ខេត្តព្រះវិហារ ៖ ថ្មភក់មានតម្លៃដែលមាននៅតាមដងផ្លូវជាតិលេខ៦២ក្បែរច្រមុះ ភ្នំត្បែងមានជ័យភាគខាងកើត ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានទទួលរងនូវការកាប់គាស់យកតាមចិត្តពីសំណាក់ឈ្មួញអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពេលនេះទៀត ថ្មភក់កំពុងត្រូវបានឈ្មួញជីកកកាយអារកាត់ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងតាមដងផ្លូវជាតិលេខ៦២ ចេញពីខេត្ដព្រះវិហារយកទៅកែច្នៃលក់នៅក្រៅខេត្ដ និងខ្លះទៀតរហូតនាំចេញទៅលក់នៅឯក្រៅប្រទេសទៀតផង ដោយយកឈ្មោះមន្ត្រីនេះ ឬមន្ត្រីនោះជាអ្នកស្នើសុំ។ ថ្មភក់ដែលគេដឹកចេញម្តងៗមានរាប់ពាន់ដុំយកទៅធ្វើអាជីវកម្មពេញផ្ទៃប្រទេស និងមួយចំនួនទៀតនោះ បើតាមប្រភពពីកម្មករកាត់ថ្មឱ្យដឹងគឺនាំចេញទៅលក់នៅឯក្រៅប្រទេសតាមច្រកខេត្តកោះកុង និងប៉ោយប៉ែត។
មកដល់ពេលនេះ ឈ្មួញដែលចូលទៅអារកាត់ និងដាប់ថ្មភក់ជាសម្បត្ដិជាតិដ៏មានតំលៃនៅលើទឹកដីខេត្ដព្រះវិហារនោះ លែងលំបាកដឹកជញ្ជូនទៀតហើយ ព្រោះមានផ្លូវក្រាលកៅស៊ូល្អស្អាតថ្មីច្រឺងរលើបរលោង ហើយគេដឹកយ៉ាងរំភើយមិនខ្វល់ពីការខ្លាចខូចផ្លូវដោយដឹកលើសទម្ងន់នោះឡើយ។ តាមការឱ្យដឹង ថៅកែដែលឈរជើងរកស៊ីថ្មភក់យ៉ាងរឹងមាំក្នុងខេត្ដព្រះវិហារនោះ គឺឈ្មោះយាយ ម៉ៅ និងប្ដីឈ្មោះអឿន ធួក ដែលមានអាសយដ្ឋាននៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ទាំង២នាក់ប្ដីប្រពន្ធនេះបានអះអាងថា មានអាជ្ញាប័ណ្ណ ត្រឹមត្រូវចាប់ពីពេលនេះទៅមានរយៈពេលដល់ទៅ១០ឆ្នាំ ដើម្បីធ្វើអាជីវកម្មនៅលើផ្ទៃដី៥ហិកតានៅមុខច្រមុះភ្នំត្បែងមានជ័យ ជាប់នឹងអតីតប្រាសាទបុរាណ ដោយបង់ប្រាក់ឱ្យអស់ជាង១ម៉ឺនដុល្លាអាមេរិក លើអាជ្ញាប័ណ្ណនេះ។ នេះជាការអះអាងរបស់ឈ្មួញដែលតាំងពីធ្វើអាជីវកម្ម១០ឆ្នាំកន្លងមក បានបង់ជូនរដ្ឋតែប៉ុណ្ណឹង។
ជុំវិញការធ្វើអាជីវកម្មថ្មភក់យ៉ាងអនាធិបតេយ្យ លោកសំ លាងនី ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តតែងតែនិយាយថា ពួកឈ្មួញទាំងអស់នោះពិតជាមានលិខិតអនុញ្ញាតប្រាកដមែន។ ប៉ុន្ដែដោយឡែកលោកប៉ុល ខាំណារ៉េ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដដែលជាអ្នកគ្រប់គ្រងព្រៃឈើក្នុងតំបន់ការពារ បាននិយាយថា ឈ្មួញទាំងអស់នោះតាមការពិនិត្យលើទីតាំងផលិតនីមួយៗជាច្រើនឆ្នាំកន្លងមកនេះ គឺពុំឃើញមានបិទបង្ហាញច្បាប់ ឬអាជ្ញាប័ណ្ណរបស់ខ្លួនទេ។ ព្រោះអីក្រុមឈ្មួញទាំងអស់នោះ ដែលចូលទៅរកស៊ីជាង១០ឆ្នាំ ហើយនៅលើតំបន់នោះ ពុំទាន់មានការអនុញ្ញាតពីសមត្ថកិច្ចព្រៃឈើនៅឡើយ។ បើនិយាយពីផ្លូវច្បាប់ ទោះបីជាឈ្មួញមានអាជ្ញាប័ណ្ណប៉ុនភ្នំក្ដី ក៏ចាំបាច់ត្រូវមានការអនុញ្ញាតពីជំនាញផ្នែកព្រៃឈើនៅក្នុងមូលដ្ឋានដែរ ព្រោះការរកស៊ីជីកគាស់កកាយដីរាប់សិបហិកតានៅក្បែរជើងភ្នំ ដើម្បីយកថ្មបានល្អទៅសូន្យរូប ឬឆ្លាក់រូបលក់នៅលើទីផ្សារនោះ វាធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងបរិស្ថានយ៉ាងខ្លាំង។
លោកខូយ ឃុនចន្ទរ័ត្ន ប្រធានមន្ទីរបរិស្ថានខេត្ដ បានបញ្ជាក់ថា ឈ្មួញដែលបានចូលទៅធ្វើអាជីវកម្មថ្មភក់ ជាង១០ឆ្នាំកន្លងមកនេះ គឺពិតជាពុំដែលមានការអនុញ្ញាតពីមន្ទីរជំនាញផ្នែកបរិស្ថានម្ដងណាទេ ។ ឈ្មួញទាំងអស់នោះមិនត្រឹមតែបំផ្លាញបរិស្ថានព្រៃឈើ និងថ្មភ្នំដែលគួររក្សាទុកជារបស់មានតម្លៃដ៏កម្រតែប៉ុណ្ណោះទេ គឺក្រុមឈ្មួញទាំងនោះ បានធ្វើឱ្យខូចដល់បរិស្ថាននៅជុំវិញតំបន់ប្រាសាទព្រះវិហារដែលជាមរតករបស់បុព្វបុរសខ្មែរក្បែរនោះទៀតផង។ តាមប្រភពឱ្យដឹងអំពីការរកស៊ីរបស់ឈ្មួញទាំងអស់ខាងលើ ភាគច្រើន គឺពួកគេមានការអនុញ្ញាតត្រឹមតែមន្ត្រីថ្នាក់មូលដ្ឋានប៉ុណ្ណោះ ។ ដោយឡែក មន្ទីរជំនាញដែលមានការពាក់ព័ន្ធដូចជាព្រៃឈើ និងបរិស្ថានជាដើម ពុំត្រូវបានគេឱ្យដឹងទេ គឺពួកឈ្មួញនិយាយតែមាត់ថា ពួកគេមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។ តាមការកត់សម្គាល់ និងតាមមតិនានានិយាយថា មន្ត្រីជំនាញពាក់ព័ន្ធទាំងឡាយសម្ងំឈឹង ទុកឱ្យឈ្មួញរកស៊ីបំផ្លាញតាមចិត្ត៕








ចែករំលែកព័តមាននេះ