ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវក្រួសក្រហមស្ថិតនៅក្នុងឃុំ តាកែន ស្រុកឈូក កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ មីនា ធ្វើឱ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀត រងរបួសក្នុងឧប្បត្តិហេតុក្រឡាប់រថយន្ត ។ តាមការអះអាងពីលោកមេឃុំប្ញស្សីស្រុកកើត ស្រុកកំពង់ត្រាចបានឱ្យដឹងថា ពលរដ្ឋ២នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះម្នាក់ឈ្មោះកេង ភី ភេទប្រុស អាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះកេង ប៉ក់ ភេទស្រី អាយុ២៨ឆ្នាំ ។ ពួកគេទាំង២នាក់នេះគឺជាបងប្អូននឹងគ្នារស់នៅក្នុងឃុំប្ញស្សីស្រុកកើត ។
តាមសាក្សីម្នាក់ទៀតឈ្មោះកេង ទប់ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះរថយន្តកូរ៉េមួយគ្រឿងជាមួយបងៗរបស់ខ្លួន និងអ្នកភូមិសរុបទាំងអស់មានចំនួន១៧នាក់ចេញពីឃុំប្ញស្សីស្រុកកើតក្នុងគោលបំណងទៅបេះស្វាយនៅជិតផ្សារត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។ លុះមកដល់ខាងត្បូងស្រុកដងទង់ រថយន្តបានបុកអ្នកជិះម៉ូតូហើយអ្នកបើកបរមិនបានឈប់មើលហេតុការណ៍នោះទេ គឺខំបើករត់ទៅមុខទាំងភ័យខ្លាចមានសមត្ថកិច្ចដេញតាមពីក្រោយ ធ្វើឱ្យអ្នកបើករថយន្តបាត់ម្ចាស់ការបណ្តាលឱ្យរថយន្តក្រឡាប់សង្កត់បងស្រី និងបងប្រុសរបស់ខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពាក់កណ្តាលផ្លូវពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាមួយអ្នករងរបួសផ្សេងទៀត ។ សូមបញ្ជាក់ថា ជនរងគ្រោះរួមទាំងមនុស្សជាច្រើននាក់ទៀតបានជួលរថយន្តទៅដឹកស្វាយដែលខ្លួនបានទិញពីពលរដ្ឋដើម្បីយកទៅលក់នៅប្រទេសវៀតណាម ក៏ជួបគ្រោះអកុសលបែបនេះតែម្តង ៕
ចែករំលែកព័តមាននេះ