ខេត្តពោធិ៍សាត់ ៖ រឿងរ៉ាវកម្មករជនជាតិចិនផ្នែកតបណ្តាញវារីអគ្គិសនីដែលប្រើអំពើហិង្សាវាយស្រី្ត និងបំផ្លិចបំផ្លាញសំភារក្នុងហាងខារ៉ាអូខេ «សេរីរ័ត្ន» ក្នុងក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៣ មីនា ឆ្នាំ២០១១ កន្លងមកនោះ ដោយមានពាក្យបណ្តឹងពីម្ចាស់ហាងក៏ដូចជាអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា នាព្រឹកថ្ងៃទី១៤ មីនា សមត្ថកិច្ចបានហៅក្រុមជនជាតិចិនទាំងនោះមកធ្វើការសាកសួរបំភ្លឺ ។
លោកវរសេនីយ៍ត្រី ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា អ្នកចូលខ្លួនមកនាពេលនេះមានចំនូន២៧នាក់ គឺជនជាតិចិន២៤នាក់ និងខ្មែរ៣នាក់ ក្នុងនោះអ្នកបកប្រែម្នាក់ និងអ្នកបើកបររថយន្ត២នាក់ ។ ពេលសមត្ថកិច្ចទៅព័ទ្ធផ្ទះជួលនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ទាំងព្រឹកព្រលឹមនោះជនជាតិចិនទាំងអស់បញ្ចេញភាពច្រងេងច្រងាងមិនព្រមមកទេ ហើយពេលនោះមានម្នាក់និយាយថា បើចង់ឱ្យពួកគេទៅត្រូវយករថយន្តមកដឹក បើទៅរថយន្តខ្លួនឯង លុះត្រាតែចេញថ្លៃសាំងរថយន្តមួយគ្រឿង១០០ដុល្លារ ចំណែកកម្មករទាំងអស់ត្រូវគិតមួយថ្ងៃ៨០ដុល្លារ ព្រោះខាតការងាររបស់ពួកគេ ។ លោកបន្តទៀតថា ដោយសារពួកគេនិយាយបែបមើលងាយខ្មែរ និងរឹងទទឹងមិនព្រមមក កម្លាំងយើងបានទាញខ្នោះបំរុងដាក់ជើងខ្លាំងរូបនោះ ទើបពួកគេព្រមមកទាំងអស់គ្នា ប៉ុន្តែអ្នកបង្ករឿងផ្ទាល់២នាក់បានគេចខ្លួនទៅណាបាត់ ។
ជនជាតិចិនឈ្មោះលូ ប៉ៃទៀ និយាយថា បើតាមមេការរបស់ខ្លួនឈ្មោះចាង លីភីង (ជនដៃដល់) និយាយប្រាប់ឱ្យដឹងថា នៅយប់នោះគាត់ និងឡែន ហ្វាងចេង បានចូលច្រៀងខារ៉ាអូខេនៅហាងសេរីរ័ត្ន ។ ពេលគាត់ចាប់អោបថើប និងបបួលនារីម្នាក់ដេកជាមួយ ស្រាប់តែនារីនោះយកកាំបិតចាក់គាត់ចំចង្កេះបណ្តាលឱ្យមុត ។ ពេលនោះគាត់បានហៅថៅកែមកជួបទារសំណង២៥០ដុល្លារ មួយសន្ទុះក្រោយមកស្រាប់តែបាត់ទាំងថៅកែបាត់ទាំងនារី ខារ៉ាអូខេនោះមិនដឹងទៅណាអស់ គាត់ក៏ទូរស័ព្ទហៅពួកខ្លួនមកវាយកំទេចសំភារតែម្តង ។ ចំពោះលុយ៣.០០០ដុល្លារ និង៦០.០០០រៀល ថាដាក់ក្នុងទូកញ្ចក់នោះពួកគេពុំបានដឹងទេ គឺជាការចោទប្រកាន់ទាំងស្រុង ។
ចំណែកនារីរងគ្រោះបាននិយាយថា ជនជាតិចិននោះបានបបួលនាងទៅដេក ដោយសារនាងមិនព្រមគាត់បានទះមួយកំផ្លៀង ធាក់មួយជើង និងវាយនាងមួយកៅអីជ័រចំក្បាលថែមទៀត ។ ពេលនោះនាងបានយកកូនកាំបិតចិតស្វាយកាន់គ្រវីការពារខ្លួន លុះពេលជនជាតិចិនរូបនោះនៅតែចូលមកវាយនាងទៀតក៏មុតតែម្តង ។ ប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់ហាងខារ៉ាអូខេទាមទារសំណងទាំងលុយបាត់ ទាំងខូចខាតសំភារ គឺ១៣.៥០០ដុល្លារ ឯនារីរងគ្រោះទាមទារជំងឺចិត្ត២លានរៀលផ្សេងទៀត។ ប្រភពឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី១៤ មីនា តំណាងក្រុមហ៊ុនចិនបានចូលខ្លួនមកដោះស្រាយសម្រេចបង់ជូនត្រឹម៤.០០០ដុល្លារ តែខាងដើមចោទមិនទទួលយកក៏ព្យួរទុកសិន រង់ចាំខេត្តធ្វើការសម្របសម្រួល ៕
ចែករំលែកព័តមាននេះ