ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម «រួប​រួម​បង​ប្អូន» នាំអំណោយ​​ជូន​ដល់​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល និង​ថែទាំ​​កុមារ​​កំព្រា

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​ទៅ​នេះ សមាគម​រួបរួម​បងប្អូន (United Brother Association) ហៅ​កាត់ UBA ផ្ដើម​ចេញពី​ទឹកចិត្ដ​មនុស្សធម៌ បាន​​ផ្ដួចផ្ដើម​គំនិត​នាំ​គ្នា​រៃ​អង្គាស​ថវិកា​ទិញ​ជាសម្ភារ​ប្រើប្រាស់ និង​គ្រឿង​​ឧបភោគ ​បរិភោគ​ផ្សេង​ៗ​យក​ទៅ​ផ្ដល់​ជូន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ថែទាំ​កុមារ​​កំព្រា​​ស្ថិត​នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។ ​

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​ទៅ​នេះ សមាគម​រួបរួម​បងប្អូន (United Brother Association) ហៅ​កាត់ UBA ផ្ដើម​ចេញពី​ទឹកចិត្ដ​មនុស្សធម៌ បាន​​ផ្ដួចផ្ដើម​គំនិត​នាំ​គ្នា​រៃ​អង្គាស​ថវិកា​ទិញ​ជាសម្ភារ​ប្រើប្រាស់ និង​គ្រឿង​​ឧបភោគ ​បរិភោគ​ផ្សេង​ៗ​យក​ទៅ​ផ្ដល់​ជូន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ថែទាំ​កុមារ​​កំព្រា​​ស្ថិត​នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

លោក OKEZIE PRINCEWILL EZEKIEL តំណាង​សមាគម​ «រួបរួម​បងប្អូន»​បានឱ្យ​ដឹង​ថា សមាគម​«រួបរួមបង​ប្អូន»​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កំព្រា និង​លុប​បំបាត់​ភាព​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ការ​ផ្ដល់​អំណោយ​លើក​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ កន្លង​មក​សមាគម​ធ្លាប់​បាន​នាំ​យក​​អំណោយ​ផ្ដល់​ជូន​មណ្ឌលកុមារ​កំព្រា​មួយចំនួន​​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក​រួច​មក​ហើយ ដូច​ជា​នៅ​មណ្ឌល​ថែទាំ​កុមារ​កំព្រា​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ​ ​និង​មណ្ឌល​កុមារ​កំព្រា​បៃតង ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម។ ដោយឡែក​ពេល​នេះ ដោយ​មើលឃើញ​ពី​ការ​​លំបាក និង​ការ​ខ្វះ​ខាត​​របស់​កុមារ​កំព្រា​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល និង​ថែទាំ​កុមារ​កំព្រា​ខេត្ដកំពង់ស្ពឺ ទើប​សមាគម​បាន​កៀងគរ​បណ្ដា​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅ​ស្រុក ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​លំបាក​តាម​រយៈ​ការ​ផ្ដល់​ជា​សម្ភារ​​ប្រើប្រាស់​និង​គ្រឿង​ឧបភោគ​បរិភោគ មានអង្ករ​១៥​បាវ​, មី​កញ្ចប់​, ទឹកបរិសុទ្ធ​, ប្រេង​ឆា, ទឹកត្រី​, ទឹកស៊ី​អីុវ, អំបិល​, ប៊ី​ចេ​ង​, ស្ករស​ និង​ម្សៅ​សាប៊ូ។ លោក​​យល់​ថា ​អំណោយ​ទាំងនេះ​មាន​ចំនួន​តិច​តួច​​ស្ដួច​ស្ដើងមែន ប៉ុន្ដែ​វា​អាច​ជួយ​សម្រាល​ការ​លំបាក​របស់​កុមារ​កំព្រា ក៏​ដូច​ជា​អាណាព្យា​បាល​​​ក្នុង​មជ្ឈ​មណ្ឌល​បាន​​មួយ​រយៈ​ដែរ​។

លោក​មឿ​ន ចំរើន ​ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល និង​ថែទាំ​កុមារ​កំព្រា​ខេត្ដកំពង់ស្ពឺ បានឱ្យ​ដឹង​ថា នៅ​ក្នុង​មជ្ឈមណ្ឌល​មាន​កុមារ​កំព្រា​​ក្នុង​បន្ទុក​សរុប​ចំនួន​១៣០​នាក់ ក្នុង​នោះ​ស្រី​៥៥​នាក់ ពួក​គេ​ភាគ​ច្រើន​សុទ្ធតែ​កំព្រា​ឪពុក​ម្ដាយ និង​មួយ​ចំនួន​ទៀត​ជា​ក្មេង​កំព្រា​ដោយ​មាន​ផ្ទុកមេរោគ​ផង​ដែរ ដែល​​មក​ពី​តាម​បណ្ដា​ខេត្ដ​នានា ដូច​ជា​ខេត្ដ​កំពង់​ធំ កំពង់ឆ្នាំង កំពត ស្វាយ​រៀង តាកែវ កំពង់ស្ពឺ និង​ខេត្ដ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ លោក​បន្ដ​ទៀត​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ និង​ថែទាំ​កុមារ​កំព្រា​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩​មក​ម៉្លេះ ហើយ​បាន​ចុះ​បញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០០៦។ មជ្ឈមណ្ឌល​​នេះ​ចាប់​ផ្ដើមដំបូង​មាន​កុមារ​ត្រឹម​​តែ​១៧​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយមក​ដោយសារ​ការ​មាន​ជំនឿ​ទុកចិត្ដ​ពី​បណ្ដា​ម្ចាស់ជំនួយ និងថ្នាក់ដឹកនាំ​កម្ពុជា ដែល​តែងតែ​យក​ចិត្ដ​ទុកដាក់​ក្នុង​ការ​ទំនុកបម្រុង ពិសេស​លោក​ជំទាវ ផេង គ​ន្ធា​បូ​រី និង​លោក​សាយ ឈុំ ពេល​នេះ​ចំនួន​កុមារ​បានកើនឡើង​រហូត​ដល់​១៣០​នាក់ ។​   

លោក​មឿ​ន ចំរើន បាន​ថ្លែងអំណរគុណ​យ៉ាង​​ជ្រាលជ្រៅ​ចំពោះ​ការ​នាំ​យក​អំណោយ​របស់​​សមាគម «​រួបរួម​បងប្អូន​» មក​ជូន​មជ្ឈ​មណ្ឌល​កុមារ​កំព្រា​នេះ ហើយ​លោក​សង្ឃឹមថា សកម្ម​ភាព​ចូលរួម​ចំណែក​រំលែក​នូវ​ក្ដី​លំបាក​របស់​កុមារ​​កំព្រា នឹង​នៅ​តែ​បន្ដ​នា​ពេល​ខាង​មុខ​ទៀត។ លោក​ក៏​​សូម​អំពាវនាវ​ដល់​បណ្ដា​សប្បុរស​ជន​នានា មេត្ដា​ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈ​មណ្ឌល​មួយ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ព្រោះ​បច្ចុ​ប្បន្ន​មជ្ឈមណ្ឌល​កំពុង​ជួប​​ការ​លំបាក​នៅឡើយ។

គួរ​បញ្ជាក់​​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​និង​ថែទាំ​កុមារ​កំព្រានេះ ក្រៅពី​បីបាច់​ថែរក្សា​កុមារ​ ផ្ដល់​ចំណេះដឹង អប់រំ​ក្នុង​សាលា​រដ្ឋ មជ្ឈ​​មណ្ឌល​​ក៏​មានការ​បង្រៀន​ក្រៅ​ប្រព័ន្ធ​ដែរ ​ដូច​ជា​ភាសាបរទេស​និង​ជំនាញ​ផ្សេង​ៗ​​ទៀត៕