ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ មីនា ដោយមានបទបញ្ជាពីលោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកស ថាវី អភិបាលរងខេត្ដ ដែលមានមន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដ បរិស្ថានខេត្ដ នគរបាលខេត្ដ រួមជាមួយកម្លាំងកងពលធំអន្ដរាគមន៍លេខ៣ផង បានឃាត់ចាប់រថយន្ដធុនធ្ងន់ប្រភេទបែនដឹកដីចំនួន៤គ្រឿង បន្ទាប់ពីដឹងថា រថយន្តទាំងនេះរកស៊ីដឹកឈើគ្រញូងចេញពីស្រុកជាំក្សាន្ដ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ខេត្ដកំពង់ចាម ដោយមានថៅកែម្នាក់ឈ្មោះនី ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
សមត្ថកិច្ចចំរុះខេត្ដដែលបានធ្វើការប្រមាញ់ចាប់រថយន្ដចំនួន៤គ្រឿងខាងលើ គឺបន្ទាប់ពីដឹងថា រថយន្ដទាំងនោះ បានឆក់ឱកាសដឹកឈើគ្រញូងជាយូរមកហើយ ដោយឈ្មួញបានប្រើល្បិច «ត្រីងៀតឆ្លៀតពង»។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៦២ ចាប់ពីកំពង់ធំរហូតដល់ប្រាសាទព្រះវិហារ ត្រូវបានក្រុមហ៊ុនចិនស្ថាបនា ហើយក្រុមហ៊ុនបានប្រើប្រាស់រថយន្ដបែនដឹកដី និងថ្មប្រភេទធំៗជាច្រើនរយគ្រឿងនៅតាមដងផ្លូវនោះ ។ ចំណែកពួកឈ្មួញបានឆ្លៀតឱកាសប្រើប្រាស់រថយន្ដបែននេះដឹកឈើគ្រញូងមួយជើងពី៨ទៅ១០ម៉ែត្រគូប ដោយគេដាក់ឈើប្រណីតពីក្រោម ហើយគេយកថ្មសំរាប់ក្រាលផ្លូវដាក់ពីលើដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ។ ពួកគេនាំគ្នាលួចដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយពុំមានអ្នកណាចាប់អារម្មណ៍ឡើយ ទើបតែពេលនេះបែកការណ៍ដោយអាជ្ញាធរខេត្ដ បានធ្វើការឃ្លាំមើលអស់រយៈពេលមួយយប់ថ្ងៃទី២២ មីនា ទើបបានដឹង ក៏តាមចាប់បានរថយន្ដចំនួន២គ្រឿង ឯ២គ្រឿងទៀតបើករត់គេចបាត់។
លោកស ថាវី អភិបាលរងខេត្ដបានឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ដរួចមក លោកបានដឹកនាំកម្លាំងចម្រុះតាមចាប់រថយន្ដខាងលើ ដើម្បីវែកមុខឈ្មួញបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវតុលាការ ។ បច្ចុប្បន្ន រថយន្ដទាំងពីរគ្រឿងខាងលើ និងឈើគ្រញូងត្រូវបានយកមករក្សាទុកនៅសាលាខេត្ដតែឈ្មួញ និងអ្នកបើកបរបានរត់គេចខ្លួនអស់ដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងសុំដីកាស្វែងរកចាប់ខ្លួន ។
- រថយន្តស្តារិចបង្កប់ឈើប្រណីតប្រុងលោតឆត្រទៅព្រំដែនវៀតណាម
ខេត្តកំពង់ចាម ៖ យោងតាមការណែនាំរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កំលាំងនគរបាលសេដ្ឋកិច្ចក្រសួង បានសហការជាមួយនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត បង្រ្កាបបានរថយន្តម៉ាកស្តារិច១គ្រឿង ដែលលួចដឹកឈើប្រណីតខុសច្បាប់នៅត្រង់ចំណុចឡូត៍កៅស៊ូលេខ២៥ មូលដ្ឋានចំការកៅស៊ូពាមជាំង ស្រុកអូររាំងឪ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២៣មីនា ដែលបំរុងនាំទៅលក់នៅព្រំដែនវៀតណាម ។
លោកវរសេនីយ៍ត្រីហឿន វីណា អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា កម្លាំងមូលដ្ឋានបានរាយការណ៍មករូបលោកថា មានរថយន្ត១គ្រឿងម៉ាកស្តារិចបើកឆ្លងស្ពានព្រែកតាមាក់ចូលមកខេត្តកណ្តាល និងបន្តមកកាន់ស្រុកអូររាំងឪសង្ស័យមានបង្កប់ឈើប្រណីតក្នុងគោលបំណងយកទៅលក់នៅប្រទេសជិតខាង ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម រូបលោក បានបញ្ជាឱ្យកម្លាំងក្រោមឱវាទចុះសហការជាមួយនឹងនគរបាលសេដ្ឋកិច្ចខេត្តត្រៀមកំលាំងចាំឃ្លាំមើលនៅក្នុងឡូត៍កៅស៊ូពាមជាំងរហូតដល់វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល ក៏ឃើញរថយន្តដែលមានភិនភាគគួរឱ្យសង្ស័យនោះមែន ។
លោកហឿន វីណា បានបន្តទៀតថា លុះពេលឃាត់ធ្វើការឆែកឆេរឃើញមានឈើប្រណីតលេខ១ ប្រភេទនាងនួន និងគ្រញូងចំនួន៧ដុំ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តរួមជាមួយអ្នកបើកបរ ឈ្មោះលី ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អ្នកបើកបររថយន្តរូបនេះបានឆ្លើយថា ឈើទាំងនេះគឺដឹកចេញពីភ្នំពេញ ក្នុងគោលដៅយក ទៅស្រុកមេមត់ជាប់ព្រំដែនប្រទេសវៀតណាម ។ បន្ទាប់មកនៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៤ មីនា ក៏បានរៀបចំបែបបទប្រគល់ឱ្យទៅលោកជា បញ្ញា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រីសន្ធរ ដើម្បីចាត់ ការតាមច្បាប់ ។
- ចាប់រថយន្តក្រុងដឹកអ្នកដំណើរលួចបង្កប់ឈើគ្រញូង១១៣កំណាត់
ខេត្តកំពង់ឆ្នាំង ៖ ឈើគ្រញូងដែលលួចដឹកតាមរថយន្តក្រុងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្ទាក់ចាប់បានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ មីនា នៅចំណុចមុខស្នាក់ការ៥០០ ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ។ លោកលឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តបាននិយាយឱ្យដឹងថា អ្នកបើកបររថយន្តក្រុងឈ្មោះអ៊ុក ឈុនម៉េង អាយុ៣៤ឆ្នាំ រស់នៅភូមិភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ លោកបានបន្តថា ដោយទទួលបានព័ត៌មានស្តីពីរថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ ៤០៣០ មានដឹកឈើគ្រញូងចំនួន៤ការុងកន្លះ ចេញពីផ្សារស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នាក់ការ៥០០ ស្ទាក់ចាប់បានរថយន្តខាងលើ ដែលក្រោយការរាប់ចំនួនឃើញមាន១១៣កំណាត់ ស្មើជាងកន្លះម៉ែត្រគូប ។ ក្រោយការចាប់ឃាត់អ្នកបើកបររថយន្តបានប្រាប់សមត្ថកិច្ចថា គាត់បានទទួលបញ្ញើពីគេឱ្យដឹកឈើគ្រញូង៤ការុងកន្លះនេះ ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចចាប់តែម្តង។ ឈើគ្រញូងទាំង១១៣ដុំនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែករថយន្តយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការ។
- ឆែកឆេរលំនៅឋាន៣កន្លែងលួចស្តុកឈើគ្រញូងខុសច្បាប់
ខេត្តស្ទឹងត្រែង ៖ កម្លាំងរដ្ឋបាលព្រៃឈើស្ទឹងត្រែងសហការជាមួយកងរាជអាវុធហត្ថខេត្ត និងនគរបាលក្រុងស្ទឹងត្រែង ដឹកនាំដោយលោកជា ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើគ្រញូងចំនួន៣កន្លែងស្ថិតនៅភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ មុនការចូលត្រួតពិនិត្យ គឺសមត្ថកិច្ចបានឡោមព័ទ្ធកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ មីនា ទើបកម្លាំងជំនាញទាំងអស់ចូលឆែកឆេរឃើញឈើគ្រញូងជាច្រើនដុំលាក់ទុកក្នុងបន្ទប់ដេក និងបន្ទប់ទឹក ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា លំនៅឋានទាំង៣កន្លែងដែលសង្ស័យស្តុកឈើប្រណីតខុសច្បាប់ ត្រូវបានរឹបអូសឈើគ្រញូងចំនួនប្រមាណជា៧ ទៅ៨ម៉ែត្រគូប និងឃាត់ខ្លួនកម្មករចំនួន២នាក់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគឺរថយន្តកាមរីគូទស្វិតពណ៌.សចំនួន១គ្រឿង ។ ក្នុងការអនុវត្តការឆែកឆេរនេះ លំនៅឋានទី១គឺមិនបានឃើញម្ចាស់ឈើទេ ឃើញតែវត្ថុតាងជាឈើ និងរថយន្តតែប៉ុណ្ណោះ ចំណែកកម្មករ២នាក់នោះថៅកែឈើបាននាំយកមកពីស្រុកសៀមប៉ាង ដើម្បីជួលលើកដាក់ឈើ ។ ចំពោះលំនៅឋាន២ទៀតសមត្ថកិច្ចបានរកឃើញឈើគ្រញូងជាច្រើនដុំ ដែលម្ចាស់ផ្ទះឆ្លើយថា ជារបស់ឈ្មួញដែលជួលបន្ទប់ផ្ទះរបស់គាត់ស្នាក់នៅនិងស្តុកទុក ។ គាត់មិនដែលឱ្យម្ចាស់ឈើទុកឈើនៅផ្ទះរបស់គាត់ទេ ទើបតែយប់ថ្ងៃទី២២ មីនា ម្ចាស់ឈើទាំងនោះបានសុំផ្ញើឈើមួយយប់ ហើយថា ព្រឹកឡើងគេនឹងដឹកចេញ តែរហូតមកដល់ព្រឹកថ្ងៃទី២៣ មីនា ក៏បាត់ដំណឹងម្ចាស់ឈើបែរជាឃើញសមត្ថកិច្ចមកព័ទ្ធផ្ទះរបស់គាត់ទៅវិញ ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានរឹបអូសរថយន្ត១គ្រឿង និងឈើប្រណីតទាំងនោះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងចំណែកកម្មករទាំង២នាក់ កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនទីបញ្ជាការកងរាជហត្ថខេត្ត ដើម្បីសួរនាំរកអត្តសញ្ញាណម្ចាស់ឈី ៕
អ្នករាយការណ៏កោះសន្តិភាព


ចែករំលែកព័តមាននេះ