សព្វថ្ងៃនេះ ការផលិត និងបោះពុម្ពផ្សាយ ស្នាដៃនិពន្ធគ្រប់ប្រភេទហាក់មានកំណើន ឡើងជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅតាមបណ្ដាបណ្ណាគារ និងបញ្ជរលក់សៀវភៅនានាក្នុងរាជធានីភ្នំពេញប្រិយមិត្ដអ្នកអានអាចប្រទះឃើញនូវរាល់ស្នាដៃនិពន្ធជា ច្រើនប្រភេទដូចជាផ្នែកនយោបាយ ច្បាប់ សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជា វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា និងរឿងប្រលោមលោក ។ល។ ក្នុងចំណោមស្នាដៃនិពន្ធទាំងនោះ ការបោះពុម្ពផ្សាយស្នាដៃ និពន្ធរឿងប្រលោមលោកក៏បានរីកលូតលាស់ គួរជាទីចាប់អារម្មណ៍ផងដែរនៅលើទីផ្សារ ។ ជាងនេះទៅទៀត ស្នាដៃប្រលោមលោកមួយចំនួនត្រូវបានគេយកទៅផលិតជាខ្សែភាពយន្ដ និងចាក់ផ្សាយនៅតាមបណ្ដាស្ថានីយ ទូរទស្សន៍ក្នុងស្រុកនានាទៀតផងដែលត្រូវ បានប្រជាពលរដ្ឋខ្មែរទូទៅទស្សនាយ៉ាងទូលំទូលាយ ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺថា រាល់ស្នាដៃប្រលោមលោកដែលត្រូវបានចាក់ផ្សាយទាំងនោះមានទំនោរខ្លាំងក្លាតែទៅលើមនោសញ្ចេតនារវាងបុរសនារី យុវជន យុវតី និងបានបង្ហាញតែពីប្រណីតភាពនៃគ្រួសារ អ្នកមានស្ដុកស្ដម្ភនៅតាមទីក្រុងទំនើប និងភាពច្រណែនឈ្នានីសរវាងគ្នា និងគ្នាតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ផ្ទៃរឿងប្រលោម លោកដែលត្រូវបានចេញផ្សាយទាំងនោះ មិនបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជនបទស្រុក ស្រែចំការ និងជីវភាពប្រជាពលរដ្ឋខ្មែរដែល ប្រកបមុខរបរកសិកម្មជាសំខាន់នោះឡើយ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដោតសំខាន់ទៅលើវិស័យកសិកម្មជាអាទិភាពដើម្បីកែប្រែ និងអភិវឌ្ឍប្រទេសកម្ពុជា នាពេលពេលសព្វថ្ងៃ ។
ការផលិត និងចាក់ផ្សាយខ្សែភាពយន្ដ ខ្មែរនៅតាមបណ្ដាស្ថានីយទូរទស្សន៍កំពុងតែ ដើរបញ្ច្រាសពីគោលនយោបាយ និងទិសដៅ នៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ។
ភាគច្រើននៃខ្សែភាពយន្ដដែលត្រូវបានចាក់ ផ្សាយសំរាប់ប្រជាពលរដ្ឋទស្សនា គឺជារឿងប្រលោមលោកមនោសញ្ចេតនារវាងបុរស នារី យុវជន យុវតី និងបង្ហាញតែប្រណីត ភាពនៃគ្រួសារអ្នកមាន ដូចជាភូមិគ្រឹះដ៏ធំ ស្កឹមស្កៃ រថយន្ដថ្មីដ៏ទំនើប ទូរស័ព្ទទាន់សម័យ និងសំលៀកបំពាក់ដ៏ស្រស់ឆើតឆាយ និងភាពច្រណែនឈ្នានីសនឹងគ្នាដ៏គួរឱ្យខ្ពើម រអើមតែប៉ុណ្ណោះ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងប្រទេសដោយសម្ដេចបាន ស្វះស្វែងរក និងកៀងគរថវិកា និងធនធាន មនុស្សគ្រប់ច្រកល្ហកយកមកបំពេញកង្វះ ចន្លោះនេះ។ ក្នុងចក្ខុវិស័យរបស់ប្រមុខដឹកនាំប្រទេសកម្ពុជានឹងក្លាយជាមហាអំណាច នាំអង្ករចេញទៅកាន់ពិភពលោកដោយ សម្ដេចតេជោ ហ៊ុន សែន បានស្នើប្រទេសជិត ខាងមានប្រទេស ភូមា ឡាវ ថៃ និងវៀត ណាមឱ្យបង្កើតជាសមាគមប្រទេសនាំអង្ករចេញ ខណៈពេលមានអង្គការនៃប្រទេសនាំ ប្រេងចេញហៅកាត់ថា OPEC នៅលើឆាកអន្ដរជាតិ ។
ក្រៅពីនេះរាជរដ្ឋាភិបាលបាន ជំរុញការវិនិយោគធំៗទៅលើវិស័យកសិកម្ម ដូចជាកសាងរោងចក្រផលិតអង្ករដ៏ធំឱ្យស្មើ ប្រទេសជិតខាងផ្ដល់ និងប្រមូលទុនដ៏ច្រើនសន្ធឹកសន្ធាប់សំរាប់ប្រមូលស្រូវស្ដុកក្នុងប្រទេសជំរុញការធ្វើកសិកម្មពង្រីកកំពង់ផែសំរាប់ការដឹកជញ្ជូនអន្ដរជាតិដោយផ្ទាល់ ជំរុញការធ្វើកសិកម្មតាមវិធីសាស្ដ្រប្រពលវប្បកម្ម និងបណ្ដុះបណ្ដាលធនធានមនុស្សជាដើម ។ ក្នុងឋានៈជាបញ្ញវន្ដ ការផលិត ការបោះពុម្ពផ្សាយ និងការចាក់ផ្សាយគួរតែ មានទំនោរជួយចូលរួមចំណែកក្នុងមាគ៌ា របស់រាជរដ្ឋាភិបាល ។ ការផលិតការបោះពុម្ពផ្សាយ និងការចាក់ផ្សាយខ្សែភាពយន្ដប្រលោមលោកបែប មនោសញ្ចេតនាច្រើនពេកបានផ្ដល់ផលប៉ះ ពាល់អវិជ្ជមានដល់យុវជន យុវតី និងវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិ ។ បន្ថែមពីលើខ្សែភាពយន្ដខ្មែរ ស្ថានីយទូរទស្សន៍ក្នុងស្រុកភាគ ច្រើនបានចាក់ផ្សាយខ្សែភាពយន្ដបរទេសជាច្រើន ដែលភាគច្រើនជាខ្សែភាពយន្ដបែប ស្នេហាយុវវ័យដ៏រំជើបរំជួល ។ ការស្លៀកពាក់តុបតែងកាយសំដែងអាកប្បកិរិយា និងខ្លឹមសារនៃសាច់រឿងត្រូវបានយុវជន យុវតីខ្មែរចំលងយកអនុវត្ដតាមស្ទើរតែទាំងស្រុង ដូចជាទុកសក់វែង ស្លៀកពាក់ខ្លី ធ្វើដំណើរ បែបហ៊ីពី និងវាយតប់គ្នាជាដើម ។
ជាងនេះ ទៅទៀតខ្សែភាពយន្ដខ្មែរដែលត្រូវបានចាក់ ផ្សាយនាពេលកន្លងមកបានលើកតម្កើងនូវ ប្រណីតភាព ឬសំភារនិយម ដូចជារថយន្ដ ដ៏ទំនើប ម៉ូតូដ៏ថ្មីសន្លាង ទូរស័ព្ទដៃដ៏ទាន់សម័យ និងសំលៀកបំពាក់ដ៏សិចស៊ី ។ សំភារទាំងអស់នេះបានជំរុញឱ្យយុវជនឈប់គិតគូរ ពីការសិក្សារៀនសូត្រងាយរងគ្រោះថ្នាក់ ក្លាយជាជនល្មើស និងបង្កើនអារម្មណ៍ផ្លូវភេទ។ សព្វថ្ងៃនេះ លោកគ្រូ អ្នកគ្រូភាគច្រើន ទទួលស្គាល់ពីការធ្លាក់ចុះនៃសីលធម៌នៅ ក្នុងចំណោមយុវជន យុវតីខ្មែរដែលកំពុង សិក្សានៅតាមវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ដោយពួកគេយកតម្រាប់តាមតួអង្គ ក្នុងរឿងភាគកូរ៉េ ចិន តៃវ៉ាន់ ដែលត្រូវបាន ចាក់ផ្សាយជារៀងរាល់ថ្ងៃ ។ យុវតីនៅរាជធានីភ្នំពេញមួយចំនួនធំបានស្លៀកខោដ៏ខ្លីស្ទើរ តែគ្មានបិទបាំងកេរ្ដិ៍ខ្មាស ហើយធ្វើដំណើរ តាមម៉ូតូលើដងផ្លូវជាសាធារណៈ ។ រូបភាព និងវីដេអូអាសអាភាសរបស់យុវវ័យ ត្រូវបានលេចឡើងជាច្រើននៅលើទូរស័ព្ទដៃដែលនេះ ហើយគឺជាឥទ្ធិពលដ៏អាក្រក់ទទួលបានពីខ្សែ ភាពយន្ដប្រលោមលោកបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ