ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នារីខ្មែរ​រៀប​ការ​នៅ​ស្រុក​ចិន​បុរស​អ្នក​លក់មាស​ប្តូរ​ប្រាក់​ជាប់ចោទ​ពីបទ​ជួញ​ដូរ​មនុស្ស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ​ទី​១០ តុលា ​នាយក​ដ្ឋាន​នគរបាល​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​​មហា​ផ្ទៃ​​ បាន​បញ្ជូន​​ខ្លួន​បុរស​​​ខ្មែរ​​ម្នាក់​ទៅ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ពី​បទ​នាំស្ត្រី​​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ចិន ។

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ​ទី​១០ តុលា ​នាយក​ដ្ឋាន​នគរបាល​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​​មហា​ផ្ទៃ​​ បាន​បញ្ជូន​​ខ្លួន​បុរស​​​ខ្មែរ​​ម្នាក់​ទៅ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ពី​បទ​នាំស្ត្រី​​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ចិន ។

បុរស​ដែល​​​ត្រូវ​ចោទ​​នេះ​​ឈ្មោះ​ញ៉ វេង ហៅ​គុ​ យូ​លេង ​អាយុ​៣៨ឆ្នាំ ​មុខ​របរ​លក់​មាស​ប្តូរ​ប្រាក់​​នៅ​ផ្សារ​ចាស់ និង​ស្នាក់​នៅ​​ផ្ទះ​លេខ​​៦៧AE1z ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក ។ ​ជន​នេះត្រូវ​បានចាប់​ខ្លួន​​កាលពី​ថ្ងៃ​ទី​៧ តុលា តាម​ពាក្យ​បណ្តឹង​របស់​​ឈ្មោះ​យ៉ាំ សុដា ​ភេទ​ស្រី ​​អាយុ​៤១​ឆ្នាំ ត្រូវ​ជា​អាណា​​ព្យា​បាល​ជន​រងគ្រោះ​​ដោយ​ចោទ​ប្រកាន់​ថា បាន​ឆបោក​ និង​នាំ​ខ្លួន​​កូន​ស្រី​គាត់​ទៅ​​លក់​​នៅ​ស្រុក​ចិន ​។

គួរ​បញ្ជាក់​ថា ​កាលពី​​អំឡុង​​ខែ​ឧសភា ឆ្នាំ​​២០១១ ឈ្មោះ​​សុខ រី ភេទស្រី ​អាយុ​​៥២​ឆ្នាំ ​ត្រូវ​ជា​ម្តាយ​ក្មេក​របស់​មេខ្យល់​ឈ្មោះ​ញ៉ វេង ឈ្មោះ​​ប្រើ​ផ្លូវការ​ គុ យូ​លេង បាន​​ឃោសនា​លួង​លោម​ថា គាត់មាន​កូន​ប្រសា​ឈ្មោះ​វេង រក​ស៊ីនាំ​នារី​ខ្មែរ​ទៅរៀប​ការ​ជា​មួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន បើ​បាន​ទៅ​នឹង​មាន​ជីវ​ភាព​ធូរធារ​ ហើយ​ឱ្យ​ថ្លៃទឹក​ដោះ​ចំនួន​៥០០​ដុល្លារ ។ ​បន្ទាប់​​ពី​ព្រម​ព្រៀង​​គ្នា​មក ​ឈ្មោះ​គុ យូលេង ​បាន​ទំនាក់​ទំនង និង​ចាត់​ចែង​ដោយ​ឱ្យ​សាមី​ខ្លួន​​មើល​រូប​ថត​គ្នា​ទៅវិញ​ទៅ​មក និង​រត់​ការ​បំពេញ​បែប​បទ​ធ្វើ​លិខិត​ឆ្លង​ដែន​ និងធ្វើ​ទិដ្ឋា​ការ​ទេស​ចរណ៍​ស្ថាន​ទូត​ចិន ដែល​ការ​ចំណាយ​​ទាំង​អស់​លើ​ឈ្មោះ​គុ យូលេង ​អ្នក​ចេញ។ ​នៅថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១១ ​ឈ្មោះ​គុ យូលេង ​បាន​នាំ និង​បញ្ជូន​នារី​ពីរ​នាក់ ​ទៅ​ប្រទេស​ចិន​​តាម​ច្រក​ទ្វារ​​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ។ ​ពេល​ទៅ​ដល់​ប្រទេស​ចិន​ មាន​ឈ្មោះ​​ធីតា ភេទ​ស្រី អាយុ​២៩​ឆ្នាំ

ត្រូវជា​ប្អូន​បង្កើត​របស់​មេ​ខ្យល់​ឈ្មោះ​គុ យូលេង ជ​ាអ្នក​ទទួល​ បាន​នាំ​ទៅ​ជួប​ជន​ជាតិ​ចិន​ដែល​បាន​ព្រម​ព្រៀង​គ្នា ពេល​មើល​រូប​ថត​តាម​អីុ​មែល ប៉ុន្តែ​នៅ​​ពេលជួប​រូប​មនុស្ស​ពិត​ សាមីខ្លួន​​ខាង​ស្រី​មិន​ពេញ​ចិត្ត​​បុរស​នោះទេ ក៏បាន​ប្តូរ​ចិត្ត​បដិ​សេធ​មិន​ព្រម​រៀប​ការ​​ជា​មួយ​បុរស​នោះ​វិញ ហើយ​ឈ្មោះ​​ធីតា ​បាន​គំរាម​កំហែង​ទាំង​សាមី​ខ្លួន និង​ម្តាយ​នៅ​កម្ពុជា​ថា បើ​មិន​ព្រម​យក​បុរស​នោះ​ទេ ត្រូវ​លក់​ដីស្រែ​ចម្ការ​ ផ្ទះសម្បែង ​ទ្រព្យ​សម្បត្តិ​​យក​សង​គេ​មិន​គ្រប់​ផង។ ពេល​នោះ​ដោយ​សាមី​ខ្លួន​មាន​​តែ​ម្នាក់​ឯង​គ្មាន​ទី​ពឹង​ទាល់​ច្រក​ក៏​បណ្តោយ​​តាម​គេ។

តាមការ​​បំភ្លឺ​របស់​ឈ្មោះយ៉ាំ សុដា ភេទ​ស្រី អាយុ​​៤១​ឆ្នាំ ទី​លំនៅ​ភូមិ​កោះ​កណ្តាល ឃុំ​ពាម​កោះ​ស្នា​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ២០១១ មាន​ឈ្មោះ​​សុខ រី ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ឃុំ​ជា​មួយ​​គ្នា​បាន​សួរ​ខ្លួន​ថា តើចង់​​ឱ្យកូន​រៀប​ការ​ទៅ​ប្រទេស​ចិន​ឬ​ទេ បើ​ចង់​ឱ្យ​ទៅ​ទាក់​ទង​ជាមួយ​ឈ្មោះ​ញ៉ វេង ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ទូរ​ស័ព្ទ​លេខ​០៩៣ ៩១៤ ៥៩៦ មាន​ទី​លំនៅ​ផ្ទះ​លេខ​៦៧AE1Z ផ្លូវ​លេខ​១៣៤​ សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​ ជា​អ្នក​រកស៊ីនាំ​កូន​ក្រមុំ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន។ បន្ទាប់​មក ​ឈ្មោះ​យ៉ាំ សុដា បាន​យក​រូប​ថត​កូន​ស្រី​របស់ខ្លួន ឈ្មោះ​ធឿន សេង​លី ទៅ​ឱ្យ​ឈ្មោះ​ញ៉ វេង ផ្ញើ​ឱ្យ​បុរស​ជន​ជាតិ​ចិន​មើល។ ​នៅ​ថ្ងៃ​ដដែល​​នោះ​ ប្រពន្ធ​របស់​ឈ្មោះ​ញ៉ វេង បាន​ទូរ​ស័ព្ទ​ប្រាប់​ឈ្មោះ​យ៉ាំ សុដា ឱ្យ​នាំ​កូនស្រី​ឡើង​មក​ភ្នំពេញ​ដើម្បី​មើល​រូប​កូន​កំលោះ​តាម​អ៊ីមែល​។

ក្រោយ​ពី​បាន​ឃើញ​រូប​គ្នា​ទៅ​វិញ​ទៅ​មក​ ភាគី​កូន​ក្រមុំ​ កូន​កំលោះ​បាន​ព្រម​ព្រៀង​គ្នា​។ ក្រោយ​មក ​ឈ្មោះ​ញ៉ វេង បាន​នាំ​ឈ្មោះ​ធឿន សេង​លី ធ្វើ​លិខិត​ឆ្លង​ដែន ហើយ​នៅ​ថ្ងៃ​ទី​១០ កក្កដា ២០១១ ឈ្មោះ​ញ៉ វេង ជូន​ដំណើរ​ត្រឹម​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​។ ពេល​ទៅ​ដល់​ប្រទេស​ចិន ​ឈ្មោះ​ញ៉ ធីតា ជា​អ្នក​ទទួល​ និង​នាំ​ឱ្យ​ជួប​ជាមួយ​កូន​កំលោះ។ នៅ​ពេល​ឃើញ​រូប​កូន​កំលោះ​ពិត ​ឈ្មោះ​ធឿន សេង​លី មិន​ពេញ​ចិត្ត​ក៏បដិ​សេធ​មិន​ព្រម​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​នោះ​វិញ ប៉ុន្តែ​ឈ្មោះ​ញ៉​ ធីតា មិន​ព្រម ហើយ​បង្ខំ​ និង​គំរាម​​ថា បើ​មិន​ព្រម​ត្រូវ​លក់​ដី​ស្រែ​ចម្ការ​​ផ្ទះ​សម្បែង​សង​គេ​ និង​បាន​ទូរ​ស័ព្ទ​មក​គំរាម​កំហែង​ឈ្មោះ​យ៉ាំ សុដា ជាម្តាយ​ថែម​ទៀត​ ព្រម​ទាំង​បាន​ប្រាប់​ទៅ​ម្តាយ​កូន​កំលោះ​ឱ្យ​ដក​លិខិត​ឆ្លង​ដែន​ទៀត​ផង​។

នារី​ដែល​ខក​ខ្លួន​បាន​ឱ្យ​ដឹង​ថា ពេល​ទៅ​ដល់​ប្រទេស​ចិន​មាន​ឈ្មោះ​ធីតា ត្រូវ​ជា​ប្អូន​បង្កើត​​របស់​ឈ្មោះវេង​ មក​ទទួល​ជាមួយ​កូន​កំលោះ​ ហើយ​​ឱ្យ​ចុះ​ហត្ថ​លេខា​លើ​លិខិត​ជា​ភាសា​ចិន​ដោយ​មិន​បាន​ប្រាប់​អ្វី​ទេ។ នៅ​ពេល​ឃើញ​រូប​កូន​កំលោះ​​ពិត​ នាង​ធឿន សេង​លី មិន​ពេញ​ចិត្ត​ ហើយ​បាន​ប្រកែក​មិន​ព្រម​យក​បុរស​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ឈ្មោះ​ធីតាគំរាម​ថា បើ​មិន​ព្រម​ទេ​ត្រូវ​លក់ដី​ស្រែ​ចម្ការ​​ ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ​មក​សង​គេ​មិន​គ្រាន់​ផង​។ ដោយ​​មាន​ការ​ភ័យ​ខ្លាច ព្រោះ​​មាន​តែ​ម្នាក់​ឯង ​មិន​ចេះ​ភាសា​ ពុំ​ដឹង​ទៅ​ទីណា គេ​មាន​បក្ស​ពួក​ច្រើន​ក៏​យល់​ព្រម​ធ្វើ​​តាម​គេទៅ។ ក្រោយ​មក​បាន​ទូរស័ព្ទ​​មក​ប្រាប់​ម្តាយ​ឱ្យ​ជួយ​សង្គ្រោះ​ ម្យា៉ង​ទៀត​លិខិត​ឆ្លង​ដែន​​របស់​ខ្លួន​ត្រូវ​បាន​ឈ្មោះ​ធីតា ប្រាប់​ម្តាយ​​កូន​​កំលោះ​​ឱ្យ​ដក​ទុក​ដោយ​​សារ​ខ្លាច​​សាមី​ខ្លួន​លួច​រត់​ចេញ ។

ចំណែកការ​សារ​ភាពរបស់​ឈ្មោះ​គុ យូលេង ហៅ​វេង ​បាន​ឱ្យ​ដឹងថា កន្លង​មកធ្លាប់​​បាន​នាំ​នារី​ខ្មែរ​​នៅភូមិ​ដីដុះ ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម ឱ្យ​រៀប​ការ​​ជា​មួយ​បុរស​ជន​ជាតិ​ចិន នៅ​​ប្រទេស​ចិន ដោយ​មាន​ដៃ​គូ​នៅ​ប្រទេស​ចិន​ត្រូវ​ជា​ប្អូន​បង្កើត​​ឈ្មោះ​គុ ធីតា ភេទស្រី ​ជា​អ្នក​ទទួល និង​ចាត់​ចែង​នៅ​ទីនោះ ។ ចំណែក​នាង​ធឿន សេងលី និង​ឈ្មោះ​​ស្រ៊ី សេង​ហ៊ី ​សុំ​ឱ្យ​ជួយ​រក​ប្តី​ជន​ជាតិ​ចិន​ឱ្យ​ បន្ទាប់​មក​ក្រោម​ការ​ចាត់​ចែង​របស់​ខ្លួន​​ កូន​កំលោះ​ កូន​ក្រមុំ​​បាន​មើល​រូប​ថត​គ្នា​ទៅវិញ​ទៅ​មក ហើយ​​បាន​យក​លុយ​​ពី​កូន​កំលោះ​​ចំនួន​៥​មឺុន​យ័ន ដើម្បី​រត់​បែប​បទ​ជូន​ភាគី​ខាង​ស្រី​ទៅ​ប្រទេស​ចិន ។ បន្ទាប់​ពី​រៀបចំ​បែប​បទ​​រួច​ហើយ ខ្លួន​ក៏​បាន​បញ្ជូន​នាង ធឿន សេង​លី និង​ឈ្មោះ​ស្រ៊ី ​សេង​​ហ៊ី ឡើង​យន្ត​ហោះ​​​ទៅប្រទេស​ចិន តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំពេញ ​ដោយ​ប្រើ​ប្រាស់​ទិដ្ឋា​ការ​​ទេស​ចរណ៍ និង​ឱ្យ​ថ្លៃ​ទឹក​ដោះ​​ទៅអាណា​ព្យាបាល​​សាមី​ខ្លួន​ទាំង​ពីរ​ចំនួន​​៥០០​ដុល្លារ ។

មន្ត្រី​​ប៉ូលិស​ឱ្យ​ដឹងថា ​រឿងរ៉ាវ​ខាង​លើ​នេះ គឺ​ពិត​ជា​បាន​រៀបចំ​ជា​បណ្តាញ​​ឃោសនា លួង​លោម បោក​បញ្ឆោត និង​នាំ​យក​នារី​២​នាក់​​ទៅ​ប្រទេស​ចិន​ និង​បង្ខំ​ឱ្យ​រៀប​ការ​​ជា​មួ​យ​បុរស​ជន​ជាតិ​ចិន ក្នុងគោល​បំណង​ស្វែង​រក​ប្រយោជន៍​ ដោយ​​បង្ខំ​ឱ្យ​ជន​រងគ្រោះ​រៀប​អាពាហ៍​ពិពាហ៍​​ផ្ទុយពី​ឆន្ទៈ​ ជាការ​ប្រព្រឹត្ត​បំពាន​មាត្រា​១០​នៃ​ច្បាប់​ស្តីពី​​ការ​បង្ក្រាប​​​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវភេទ ។ ម្យ៉ាង​ទៀត​ បាន​ប្រព្រឹត្ត​ក្នុង​បទ​កំហែង​យក​​ដែល​បំពាន​មាត្រា​៣៦៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ ​លើស​ពី​នេះ​ទៅ​ទៀត ការ​រៀប​ចំ​ជា​បណ្តាញ​មេខ្យល់​ទំនាក់​ទំនង​​ដើម្បី​រៀប​ការ​ជា​មួយ​ជន​បរទេស គឺ​​ជាការ​​ប្រព្រឹត្ត​​ល្មើស​ទៅ​​នឹង​អនុ​ក្រឹត្យ​លេខ​១៨៣ ស្តី​ពី​បែប​បទ និង​នីតិ​វិធី​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពល​រដ្ឋ​ខ្មែរ និង​ជន​បរទេស ៕