ចលនាប្រឆាំងស៊ីអ៊ីតរ៉ាឌីកាល់៣ក្រុមរបស់បារ៉ែនបានទាមទារកាលពីថ្ងៃទី៨ មីនា ឱ្យលុបបំបាត់ចោលរបបរាជានិយមដែលគ្រប់គ្រងអំណាចជាង២សតវត្សមកហើយនៅប្រទេសដែនកោះនេះរួចបង្កើតរបបសាធារណរដ្ឋមួយ។
ក្រុមស៊ីអ៊ីតទាំង៣ក្រុមនេះក្នុងនោះមានចលនា HAK ជាអ្នករៀបចំឱ្យមានការបះបោររបស់ពួកស៊ីអ៊ីតដែលមានភាគច្រើន ធ្វើឱ្យញ័ររញ្ជួយព្រះរាជាណាចក្រនេះចាប់តាំងពីប៉ុន្មានសប្តាហ៍មកហើយទាមទារឱ្យបង្កើតសាធារណរដ្ឋមួយ។
ក្នុងសេចក្តីប្រកាសរួមមួយក្រុមចំរុះត្រីភាគីនេះបានជ្រើសរើសយកការផ្តួលរំលំរបបបច្ចុប្បន្ននៅបារ៉ែន ហើយបង្កើតប្រព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យមួយ។
កាលពីថ្ងៃទី៧ មីនា កន្លងមកនេះ ពលរដ្ឋបារ៉ែនប្រមាណជា៥០០នាក់បានធ្វើបាតុកម្មទាមទារការកែទំម្រង់ប្រជាធិបតេយ្យដោយលើកគ្នាតវ៉ានៅមុខទីស្នាក់ការសភាទាមទារឱ្យមានការលាលែងរបស់រដ្ឋាភិបាលទាំងមូលក្រោយការបង្ក្រាបបាតុកម្មដោយបង្ហូរឈាម។
ចាប់តាំងពី១ខែមកហើយមនុស្ស៧នាក់ស្លាប់ និងជាច្រើនរយនាក់ត្រូវរបួសក្នុងពេលមានអន្តរាគមន៍របស់កងកម្លាំងសន្តិសុខប្រឆាំងពួកបាតុករស៊ីអ៊ីតដែលមានភាគច្រើននៅបារ៉ែន។ ពួកបាតុករដែលបោះជំរំតវ៉ានៅទីលាន PERLE កណ្តាលរាជធានីម៉ាណាម៉ារហូតមកទល់ពេលនេះទាមទារឱ្យរដ្ឋាភិបាលដឹកនាំចាប់តាំងពី៤០ឆ្នាំមកហើយដោយម្ចាស់មារបស់ព្រះមហាក្សត្រហាម៉ាដអ៊ីបន៍ អ៊ីសា អាល់ខាលីហ្វី លាលែងពីតំណែង ៕
ចែករំលែកព័តមាននេះ