ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សង្ឃ​​ទីបេ​ដាឡៃ​ឡាម៉ា ​នឹង​បោះបង់​​ចោល​អំណាច​នយោបាយ

15 ឆ្នាំ មុន

សម្តេច​​សង្ឃ​​ទីបេ​ដាឡៃ​ឡាម៉ា ​បានប្រកាស​​កាលពីថ្ងៃទី​​​១០ មីនា ​ពី​ផែន​ការ​របស់​​ព្រះ​អង្គ​ក្នុង​ការ​​បោះបង់​​ចោល​អំណាច​នយោ​បាយ​​ជា​ប្រមុខ​​ចលនា​ទីបេ ។ នេះ​បើតាមការ​​ឱ្យ​​ដឹង​ដោយ​​គេហទំព័រ​​របស់​​ព្រះអង្គ​ ។​ សម្តេច​​សង្ឃ​ដាឡៃ​ឡាម៉ា ​ជា​មេ​ដឹកនាំ​​សាសនា​​រស់នៅ​នីរទេស​​​ក្នុង​សេចក្តីថ្លែង​ការណ៍​​មួយ​គូសបញ្ជាក់​ថា ​ពលរដ្ឋ​​ទីបេចង់បាន​មេ​ដឹក​នាំ​​​ដែលត្រូវ​ជ្រើសរើស​​ដោយសេរី​ ដោយ​ពលរដ្ឋ​​ទីបេ​​ ជាពិសេស​​​អ្នកដែល​​ខ្ញុំ​អាច​ប្រគល់​​​អំណាច​ទៅ​ឱ្យ ។​

​សម្តេច​សង្ឃ​​រូបនេះ​ថ្លែង​ទៀត​ថា​ នៅថ្ងៃ​ទី​១៤ មីនា ​ខាង​មុខ​ សភា​នឹង​ជួបប្រជុំ​​នៅក្នុង​ទីក្រុង Dharamsala ប្រទេស​ឥណ្ឌា​​ដើម្បី​សម្រេច​​ថា តើ​ត្រូវ​​អនុម័ត​​លើ​សំណើ​របស់​​​ព្រះ​អង្គ​ឬ​ក៏​អត់​។ ​កាលពីខែ​តុលា ឆ្នាំ​​២០១០ ​កន្លង​មក ​​សម្តេច​​​​សង្ឃ​​ដាឡៃ​ឡាម៉ា ​ថ្លែង​ប្រាប់​​ទូរទស្សន៍ CNN ថា ព្រះអង្គ​​ចង់​ចូលនិវត្តន៍​​នៅ​ពេល​ណា​មួយ​នា​ពេល​​ខាង​មុខ ។​ ​សម្តេច​​សង្ឃ​ទីបេ​ថ្លែង​ថា ​«ខ្ញុំ​ជា​មនុស្ស​​ដែរ ដូច្នេះ​​ការចូលនិវត្តន៍​​ជាសិទ្ធិរបស់ខ្ញុំ» ។ ប៉ុន្តែ​​​សម្តេច​មិន​បាន​ឱ្យ​ដឹង​ពីកាល​​បរិច្ឆេទ​​នៃការ​​ចូល​និវត្តន៍​នៅឡើយទេ ៕​