ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់សំណាញ់​​បានសពស្ត្រី​ម្នាក់​រត់​ឡើង​គោក​ស្ទើរ​លស់​ព្រលឹង ទើបរាយការណ៍​ប្រាប់ប៉ូលិស

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សពស្ត្រី​ម្នាក់ត្រូវ​បាន​​​អ្នក​​​នេសាទ​​បង់​សំណាញ់​​​នៅតាម​​ដង​ទន្លេ​មេគង្គ ជាប់សំណាញ់​​បណ្តាល​​​ឱ្យ​គាត់​ភ្ញាក់​​ខ្លួន​ក្រញាង ព្រឺ​​សម្បុរខ្ញាក ​ទម្លាក់​​សំណាញ់​ចោល ស្ទុះ​រត់​​​ឡើង​​មកលើ​​គោក​សិន​…​បាត់​ភ័យ​ និង​ដក​​ដង្ហើម​ស្រួលបួល ទើបចុះ​​ទៅ​​ទាញ​​សំណាញ់ ​និង​សព​ឡើងគោក កាលពី​វេលាម៉ោង​​​១០ព្រឹក​​ថ្ងៃទី​​១០ មីនា ២០១១ ​បន្ទាប់​មក​ទើប​​រាយការណ៍​​​ដល់​សមត្ថកិច្ច​​ប៉ូលិស​​ប៉ុស្តិ៍​​ជ្រោយ​ចង្វា​​ ខណ្ឌ​ឫស្សី​កែវ មក​ពិនិត្យសព​ ។

​សព​ស្ត្រី​​ម្នាក់​នេះ​ពុំ​ទាន់​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយទេ​ មាន​អាយុប្រមាណ​​ជាង​​៤០ឆ្នាំ ​ស្លៀកខោ​ឈុត​ដេក​យប់ និង​មានតែ​​អាវ​ទ្រនាប់​​ពណ៌ខ្មៅប៉ុណ្ណោះ​។​ តាមសម្តី​​ឈ្មោះ​​សុះ ​ហានី​ហ្វា ហៅម៉ាប់​ ភេទ​ប្រុស ​អាយុ​​១៨​ឆ្នាំ ​ជា​សិស្ស​​វិទ្យាល័យ​​ជា ស៊ីម ​ជ្រោយចង្វា ​មាន​ទីលំនៅ​​ភូមិទី​​៣ សង្កាត់​​ជ្រោយ​​ចង្វា ​ខណ្ឌ​ឫស្សី​កែវ ​​បាន​ឱ្យ​​ដឹង​ថា នៅ​ព្រឹកថ្ងៃកើតហេតុ ​ខ្លួន​​រួម​ទាំង​មិត្ត​ភក្តិ​​ចំនួន​២​នាក់​ គឺ​​​ឈ្មោះ​​អ៊ីសា និង​ឈ្មោះ​​​សៃនី បាននាំគ្នា​​ជិះទូក​ទៅបង់​សំណាញ់​​តាម​ដង​ទន្លេ​មេគង្គមុខផ្ទះ ។ ​នៅ​ពេល​​បង់​​សំណាញ់​​​បាន​​​៤​សំណាញ់​ក៏​​ជាប់​សព​​ស្ត្រីម្នាក់​ ហើយបានអូស​​យកមក​ដាក់​នៅ​មាត់​ទឹក…ប៉ុន្តែ​មុននេះ ភ័យស្ទើរ​លស់​ព្រលឹង​ទៅ​ហើយ ។

ភ្លាមៗ​ក៏មានការ​ភ្ញាក់ផ្អើល​​​ដល់​ប្រជា​ពលរដ្ឋ​ក្បែរ​ខាង​​ ហើយ​​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​ ។ សព​ស្ត្រី​​ម្នាក់នោះ​ត្រូវបានយុវជន​​ដែល​បង់​​សំណាញ់​​ជាប់នៅ​ចម្ងាយ​​ប្រមាណ​​​៦ម៉ែត្រ ​ពី​មាត់ច្រាំង ។ ​ទោះបីជាយ៉ាងណា ​គេ​ពុំ​​ទាន់​ដឹង​ថា ​ស្ត្រី​​នោះស្លាប់​ដោយសារ​អ្វី​ឡើយ ។​ តាម​សមត្ថ​​កិច្ច​​ឱ្យ​​ដឹង​​​ថា សព​ស្ត្រីនេះ​​អាច​ស្លាប់​​កាលពី​​វេលា​យប់ថ្ងៃទី​​​៩ មីនា ​ហើយមិនទាន់​អណ្តែត​ក៏​ត្រូវ​​បាន​គេបង់​​សំណាញ់​​ជាប់​តែម្តង ៕​