ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំណោយ​ និង​ថវិកា​ផ្តល់​ជូន​​កង​ទ័ព​ឈរ​ជើង​នៅ​កោះ​កុង

15 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ កុម្ភៈ ២០១១ លោក​អាំ ផល្លីន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ហេង សំរិន និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និង​លោក​រស់ សុឌី និង​​ភរិយា​បាន​នាំ​អំណោយ​ និង​​ថវិកា​​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ដល់​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទិស​ភូមិ​ភាគ៣​ ខេត្ត​កោះ​កុង​ ។ ​អំណោយ​រួម​មាន​ត្រី​ខ​កំប៉ុង​ចំនួន​៥​កេស​ធំ​ មី​ចំនួន​៦០​កេស​ ប្រេង​ឆា​ចំនួន​១​កេស​ និង​ថវិកា​ចំនួន​៣.៤០០.០០០​រៀល​។

ការ​ប្រគល់​អំណោយទាំង​នោះ​​ធ្វើ​ឡើង​នៅ​ទី​បញ្ជា​ការ​សមរ​ភូមិ​មុខ​​យោធ​ភូមិ​ភាគ​៣​ដែល​មាន​លោក​ឧត្តម​សេនីយ៍​ទោ​ កែវ សាមួន មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៣​ជា​អ្នក​ទទួល និង​ចាត់​ចែង​ជូន​ដល់​ដៃ​កង​កំលាំង​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​យ៉ាង​អង់​អាច​ក្លាហាន​។​ លោក​អាំ ផល្លីន ​បញ្ជាក់​ថា ទោះ​បី​ជា​រូប​លោក ឬ​ក្រុម​គ្រួសារ​ និង​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​មិន​បាន​មក​ឈរ​ជើង​នៅ​លើ​សមរ​ភូមិ​ក៏​ដោយ តែ​ទឹកចិត្ត​ និង​ឧត្តម​គតិ​​ស្ថិត​នៅ​ជាប់​ជា​ដរាប​ជាមួយកង​ទ័ព​សមរ​ភូមិ​មុខ មិន​តែ​ប៉ុណ្ណោះ​តែ​ង​តែ​ផ្តល់​គ្រប់​លទ្ធ​ភាពអ្វី​ដែល​សមរ​ភូមិ​ក្រោយ​មាន គឺ​​​ត្រូវ​តែ​ផ្តល់​ជូន​កំលាំង​សមរ​ភូមិ​មុខ​ឱ្យ​មាន​ដូច​គ្នា រួម​ទាំង​​ការ​ស្នាក់​អាស្រ័យ និង​ការ​ហូប​ចុក​ផង​ដែរ​ ដូច​ពាក្យស្លោក​​ថា «សមរ​ភូមិ​មុខ​ដើម្បី​សមរភូមិ​​ក្រោយ​ សមរ​ភូមិ​ក្រោយ​ដើម្បី​សមរ​ភូមិ​មុខ​»។

លោក​ឧត្តម​សេនីយ៍​ទោ កែវ សាមួន ជួស​មុខ​ឱ្យ​កង​កំលាំង​ដែល​កំពុង​ឈរ​ជើង​នៅ​សមរ​ភូមិ​ជួរ​មុខ​ក៏​ដូច​ជា​ក្នុង​ភូមិ​ភាគ​៣​ទាំង​មូលបាន​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​អាំ ផល្លីន ព្រម​ទាំង​សប្បុ​រស​ជន​ទាំង​អស់​ដែល​បាន​នាំ​អំណោយ​មក​ផ្តល់​ជូន​​កង​ទ័ព​។ ​កាយ​វិការ​នេះ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ស្និទ្ធ​ស្នាល​រវាង​សមរ​ភូមិ​ក្រោយ​ និង​សមរ​ភូមិ​មុខ។ ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្តល់​កំលាំង​ចិត្ត​នេះ​ក្នុង​នាម​កំលាំង​ឈរ​ជើង​នៅ​​យោធ​ភូមិ​ភាគ​៣​ទាំង​មូលបាន​ប្តេជ្ញា​ចិត្ត​​ថា នឹង​ការពារ​បូរ​ណភាព​ទឹក​ដី​កម្ពុជា​មិន​ឱ្យ​បាត់​បង់​មួយ​មីល្លី​ម៉ែត្រ​ឡើយ ៕