រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ បានដំណើរការស្ថាបនាសួនកុមារថ្មីមួយទៀតនៅខាងមុខផ្សារ សិនជូរីប្លាហ្សា ព្រមទាំងដាក់ឈ្មោះថា សួនកុមារពោធិចិនតុង ដែលមិនធ្លាប់មានកន្លងមកសម្រាប់ឱ្យកុមារលេងដោយឥតគិតថ្លៃ ។ នេះជាសួនកុមារថ្មីមួយទៀត បន្ទាប់ពីសួនកុមារនៅរមណីយដ្ឋានវត្តភ្នំ និងសួនកុមារនៅមុខវត្តបទុមវតី ។ ការងារស្ថាបនាបានអនុវត្តពីថ្ងៃទី៣ មីនា ២០១១ គ្រោងបញ្ចប់រយៈពេល៣ខែទៀត សួននេះមានទំហំធំជាងសួនមុនៗ និងអាចឱ្យកុមារលែងកំសាន្តបានច្រើន ។
មន្ត្រីជំនាញសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការស្ថាបនានេះត្រូវធ្វើការឈូសឆាយរួចចាក់ដីបន្ថែមមានទំហំ៩.០៣៩ម៉ែត្រការ៉េ ក្នុងនោះផ្ទៃសួនស្មៅមានទំហំជាង៤ពាន់ម៉ែត្រការ៉េ ផ្ទៃការ៉ូឡាធំជាងមាន៥ពាន់ម៉ែត្រការ៉េ ។ ដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង កូនប្រឡាយបង្ហូរទឹកមានគម្របបេតុងថ្មដុះ ដាក់បង្គោលភ្លើងចំនួន២៧ដើម ដាក់បង់សម្រាប់អង្គុយលេង និងដាំដើមឈើប្រភេទដើមឈើធំៗ ដូចជាដើមលឿងរាជជាដើម ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកកែប ជុតិមា ឃើញមានការកែលំអអភិវឌ្ឍខ្លាំងក្លា ជាពិសេសស្ថាបនាសួនច្បារ គឺមានន័យថា នៅភ្នំពេញឱ្យតែមានដីសាធារណៈរបស់រដ្ឋនៅទំនេរមានការស្ថាបនាជាសួនច្បារភ្លាម ហើយសួនច្បារចាស់ៗក៏មានការកែលំអថ្មីរួចរាល់ គឺមិនទុកឱ្យនៅទំនេរនោះទេ ធ្វើឱ្យភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ។ គោលបំណងសំខាន់របស់សាលារាជធានីភ្នំពេញ គឺកែលំអលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ និងម្យ៉ាងទៀតជំរុញ ឬបំផុសឱ្យប្រជាពលរដ្ឋហាត់ប្រាណឱ្យបានច្រើនដើម្បីសុខភាពល្អ ៕
ចែករំលែកព័តមាននេះ