ខេត្តតាកែវ ៖ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី៨ មីនា មានរៀបចំប្រជុំផ្សព្វផ្សាយដល់អ្នកបើកបរម៉ូតូដែលល្មើសនឹងច្បាប់ចរាចរណ៍ ដើម្បីឱ្យយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ជៀសវាងរងគ្រោះថ្នាក់ដល់អាយុជីវិត ។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ុន សារិន ស្នងការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីប៉ូលិសចរាចរខេត្ត និងប្រជាពលរដ្ឋជាម្ចាស់ម៉ូតូយ៉ាងច្រើនកុះករ ។
លោកប៉ុក ពលរិទ្ធ នាយការិយាល័យចរាចរណ៍ជើងគោកខេត្ត បានឱ្យដឹងថា ដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើងនោះហើយ ទើបនៅក្នុងឆ្នាំ២០១០ កន្លងមកនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៣៧លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ បានថយចុះ១៤លើក បណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់សរុប៥៨០នាក់ ស្រី១១៧នាក់ ក្នុងនោះស្លាប់៧០នាក់ ស្រី១២នាក់ របួសធ្ងន់២១៤នាក់ ស្រី៦៣នាក់ របួសស្រាល២៩៦នាក់ ស្រី៤២នាក់ ។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាមនុស្ស២៣០លើក កត្តាយានយន្ត៧លើក ខូចខាតយានយន្ត៣៨០គ្រឿង ក្នុងនោះរថយន្តធំ១៨គ្រឿង ខូចធ្ងន់៨គ្រឿង ស្រាល១០គ្រឿង, រថយន្តតូច៧៧គ្រឿង ខូចធ្ងន់២៧គ្រឿង ស្រាល៥០គ្រឿង, ម៉ូតូ២៦២គ្រឿង ខូចធ្ងន់៥៣គ្រឿង ស្រាល២០៩គ្រឿង, យានផ្សេងៗ២៦គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ៥ករណី សម្រួលដោះស្រាយ២២២ករណី និងស្រាវជ្រាវ១០ករណី ។ លោកនាយការិយាល័យចរាចរណ៍បានបន្តទៀតថា ទោះបីជាយើងបានដាក់ប៉ូលិសចរាចរដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋរបស់យើងមួយចំនួននៅតែមិនគោរពច្បាប់ ដោយជិះម៉ូតូអត់ស្លាកលេខ អត់ពាក់មួកសុវត្ថិភាពដដែល ហើយយើងបានចាប់ម៉ូតូទាំងអស់នោះយកមករក្សាទុក ហៅម្ចាស់មកពិន័យ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាណាស់ហើយ ។
លោកវរសេនីយ៍ឯក អ៊ុន សារិន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តនោះ យើងបានចេញចាប់ម៉ូតូដែលគ្មានកញ្ចក់ អត់ពាក់មួកសុវត្ថិភាព និងគ្មានស្លាកលេខ នៅថ្ងៃទី១ និងថ្ងៃទី២ មីនា នៅចំណុចស្ថានីយរថភ្លើងព្រំប្រទល់ជាប់ស្រុកត្រាំកក់ និងដូនកែវ ដោយសារនៅតំបន់នោះជាកន្លែងខារ៉ាអូខេមានមនុស្សមកពីគ្រប់ទិសទី ហើយនៅពេលស៊ីផឹកស្រវឹងពួកគេនឹងនាំគ្នាមកទីនោះ ដើម្បីរកស្រី និងច្រៀងខារ៉ាអូខេ។ ពេលវេលាដែលយើងចុះចាប់នោះចាប់ពីម៉ោង១០និង៣០នាទីយប់ដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ហើយយើងបានប្រមូលម៉ូតូល្មើសច្បាប់ចរាចរណ៍ចំនួន៤៧គ្រឿងគ្រប់ស៊េរីយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ។ លុះនៅព្រឹកថ្ងៃទី៨ មីនា យើងបានហៅម្ចាស់ម៉ូតូទាំងអស់មកទទួលយកម៉ូតូដោយមានលិខិតស្នាមត្រឹមត្រូវ ព្រមទាំងចែកសៀវភៅច្បាប់ចរាចរណ៍ និងចេញលិខិតពិន័យទោសកំហុសតាមច្បាប់ចរាចរណ៍ ។ មិនតែប៉ុណ្ណោះយើងបានឱ្យម្ចាស់ម៉ូតូទាំងអស់នោះ ធ្វើកិច្ចសន្យានៅពេលជិះម៉ូតូត្រូវមានកញ្ចក់ ពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ