រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីសម្រេចនៃគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្សហ៊្វុនស៊ីនប៉ិច ចុះថ្ងៃទី១៤ មេសា ២០១១ ចុះហត្ថលេខាដោយលោកកែវ ពុទ្ធរស្មី ប្រធានគណបក្សដែលកោះសន្តិភាពទទួលបានឱ្យដឹងថា គណបក្សហ៊្វុនស៊ីនប៉ិចបានសម្រេចកោះប្រជុំសមាជគណបក្សនៅថ្ងៃទី២ មេសា ២០១១ ខាងមុខនេះ នៅទីស្នាក់ការកណ្តាលរបស់គណបក្សថ្មី ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានសមាជិកចូលរួមប្រមាណ៣.០០០នាក់ ។
លោកកែវ ពុទ្ធរស្មី បានឱ្យដឹងនៅក្នុងសេចក្តីសម្រេចថា សមាជមានរបៀបវារៈចំនួន៣ គឺ១-អនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ២-អនុម័តជ្រើសរើសថ្នាក់ដឹកនាំគណបក្ស សមាជិកក្រុមប្រឹក្សាជាតិ គណៈកម្មការនាយក និងគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្ស ៣-អនុម័តគោលជំហរ និងទិសដៅរបស់គណបក្សសម្រាប់ជាយុទ្ធសាស្ត្រក្នុងការបម្រើបុព្វហេតុប្រទេសជាតិ ។
គណបក្សហ៊្វុនស៊ីនប៉ិចបន្តថា ទិសដៅគណបក្សគឺមានជំហរម៉ឺងម៉ាត់ ហើយសមាជថ្ងៃទី២ មេសា ២០១១ ខាងនេះនឹងត្រូវជ្រើសរើសឯកភាពដោយគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្ស ។ គោលការណ៍របស់គណបក្សគឺការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសន្តិភាពស្ថិរភាព និងការអភិវឌ្ឍជាតិ ៕
ចែករំលែកព័តមាននេះ