ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុះ ម៉ាច ​​​ផ្តល់អំណោយ​ដល់​​សិល្បករ​រង​គ្រោះទឹក​ជំនន់​ និង​នាំ​​សិល្បការិនី​​​ជរាទៅព្យាបាល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​៣ ​​តុលា ឆ្នាំ​២០១១ ​​លោកសុះ ម៉ាច ​ប្រធាន​​សមា​គម​​សិល្បករ​ខ្មែរ​​​​ បានផ្តល់​​ថវិកា​​ចំនួន​២០​ម៉ឺន​រៀល ​​ដល់​លោកឈិន ​​វណ្ណារ៉េត ​អាយុ​​​​៤៨​ឆ្នាំ ​អតីត​សិល្បករ​សៀក​រហស្ស​កម្ម ​​​នៅ​​សាកល​វិទ្យាល័យ​​​​ភូមិន្ទ​​​​វិចិត្រ​សិល្បៈ (បច្ចុប្បន្ន​​​បាត់​បង់​សមត្ថភាព​ពលកម្ម​) ដោយជំងឺ​ខ្សោយ​​ ខ្វះ​អាហា​រូបត្ថម្ភ​។​

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​៣ ​​តុលា ឆ្នាំ​២០១១ ​​លោកសុះ ម៉ាច ​ប្រធាន​​សមា​គម​​សិល្បករ​ខ្មែរ​​​​ បានផ្តល់​​ថវិកា​​ចំនួន​២០​ម៉ឺន​រៀល ​​ដល់​លោកឈិន ​​វណ្ណារ៉េត ​អាយុ​​​​៤៨​ឆ្នាំ ​អតីត​សិល្បករ​សៀក​រហស្ស​កម្ម ​​​នៅ​​សាកល​វិទ្យាល័យ​​​​ភូមិន្ទ​​​​វិចិត្រ​សិល្បៈ (បច្ចុប្បន្ន​​​បាត់​បង់​សមត្ថភាព​ពលកម្ម​) ដោយជំងឺ​ខ្សោយ​​ ខ្វះ​អាហា​រូបត្ថម្ភ​។

លោកឈិន វណ្ណារ៉េត ​មាន​ប្រពន្ធឈ្មោះ​រឿន ​សឿន ​អាយុ​​​៣៥​ឆ្នាំ ​​មានកូនក្នុងបន្ទុក​​​៨​នាក់ ​​​ស្រី​​៤​នាក់​ ប្រុស​​​​៤​នាក់​។ បច្ចុប្បន្ន​​​​លោក​ស្នាក់​​នៅ​ភូមិ​ត្រាល ​ឃុំកំពង់​ពពិល ស្រុក​ពារាំង ​ខេត្តព្រៃវែង ​​បាន​រងគ្រោះ​ដោយទឹកជំនន់​​លិច​ផ្ទះ​។​ ​លោក​រៀប​រាប់​​ប្រាប់​អ្នក​​​​​យកព័ត៌មាន​​​​ថា លោក​បាន​​ចូល​ប​ម្រើ​​​​​​​សិល្បៈ​​សៀក​តាំង​ពី ឆ្នាំ​​១៩៨៤ មក​នៅ​សាកលវិទ្យាល័យ​​​​ភូមិន្ទ​​វិចិត្រ​សិល្បៈ ​តែ​បាន​បាត់​បង់​សមត្ថ​ភាព​ពលកម្មជា​ច្រើន​​​ឆ្នាំ​ហើយ​ ដោយសារ​មានជំងឺ​​​​​ខ្សោយ​ប្រចាំ​កាយ​។ នៅ​​រដូវវស្សា​​​​​នេះ ផ្ទះរបស់​លោក​ក៏​ដូចជា​អ្នក​​ភូមិ​ប្រមាណ​​៣០គ្រួសារទៀត ​​រង​គ្រោះ​ដោយ​​​ទឹក​​ជំនន់​លិច​ផ្ទះ​​​។ ​ថ្មីៗ​នេះ ​​ប្រធាន​ក្រុម​​​បាន​ដើរកត់ឈ្មោះ​​​ប្រជាជនរងគ្រោះ​​​ចំនួន​៣០​គ្រួសារ ​​​ទាំង​ផ្ទះ​គ្រួសារ​របស់​លោកផង​​​ តែ​កាល​ពី​ថ្ងៃទី​​​២ តុលា ​មានគណៈ​ប្រតិភូ​​​​ទៅពី​ភ្នំពេញ ចែ​ក​​អំណោយ​​​ ស្រាប់តែ​​​បាត់ឈ្មោះ​​​​​​គ្រួសារ​របស់​លោក និងប្រជាជន​​​មួយ​ចំនួន​ទៀត។  ​​​មានប្រជា​ជន​​តែ​៧គ្រួសារ​ប៉ុណ្ណោះ​​បាន​ទទួល​​អំណោយ​​​ពីគណៈ​ប្រតិភូ​​។

លោក​សុះ ម៉ាច ​និងក្រុមការងារ​​​បានផ្តល់​អំណោយដែល​​​​បាន​មកពី​​សប្បុរស​ជន​​​នានា​​ជួយ​សមាគម​សិល្បករ​ខ្មែរ​​ផ្តល់​​ជូូន​​គ្រួសារ​​​លោក​ឈិន ​វណ្ណារ៉េត ​ចំនួន​​​២០​ម៉ឺន​រៀល​។
ក្រោ​​យពី​​ផ្តល់​អំណោយ​​ជូន​លោក​វណ្ណារ៉េត រួច​មក លោក​សុះ ម៉ាច ​​និង​ក្រុម​ការងារ​​សមាគម​បាន​​នាំលោក​យាយ​ឡេង បូ អាយុ​​៧២​ឆ្នាំ ​អតីត​ជា​សិល្ប​​ការិនី​ល្ខោនបាសាក់មហា​ជន​ ដែល​​មាន​ជំងឺប្រចាំ​កាយ (ជំងឺ​​កកឈាម​​ស្មា​ខាង​​​ឆ្វេង) ​ទៅព្យា​បាល​​។ កាលពី​អំឡុង​ឆ្នាំ​​១៩៨៨​ ពេល​លោក​យាយ​​សម្តែង​​​​​ជាតួម្តាយ​​អង្គុលីមាល​ត្រូវ​អង្គុលីមា​​​តាម​​សម្លាប់​​​ លោក​យាយ​​​រត់​ចូល​ខាង​ក្នុង​​ឆាក ​ប៉ះ​នឹង​​បង្គោល​ឈើជ្រុង ​​ដួល​រលំ​លើ​ស្មា​ បណ្តាល​​ឱ្យ​គ្រាំ​រហូត​មក​​ដល់បច្ចុប្បន្ន​​​ ។

លោក​យាយ​ឡេង បូ បាន​ឱ្យ​ដឹង​​ថា លោក​យាយ​​ចូល​បម្រើ​សិល្បៈតាំង​ពី​​អាយុ​១៣​ឆ្នាំ ​​មក​ម៉្លេះ ​ពេលនេះ​​​មាន​​វ័យ​ចាស់​​​ជរា ​​មិនចង់​បាន​អ្វី​ក្រៅ​ពី​​​ហូប​ឆ្ងាញ់​​ និង​រស់​នៅ​បន្ត​មួយ​​រយៈទៀត​ប៉ុណ្ណោះ​។ ​​​លោក​​​​យាយ​គ្មាន​​កូន គ្មា​នប្តី​ ​គ្មាន​បង​ប្អូន​ទេ​ សព្វថ្ងៃ​​​រស់នៅ​ក្នុង​សមាគម​របស់​លោក​តា​ហ្វ៊ុយ ហ្សូ ។

ដោយ​​​​ឃើញ​​​លោក​យាយ​ឡេង បូ មានជំងឺ​​​​ លោកសុះ ម៉ាច ​និងក្រុម​ការងារ​​បានអញ្ជើញ​​លោក​​យាយ​ទៅ​ឱ្យគ្រូពេទ្យ​ពិនិត្យ និង​ព្យា​បាល​​​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា កាលពីព្រឹកថ្ងៃទី​​​​៣ តុលា ឆ្នាំ​២០១១ ​ដោយ​ចំណាយថវិកា​របស់​សមាគម​​​​ប្រមាណ​ជាង​៨០ម៉ឺន​​រៀល​ ​​ដោយ​គិត​ទាំង​​ការ​ពិនិត្យ និង​​ថ្នាំ​​សម្រាប់ព្យាបាល​​រហូត​​​ជា​សះ​ស្បើយ​​​​។

លោក​យាយឡេង បូ​ និង​លោក​​ឈិន វណ្ណា​រ៉េត ​​​បា​ន​ថ្លែង​​​​​​អំណរ​គុណ​​ចំពោះ​លោកសុះ ម៉ាច ​និង​ក្រុមការងារ​​សមាគម​​សិល្បករ​ខ្មែរ​ដែល​តែង​តែ​យកចិត្តទុកដាក់​​ចំពោះ​​​សិល្បករ សិល្បការិនី​ចាស់​ជរា​ បាត់បង់​សមត្ថ​ភាព​​ពលកម្ម​។

លោកយាយ ឡេង បូ ​អំពាវ​នាវ​​ចំពោះ​សិល្ប​ករ សិល្បការិនី​​​​ជំនាន់​ក្រោយ ​​និង​សប្បុរស​ជន​នានា​​​ឱ្យ​គាំទ្រ​សមាគម​សិល្បករខ្មែរ​​បន្តទៀត​៕