ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាង​ហ្វាង​កាសែត​ម្នាក់​​ប្តឹង​ដង្ខៅ​ល្បែង​ពី​​បទ​គំរាម​​រក​សម្លាប់

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ចាង​ហ្វាង​កាសែត​​​ដែល​មិន​សូវ​ឮ​ឈ្មោះ​ម្នាក់​បាន​និយាយ​ថា ​លោក​បាន​សម្រេច​​​ដាក់​ពាក្យ​បណ្តឹង​​កាល​ពី​ស​ប្តាហ៍​មុន​​ទៅ​កាន់​​តំណាង​​អយ្យ​ការ​​អម​សាលា​ដំបូង​ខេត្ត​ ប្រឆាំង​ទៅ​នឹង​មេ​បន​ល្បែង​ដ៏​ធំ​ម្នាក់​នៅ​​​ស្រុក​បវេល ដែល​បាន​ទូរស័ព្ទ​​មក​គំរាម​រក​សម្លាប់​​​ក្រោយ​ពី​លោក​បាន​ផ្តល់​ព័ត៌​មាន​ពី​បន​ល្បែង​ស៊ី​សង​របស់​ដង្ខៅ​​នេះ​ដល់​សមត្ថ​កិច្ច ។

នៅ​ក្នុង​បណ្តឹង​​មួយ​ច្បាប់​ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​​ គឺ ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​​នេះ​ឈ្មោះ​ម៉ឹង កំសត់ ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​មុខ​​ងារ​ជា​ចាង​ហ្វាង​ការ​ផ្សាយ​របស់​​កាសែត «សម្លេង​​ចៅ​កម្សត់» រស់​នៅ​ភូមិ​ទី​៣ ភូមិ​ប៉ោយ​សំរោង ​ឃុំ​តា​ពូង ស្រុក​ថ្ម​គោល ។ កម្ម​វត្ថុ​​នៃ​បណ្តឹង​នេះ​លោក​ម៉ឹង កំសត់ សុំ​ប្តឹង​ឈ្មោះ​ឡាយ សែ​ ភេទ​ប្រុស អាយុ​​ជាង​៣០​ឆ្នាំ រស់​នៅ​ភូមិ​បវេល​១ ឃុំ​បវេល ស្រុក​បវេល ។

លោក​ម៉ឹង កំសត់ បាន​និយាយ​ថា បណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ចូល​ទៅ​កាន់​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ​ កន្លង​ទៅ ។ លោក​ចាង​ហ្វាង​កាសែត​រូប​នេះ​បាន​​និយាយ​ថា មេ​​បន​ល្បែង​ឈ្មោះ​ឡាយ សែ បាន​ទូរស័ព្ទ​មក​គំរាម​​​ចង់​សម្លាប់​រូប​​​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​​ទៅ ។

តាម​រយៈ​លេខទូរស័ព្ទ​​របស់​លោក​ឡាយ សែ ០១២ ៦១៣ ៣៣៦ ដែល​មាន​ក្នុង​បណ្តឹង​របស់​លោក​ចាង​ហ្វាង​​កាសែត​​រូប​នេះ​ កោះ​សន្តិ​ភាព​បាន​ព្យា​យាម​សុំ​ការ​ពន្យល់​ពី​ចុង​​ចម្លើយ​​ឈ្មោះ​ឡាយ សែ តាម​រយៈ​លេខ​ទូរស័ព្ទ​ខាង​លើ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មីនា ប៉ុន្តែ​​ម្ចាស់​ទូរស័ព្ទ​​​បាន​ឆ្លើយ​បដិ​សេធ​ថា ខ្លួន​មិន​មែន​ឈ្មោះ​​ឡាយ​ សែ ទេ គឺ​ខ្លួន​នៅ​ឯ​ខេត្ត​​សៀម​រាប។ ប៉ុន្តែ​​សំឡេង​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​សំឡេង​ដែល​លោក​ម៉ឹង កំសត់ ថត​បាន​ក្នុង​គ្រា​​ដែល​ឈ្មោះ​សែ ទូរស័ព្ទ​​មក​គំរាម​រក​សម្លាប់ ។

​នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​ដែល​ឈ្មោះ​ឡាយ សែ ទូរស័ព្ទ​​គំរាម​រក​សម្លាប់​​លោក​ម៉ឹង ​កំសត់ ​​កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ដង្ខៅ​ល្បែង​ឈ្មោះ​សែ ​បាន​គំរាម​ខ្លាំងៗ​ថា «អាកំសត់​អ្ហែង​ស្អប់​ខ្ពើម​ជីវិត​ហើយ…អញ​ចង់​​​សម្លាប់​​អ្ហែង​តែ​ម្តង»។ ជន​​នេះ​មិន​និយាយ​​ហេតុ​ផល​​​ទេ​ដោយ​គិត​តែ​ពី​គំរាម​​បន្ត​ថា «អញ​ចង់​សម្លាប់​អ្ហែង​តែ​​ម្តង បើ​អ្ហែង​ចង់​ខ្លាំង​ជា​មួយ​អញ» ប៉ុន្តែ​លោក​ម៉ឹង ​កំសត់ បាន​បំភ្លឺ​ថា ឈ្មោះ​ឡាយ សែ នេះ​​ជាមេ​ល្បែង​​ដ៏​ធំ​​នៅ​ស្រុក​​បវេល មាន​សង្វៀន​​​បញ្ជល់​មាន់​ អាប៉ោង ​និង​បៀ ។ ​មេ​​ល្បែង​រូប​នេះបាន​ខឹង​សម្បា ​ព្រោះ​តែ​​រូប​លោក​បាន​រាយ​ការណ៍​ប្រាប់​​សមត្ថ​កិច្ច​ឱ្យ​ចុះ​​បង្ក្រាប​​ប​ន​ល្បែង​នោះ​ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ លុះ​​ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ ក៏​ទូរស័ព្ទ​​​គំរាម​ចង់​សម្លាប់​​រូប​លោក​តែ​ម្តង ៕