​គំរូ​ស្លាក​​​សញ្ញា​​​សំបក​​វេចខ្ចប់​​​​​សម្ភារ​​កសិកម្ម​បក​ប្រែ​​​ជា​ភាសា​​​ខ្មែរ​​ ។ ការ​​​ចាត់​វិធាន ការ​​​នេះ​ដោយ​​​សារ​ក្រសួង​កសិកម្ម រុក្ខា​ ប្រមាញ់​ និង​នេសាទ​​ បាន​សង្កេត​​ឃើញ​ថា​ មាន​ក្រុម​​​ហ៊ុន​​អាជីវកម្ម​​សម្ភារ​​កសិកម្ម​មួយ​​​ចំនួន​មិនបាន​​​អនុវត្ត​បទបញ្ជា​​​​ស្រប​តាម​ការកំណត់​​របស់​ក្រសួង​ឡើយ ដោយ​​បាន​ធ្វើ​​ការ​នាំចូូល ​​ផលិត​ វេចខ្ចប់​ជាថ្មី​ និងធ្វើ​​ការ​​ផ្គត់​ផ្គង់​​ចែក​ចាយ​​សម្ភារ​​កសិកម្ម​ដែល​បាន​​​ចុះបញ្ជិការួច​​ ប៉ុន្តែ​​មាន​​ស្លាក​សញ្ញា​​លើ​​សំបក​​វេច​ខ្ចប់​​នៅ​តែ​​ជា​ភាសា​បរទេស​​​ ឬខុសពី​​ការ​​អះអាង​​នៅ​​ពេល​​​​ស្នើ​សុំ​​​​ចុះ​បញ្ជិកា ។

ចំពោះ​​មុខ ​ក្នុង​​គោលបំណង​​ធានា​​បាន​​​​នូវ​ភាព​​​ស្រប​ច្បាប់​​និង​ដើម្បី​​​ការពារ​ផល​ប្រយោជន៍​​​​​ដល់​កសិករ​ និង​​អ្នក​ប្រើ​ប្រាស់​សម្ភារ​កសិកម្ម​គ្រប់់​​ប្រភេទ​​​នៅក្នុង​ផលិតផល​​​​​កសិកម្ម​ ឱ្យ​ឆ្លើយ​​​តប​ទៅ​នឹង​​គោល​នយោ​បាយ​​ជំរុញ​ផលិត​កម្ម​​​​ស្រូវ​​​​និង​ការនាំ​ចេញ​អង្ករ​​របស់​រាជរដ្ឋា​ភិបាល​​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​សូម​ធ្វើ​​​​​​​ការ​ណែនាំ​​និង​ដាក់​​បទបញ្ជា​​ដល់​បណ្តា​ក្រុម​​ហ៊ុន​​អាជីវកម្ម​នាំចូល​ ផលិត​ ​និង​វេចខ្ចប់​​​​​ជាថ្មី​​​សម្ភារ​កសិកម្ម​ទាំងអស់​ថា ចាប់​ពី​ពេល​នេះតទៅ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ នឹង​បដិសេធ​លើ​រាល់​​សំណើ​​សុំ​​នាំចូល​សម្ភារ​កសិកម្ម​​របស់​​ក្រុម​ហ៊ុន​​​នាំចូល​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ភ្ជាប់​គំរូ​​សំបក​វេចខ្ចប់​​ជាក់​ស្តែង ដែល​មាន​ស្លាក​សញ្ញា​​​​ព័ត៌​មាន​ជា​ភាសា​​ខ្មែរ​ត្រឹម​ត្រូវ និង​បានទទួល​ស្គាល់​​​នៅពេលចុះ​បញ្ជិកា​​រួច ។ ក្នុង​ករណី​ក្រុម​ហ៊ុន​​​​នៅតែ​​ប្រើ​ប្រាស់​​​ស្លាក​សញ្ញា​​​​ព័ត៌​មាន​​​ជា​ភាសា​​បរទេស​​លើសំបក​​វេចខ្ចប់​​​សម្ភារ​​កសិកម្ម​ដែល​​នាំចូល ផលិត ឬវេចខ្ចប់​​​ជាថ្មី​​ជាក់​ស្តែង​ ហើយ​​ធ្វើ​ការ​​ផ្គត់​ផ្គង់​​​​​ចែក​ចាយ​​លើ​ទីផ្សារ​​​ផ្ទុយ​ពី​នីតិវិធី​​ដែល​​បាន​កំណត់​ នោះ​​ក្រសួង​​​​កសិកម្ម​ រុក្ខា​ប្រមាញ់​​ និង​នេសាទ​​​នឹង​​ចាត់​វិធាន​ការ​​​បញ្ឈប់​​​អាជីវកម្ម​​របស់​ក្រុម​​ហ៊ុន ដោយ​​​លុប​​ចោលនូវ​លិខិត​អនុញ្ញាត​​​​ធ្វើ​អាជីវកម្ម វិញ្ញា​​​បនបត្រ​​​​បញ្ជាក់​​​បញ្ជិកា​​ និង​​លិខិត​អនុញ្ញា​ត​​​ឱ្យ​នាំ​ចូល​​ ឬអនុវត្ត​​ចំណាត់​​ការ​តាម​​ផ្លូវ​​តុលាការ​។

លិខិត​នោះ​ ត្រូវ​​បាន​ក្រសួង​កសិកម្ម​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​នៅទីស្តីការ​ក្រសួង​របស់​​​ខ្លួន​​កាលពី​​ថ្ងៃទី១២ ​ តុលា កន្លងមក  ក្នុងពិធី​​បើក​​សិក្ខា​សាលា​​ស្តីពី​​ព័ត៌​មាន​បង្ហាញ​ផ្លូវ​ ​​និង​កាតព្វ​កិច្ច​​​​​​ពាណិជ្ជ​​កម្ម​សម្ភារ​​កសិកម្ម​ ​ក្រោម​​​​អធិបតី​​ភាព​​​លោក​បណ្ឌិត​​​​ច័ន្ទ សារុន រដ្ឋមន្ត្រី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់​និង​នេសាទ​ ។

លោក​រដ្ឋ​មន្ត្រី​ច័ន្ទ សារុន បាន​ថ្លែង​ថា ​មក​​ដល់​​​បច្ចុប្បន្ន​​នេះ  ពិត​មែន​​​​តែ​​ក្រសួង​​​​កសិកម្ម រុក្ខា​​ប្រមាញ់​​ និង​នេសាទ បាន​​ជំរុញ​​ការអនុវត្ត​​​​​កម្ម​វិធី​​​​ផ្សព្វ​ផ្សាយ​​​​អប់​រំ​​​​ការ​យល់​ដឹង​​​ដល់​​​ពាណិជ្ជករ សម្ភារ​​​កសិកម្ម និង​បាន​ជំរុញ​​​​ការ​អនុវត្ត​ច្បាប់​​​​លើ​ការ​​ធ្វើ​​ពាណិជ្ជ​កម្ម​សម្ភារ​​​កសិកម្ម​នៅតាម​រាជ​ធានី ​ខេត្ត ដោយ​​បាន​​​ចាត់​វិធានការ​​​​ទណ្ឌ​​​កម្ម​លើ​​ក្រុម​​ហ៊ុន​នាំចូល​​ផ្គត់​​ផ្គង់​​ចែក​ចាយ​ ​​និង​​មូល​ដ្ឋាន​​អាជីវ​កម្ម​​ខុស​ច្បាប់​​​ជា​ច្រើន​​ករណី​​​ក៏ដោយ​​​ ក៏ក្រសួង​នៅតែ​​​ទទួល​ស្គាល់​​​ថា នៅជួប​បញ្ហា​​​ប្រឈម​​​ជា​ច្រើន​​ទៀត​​ក្នុង​​ការគ្រប់​គ្រង​​​​ការធ្វើ​ពាណិជ្ជ​កម្មសម្ភារ​​កសិកម្ម ​ដូចជា ​​ៈ​
១-សម្ភារ​​​កសិកម្ម​​មួយ​ចំនួន​​​​នៅតែ​នាំចូល​ពី​បណ្តា​ប្រទេស​​ជិត​ខាងដោយ​​​ល្មើស​​ច្បាប់​ និង​ចរាចរ​​នៅលើ​​​​ទីផ្សារ​ដោយ​គ្មាន​ការធានា​​បមាណីយ​គុណ​ភាព​​ និងគ្មាន​ស្លាក​សញ្ញា​​​ព័ត៌​មាន​​ជាភាសា​​ខ្មែរ ឬភាគ​ច្រើន​​មាន​ជា​ភាសា​​​បរទេស​​លើ​សំបក​វេចខ្ចប់ ។

២-​​សម្ភារ​កសិកម្ម​មួយចំនួន​​ត្រូវ​បាន​​ពាណិជ្ជករ​ដែល​​​ទទួល​ផ្គត់​ផ្គង់​​​ចែក​ចាយ​​​​បន្ត​ពីក្រុម​ហ៊ុន​​នាំចូល ​​ឬពាណិជ្ជករលក់​​ដុំ​​លក់​រាយ​​ផ្ទាល់​​​តាម​​បណ្តា​​​ដេប៉ូ​​ក្នុងរាជ​ធានី-ខេត្ត បាន​ធ្វើ​ការ​​​​​លាយ​ផ្សំ​​​ក្លែង​គុណភាព ឬប្តូរ​​សំបក​​វេចខ្ចប់​ ឬត្រូវ​​បាន​​ដឹកជញ្ជូន​ចល័ត​លក់​​ឬ​​​លក់​​បណ្តាក់​តាម​ភូមិ​​-ឃុំ​​​ដល់​​​កសិករ​​ផ្ទាល់​​ដោយ​អសីលធម៌​​បំផុត ។ 

៣-​​ក្រុម​ហ៊ុន​​​​មួយចំនួន​​ដែល​បាន​​ទទួល​​លិខិត​​អនុញ្ញាត​​​​ឱ្យនាំ​ចូល​ និង​​​បាន​​​​ចុះ​បញ្ជិកាប្រភេទ​​​សម្ភារ​​​​កសិកម្ម​​ដោយ​ក្រសួងរួចហើយ ​​ប៉ុន្តែ​​នៅពេល​​​នាំចូល​​ជាក់​ស្តែង​ ក្រុម​ហ៊ុន​​បាន​នាំចូល​សម្ភារ​​​​កសិកម្ម​អន់​គុណ​ភាព​ ជាពិសេសនៅតែ​ប្រើសំបក​​​វេចខ្ចប់​​​​ដែល​មាន​ស្លាក​សញ្ញា​​​ព័ត៌​មាន​​​​ជា​ភាសា​​បរទេស​ ឬក្រុម​​ហ៊ុន​មួួយចំនួន​​បាន​​ផ្ទេរ​ការ​ផ្គត់​ផ្គង់​​​​ចែក​ចាយ​​​បន្ត​ ដោយ​គ្មាន​ការទទួល​​​​ខុស​ត្រូវ​​ចំពោះ​​ការអនុវត្ត​ច្បាប់​​ឡើយ ។​
៤-​​រាជរដ្ឋាភិបាល​​​បាន​​ផ្តល់​គោល​​នយោ​បាយ​​​អនុគ្រោះ​​​​ពន្ធ​លើការ​នាំចូល​​សម្ភារ​​កសិកម្ម ប៉ុន្តែចំពោះ​​មុខ កសិករនៅ​មិន​ទាន់​​ទទួល​​បាន​នូវ​​ផល​ប្រយោជន៍​​​​នេះ​នៅ​ឡើយ ​ផ្ទុយ​​មក​វិញ​កសិករ​បានចំណាយ​ ឬ​បុល​ប្រាក់​​​ដើម្បីទិញ​សម្ភារ​​​កសិកម្ម​​ដែល​ក្លែង​គុណភាព​​ គ្មាន​ប្រសិទ្ធ​ភាព​ និង​មិន​​អាច​​យល់​បាន​ពីសេចក្តី​​​ណែនាំ​​ប្រើ​ប្រាស់​​​​ជាភាសា​​​បរទេស​​នៅលើ​​ស្លាកព័ត៌​មាន​សំបក​វេចខ្ចប់​ ឬកសិករ​នៅ​​​តែទិញ​សម្ភារ​​​កសិកម្ម​​ដែល​មាន​​​ប្រភព​​​នាំ​ចូល​​ដោយ​​ល្មើស​​ច្បាប់​​​តាម​រយៈ​​​​ការ​បោក​​​ប្រាស់​​របស់​​ពាណិជ្ជករ។​
៥-​ការ​អប់រំ​​ផ្សព្វ​ផ្សាយ​​​ការ​យល់​ដឹង​​ចំពោះ​​​​ពាណិជ្ជ​ករលក់​ដូរ​ ​ក៏ដូចជា​ចំពោះ​​​កសិករដែល​​​ប្រើ​ប្រាស់​​​​សម្ភារ​​​កសិកម្ម​ ត្រូវ​​​បាន​​អនុវត្ត​​​និង​បង្កើន​​​សកម្មភាព​​​ជារៀងរាល់​​​ឆ្នាំ​ ​ប៉ុន្តែ​​​ការ​ទទួល​​​​យក​​​ចំណេះ​​ដឹង ​ជាពិសេស​​​​ការ​កែប្រែ​​ទម្លាប់ ​ឬប្រពៃណី​​របស់​​ពាណិជ្ជករ​និង​កសិករ​ គឺជាការ​​លំបាក​​ និង​ទាមទារពេល​វេលា ។​
៦-​បញ្ហា​​ក្លែង​បន្លំ​​​ប្រភេទ​គុណភាព​​ សំបក​​វេចខ្ចប់​ ម៉ាក​សញ្ញា​​​នៅក្នុង​ពាណិជ្ជ​​កម្ម​សម្ភារ​​កសិកម្ម​រវាង​ពាណិជ្ជករខ្លួន​ឯង​​តែងតែ​​​កើត​មាន​ជា​ប្រចាំ​ ដែល​មិន​​ទាន់​មាន​​យន្ត​ការដោះស្រាយ​​​​ឱ្យ​មាន​ប្រសិទ្ធភាព​​​ឡើយ ប៉ុន្តែ​​ផល​វិបាក​​​​​នៃ​​​បញ្ហា​​​​នេះ​​បាន​ធ្លាក់​មក​​លើ​កសិករ​ដែល​​ជា​​អ្នក​​​ទទួល​រង​​គ្រោះ​ទៅ​វិញ ។

ចំពោះ​​សកម្មភាព​​ធ្វើ​អាជីវកម្ម​សម្ភារ​​កសិកម្ម​​ប្រកប​ដោយ​​អសីលធម៌​ និង​អំពើ​​កេង​ប្រវ័ញ្ច​​​បែប​នេះ​​មិន​​គ្រាន់​តែ​​ជា​អំពើ​​ល្មើស​​និង​បទប្បញ្ញត្តិ​​​ច្បាប់​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​គឺជា​​​ទង្វើ​​ដោយ​​​ចេតនា​​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​​កាត់​បន្ថយ​​ភាព​ក្រីក្រ​ ប្រឆាំង​​នឹង​គោល​នយោ​បាយ​​​ជំរុញ​​ផលិត​កម្ម​​ស្រូវ និង​ការ​នាំ​​ចេញ​អង្ករ​​​របស់​​​រាជរដ្ឋា​ភិបាល​​ និង​​ជាពិសេស​គឺជា​​អំពើ​​វិទ្ធង្សនា​សេដ្ឋកិច្ច​ដោយ​​​ចំហ​​ដែល​​ប្រព្រឹត្ត​ដោយ​អាជីវករទុច្ចរិត​​​មួយ​ក្រុម​​តូច និង​ជា​​​របាំង​ដ៏សំខាន់​​​ក្នុង​ការ​អភិវឌ្ឍ​​សង្គម​​​​​សេដ្ឋ​កិច្ច​ជាតិ ​និង​ការ​​លើក​កម្ពស់​​សេដ្ឋកិច្ច​​​មូល​ដ្ឋាន​​​ជនបទ ។

លោករដ្ឋមន្ត្រី​​ច័ន្ទ សារុន បន្ត​ថា  ក្នុង​នាម​​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ លោក​សូម​​ដាក់​​​​ចេញ​នូវ​​​វិធានការ​​មួយ​ចំនួន​​ដល់​​ពាណិជ្ជ​ករ​​​សម្ភារ​​កសិកម្ម​​ ដោយ​​ត្រូវ​​អនុវត្ត​​កាតព្វកិច្ច​​​ដូចខាង​​ក្រោម​ៈ
១-​​ត្រូវ​មាន​ភាព​ស្មោះ​​ត្រង់​និង​​មាន​សីលធម៌​​ ​​ក្នុង​​​មុខរបរ​​របស់​​ខ្លួន ដោយ​មិន​ត្រូវ​​ប្រព្រឹត្ត​​​អំពើ​​ក្លែង​បន្លំ​​គុណភាព​ កែច្នៃ​​​ផលិត​ផល​ខុស​ពីគុណ​ភាព​​ដើម​​​ ឬក្លែង​​​បន្លំ​​សំបក​វេចខ្ចប់​ និង​ត្រូវ​ចៀស​វាង​ទិញ​ចូល​​សម្រាប់​​​លក់​នូវ​សម្ភារ​​កសិកម្ម​ដែល​​រត់​ពន្ធ​ឬ​​លួចលាក់​​​នាំចូល​​ពីប្រទេស​​ជិត​ខាង​​​​ឬមាន​ប្រភព​ចេញ​​ពី​អំពើ​​ល្មើស​ច្បាប់​ផ្សេង​ទៀត។

២-​​​ត្រូវ​គោរព​​និង​អនុវត្ត​​រាល់​នីតិវិធី​ បទបញ្ជា​ និង​សេចក្តី​​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ដោយ​​​ត្រូវ​សហការល្អ​​ជាមួយ​អង្គភាព​​នីតិ​កម្ម​កសិកម្ម​មាន​សមត្ថ​កិច្ច និង​​ត្រូវ​ចូល​​រួម​តាម​​​ដាន​ ឬត្រូវ​​ផ្តល់​​ព័ត៌​មាន​អំពី​បទ​ល្មើស​​ក្លែង​​បន្លំ​គុណភាព​​ ក្លែង​​បន្លំ​​សំបក​​វេចខ្ចប់​​​​សម្ភារ​កសិកម្ម ដើម្បី​​មន្ត្រី​មាន​សមត្ថកិច្ច​ចាត់​​​វិធានការ​​តាម​នីតិវិធី ។

៣-​ពាណិជ្ជ​ករលក់​ដុំ​​លក់​រាយ​ ឬសាខា​​ផ្គត់​ផ្គង់​​​ចែក​ចាយ​​​សម្ភារ​កសិកម្ម​ទាំងអស់​​​នៅ​តាម​បណ្តា​​ខេត្ត​ រាជធានី​ ត្រូវ​មាន​​កាតព្វ​កិច្ច​​​ឆ្លង​កាត់​​​វគ្គ​​អប់រំ​​សមត្ថភាព​វិជ្ជាជីវៈ​ក្នុង​មុខ​របររបស់​ខ្លួន ត្រូវ​មាន​លិខិត​អនុញ្ញាត​​​លក់​ដុំ​​​លក់​រាយ​​  និង​ត្រូវ​មាន​​​បញ្ជីប្រភេទ​សម្ភារ​​កសិកម្ម​ដែល​ខ្លួន​ស្នើ​សុំ​​លក់​ដូរ និង​​បញ្ជី​ឈ្មោះ​ក្រុមហ៊ុុន​​ដែល​ផ្គត់​ផ្គង់​​ផលិតផល​​ទាំងនេះ​​ឱ្យ​​ដេប៉ូ​របស់​ខ្លួន ដើម្បី​​ធានា​​​ភាព​ស្របច្បាប់​​នៃ​ប្រភព​សម្ភារ​​កសិកម្ម​ដែល​​ត្រូវ​​លក់​​ចែក​ចាយ​ឱ្យ​កសិករ ។

៤-​ពាណិជ្ជ​ករ​ដែល​​ទទួល​ផ្គត់​ផ្គង់​​​ចែក​ចាយ​​​សម្ភារ​​​កសិកម្ម​​បន្តពី​ក្រុម​ហ៊ុន​​​នាំចូល​ដល់​​បណ្តា​​​ដេប៉ូ​​លក់​ដុំ​លក់​រាយ​​​ក្នុងរាជធានី ខេត្ត​ ត្រូវ​​​មាន​លិខិត​អនុញ្ញាត​​​​ធ្វើ​អាជីវកម្ម​សម្ភារ​​​កសិកម្ម ត្រូវ​មាន​កិច្ច​​​សន្យា​ធ្វើ​ជា​អ្នកផ្គត់​ផ្គង់​​​ចែក​ចាយ​​​របស់​ក្រុម​ហ៊ុន និង​ត្រូវ​មាន​​​បញ្ជី​ឈ្មោះ​​ដេប៉ូ​ឬសាខា​លក់​ដុំ​​លក់​រាយ​​​តាម​រាជធានី ខេត្ត ដែល​​ទទួល​យកការ​ផ្គត់​ផ្គង់​​របស់​ខ្លួន​ និងត្រូវ​ទទួល​ខុស​ត្រូវ​​រួម​​ចំពោះ​​សាខាលក់​​ដុំ​លក់​រាយ​​​​តាម​រាជធានី ខេត្ត​ ដែល​​ទទួល​​ការផ្គត់​ផ្គង់​​របស់​ខ្លួន​ និងត្រូវ​ទទួល​ខុសត្រូវ​​រួម​ចំពោះ​​មុខច្បាប់​​ជាមួយ​ក្រុម​ហ៊ុន​នាំចូល ​និង​ពាណិជ្ជ​ករ​​លក់​ដុំ​​លក់​​រាយ​​ក្នុង​​ខ្សែ​ចង្វាក់​​ពាណិជ្ជកម្ម​របស់​ខ្លួន ។

៥-​​បណ្តា​​សាខា​ផ្គត់​ផ្គង់​​ចែក​ចាយ​ ​និង​ពាណិជ្ជ​​​ករ​​លក់​​ដុំ​លក់​​រាយសម្ភារ​កសិកម្ម​ ត្រូវទិញ​​​ចូល​សម្រាប់​លក់​តែ​សម្ភារ​កសិកម្ម​​ណា​ដែល​មាន​ប្រភព​​ស្រប​​ច្បាប់​តាម​​ប្រព័ន្ធ​​ខ្សែចង្វាក់​​នាំចូល​​​ឬ​ផលិត​​​ដោយ​ក្រុម​ហ៊ុន​​​ដែល​ក្រសួង​កសិកម្ម រុក្ខា​ ប្រមាញ់​និង​នេសាទ​ បាន​ផ្តល់​​​​​លិខិត​អនុញ្ញាត​​​ បាន​ចុះ​​បញ្ជិកា​​​​ផលិតផល​​រួច ​និង​ត្រូវ​​មាន​​ស្លាក​​​សញ្ញា​​ព័ត៌​មាន​​ជាភាសា​​ខ្មែរ​នៅ​​​​លើ​សំបក​​វេចខ្ចប់​​ដែល​មាន​​លេខ​បញ្ជិកា​​​របស់​ក្រសួង​​​សម្គាល់​ជា​ចាំបាច់ ។

ផ្អែក​លើ​មូល​​បញ្ហា​​ដូច​បាន​រៀបរាប់​​ខាង​លើ​​​លោក​សូម​ឆ្លៀត​​​ឱកាស​នេះ លើក​យក​​នូវ​អនុសាសន៍​​មួយចំនួន​បន្ថែម​ទៀត​​​ជា​ជំនួយ​ស្មារតី​ជូន​អង្គ​សិក្ខាសាលា​​​ធ្វើ​ការ​ពិចារណា និងយក​​ជា​គតិ​ដើម្បី​​​ប្រតិបត្តិ​​​តាម​ចំណុច​ដូច​ខាង​ក្រោមៈ ​
១-​​ក្រុម​ហ៊ុន​​​ដែល​​ប្រកប​​មុខរបរ​​​​ពាណិជ្ជ​កម្ម​សម្ភារ​​​កសិកម្មទាំាងអស់​​​ត្រូវ​ស្វែង​យល់​ និង​ត្រូវ​មាន​ការ​យល់​ដឹង​​អំពី​ព័ត៌​មាន​​​បង្ហាញ​​ផ្លូវ​និង​កាតព្វកិច្ច​ពាណិជ្ជ​ករ​សម្ភារ​​កសិកម្ម​ ព្រម​ទាំង​បណ្តា​​នីតិវិធី​ បទ​បញ្ជា​បច្ចេកទេស​​​ក្នុង​​ការធ្វើ​​ពាណិជ្ជ​កម្ម​​​​​សម្ភារ​​​កសិកម្ម ជាពិសេស​បមាណីយ​នៃសំបក​​វេចខ្ចប់​​ និង​​ស្លាក​​សញ្ញា​ព័ត៌​មាន​ដែល​​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ បាន​​លើក​​​ជា​ប្រធាន​បទ​​សម្រាប់​​ផ្សព្វ​ផ្សាយ​​ក្នុង​អង្គ​​សិក្ខា​សាលា​នេះ ។

២-​​ក្រុម​ហ៊ុន​​ទាំងអស់​​ត្រូវ​ពិចារណា​​​លើ​គំនិត​ផ្តួចផ្តើម​​ឱ្យ​មាន​ការចងក្រង​​ជាសមាគម​ពាណិជ្ជ​ករ​សម្ភារ​​កសិកម្ម ដើម្បី​​បង្កើត​នូវ​យន្ត​ការ​​រួម​​មួយដែល​​បំពេញ​តួនាទី​ក្នុង​ការ​​សម្រប​សម្រួល​​​​និង​សហប្រតិបត្តិការ​​​រវាង​ផ្នែក​ឯកជន​ជាមួយ​​​ក្រសួង​​​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ពិសេស​គឺការ​អនុវត្ត​ក្រម​សីលធម៌​​​​ដែល​ជាបទ​​​​បញ្ជា​ផ្ទៃក្នុង​​របស់​​សមាគម ព្រមទាំង​​បំពេញ​​តួនាទី​​​ជាយន្ត​ការ​​​មជ្ឈត្តកម្ម​ក្នុង​ការ​ដោះ​ស្រាយ​​​​​រាល់​ទំនាក់​ទំនង​​រវាង​ពាណិជ្ជករសម្ភារ​​កសិកម្ម​នៅ​​ក្នុង​ដំណើរ​ធុរកិច្ច​​​​របស់​ខ្លួន ។​
៣-​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ ​នឹងបំពេញ​តួនាទី​ជាអ្នក​សម្រប​សម្រួល​​ក្នុង​ការ​បង្កើត​​សមាគម​ពាណិជ្ជករសម្ភារ​​កសិកម្ម និងដើម្បី​​ជួយ​ជំរុញ​​​ឱ្យ​សមាគម​​នេះ​អាច​​បង្កើត​​​ឡើង​​និង​បំពេញ​​អាណត្តិ​​​របស់​ខ្លួន​​​ប្រកបដោយ​​​ជោគជ័យ។

៤-​នាយកដ្ឋាន​​នីតិកម្ម​កសិកម្ម ត្រូវ​ធ្វើ​​បទបង្ហាញ​​ និងពន្យល់​​ដល់​ពាណិជ្ជ​ករ​សម្ភារ​ ​​កសិកម្ម​ទាំងអស់​​នៅ​ក្នុង​អង្គ​​សិក្ខា​សាលា​នេះ នូវ​បណ្តា​នីតិ​​វិធី​ និង​បទបង្ហាញ​​បច្ចេកទេស​​​ ព្រម​ទាំង​​ការ​តម្រូវ​​​បមាណីយដែល​ត្រូវ​អនុវត្ត​​​ក្នុង​ពាណិជ្ជ​កម្ម​សម្ភារ​កសិកម្ម ដើម្បី​ឱ្យ​បណ្តា​​ក្រុម​ហ៊ុន​​​ពាណិជ្ជ​​កម្ម​សម្ភារ​​​​កសិកម្ម​អាច​អនុវត្ត​​​បាន​ល្អ​​ប្រសើរ​​​នូវ​ធុរ​កិច្ច​​​របស់​ខ្លួន​ ។

៥-​​ព័ត៌​មាន​​​បង្ហាញ​​​ផ្លូវ​​ ត្រូវ​ជួយ​​សម្រួល​​​ដល់​ពាណិជ្ជ​កម្ម​របស់​​​ក្រុម​ហ៊ុន​​ និង​ត្រូវ​កាត់​បន្ថយ​​របាំង​​​អសកម្ម​​​ទាំងឡាយ​​ដែល​មិន​ចាំ​បាច់​ ដោយ​ធានា​​បាន​នូវ​​តម្លា​ភាព​​​នៅក្នុង​ការ​បម្រើ​​​សេវា​កម្ម​សាធារណៈ​ ការផ្តល់​​លិខិត​អនុញ្ញាត​ ឬការ​ចុះ​​​បញ្ជិកា​​​ប្រភេទ​សម្ភារ​កសិកម្ម ។

៦-​​ចំពោះ​​មុខ សូម​លោក​ប្រធាន​​​មន្ទីរ​ និង​​ការិយាល័យ​​ជំនាញ​ក្រោម​ឱវាទ​​​ ជំរុញ​​ការចាត់​វិធាន​ការ​​​ត្រួត​ពិនិត្យ​និង​អនុវត្ត​ច្បាប់​​ឱ្យ​បាន​ម៉ឺង​ម៉ាត់​​បំផុត​ចំពោះ​​សកម្ម​ភាព​​​​ល្មើស​ច្បាប់​​​ក្នុង​ការ​​​ធ្វើ​​អាជីវកម្ម​​ជីកសិកម្ម និង​ថ្នាំ​​កសិកម្ម​​​នៅ​​ក្នុង​​មូល​ដ្ឋាន​​​​សាមី​ ដោយ​ត្រូវ​​ចាត់​​វិធានការ​​​ផ្សព្វ​ផ្សាយ​​​អប់រំ​​ដល់​​អាជីវករសម្ភារ​កសិកម្ម​នៅក្នុង​​​​មូល​ដ្ឋាន​សាមី​ឱ្យ​បាន​ដាច់​ខាត​តាម​​វិធានការ​​​គតិ​យុត្ត និង​​​បច្ចេក​ទេស​នៅ​ក្នុង​​​មុខ​​​របរ​របស់​​ខ្លួន និង​​ត្រូវ​​ចាត់​វិធានការ​​ចំពោះ​​មន្ត្រី​​​​​​អសកម្ម និង​បង្ក​ឱ្យ​​មាន​ការ​​ខាត​បង់​ដល់​ផល​ប្រយោជន៍​​កសិករ ។

៧-​កន្លងមក​ ​យើង​សង្កេត​ឃើញ​​​ថា មាន​ក្រុម​ហ៊ុន​​មួយ​ចំនួន​​​តែង​ប្រើ​​រូប​ភាព​​ផ្សាយ​​​ពាណិជ្ជ​កម្ម​  ឬធ្វើ​​អំណោយ​ដល់​មន្ទីរ​ ឬអង្គភាព​រដ្ឋផ្សេងៗ​ ឬដល់​​ក្រុម​​កសិករតែម្តង​នៅមុន​ពេល​ដែល​​ខ្លួន​បាន​ច្បាប់​ធ្វើ​​អាជីវកម្ម ឬ​ចុះ​បញ្ជិកា​​​ជាដើម​។ តាម​រូប​ភាព​​​នេះ​ក៏​មិន​អាចទទួល​យក​បាន​ឡើយ ពីព្រោះ​​​អង្គភាព​​​ជំនាញ​​មិនទាន់​​បាន​ធ្វើ​ការ​​ ពិសោធន៍​​ជាក់លាក់ ហើយ​​ដែល​អាច​បង្ក​ហានិភ័យ​​ជាយថាហេតុ​។  ដូច្នេះ​​អង្គភាព​​​ជំនាញ​​​ពាក់​ព័ន្ធ​​​ក៏ដូច​ជា​​​​មន្ទីរ​​​​កសិកម្ម​​​រាជធានី ខេត្ត​ទាំងអស់​​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​​ករណីនេះ​​ ដោយ​ត្រូវ​ស្នើ​សុំ​​ក្រសួង​​ជា​មុន​ ឬត្រូវ​ពិនិត្យ​លើ​លិខិត​​អនុញ្ញាត​​​ឬបញ្ជិកា​ចេញ​​ដោយ​ក្រសួង​​ជាមុន ​៕