ខេត្តកណ្តាល ៖ លំនៅឋានមួយរបស់អាជីវករលក់មាស និងប្តូរប្រាក់នៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា៤នាក់ ជិះម៉ូតូចូលប្លន់យកអស់គ្រឿងអលង្ការមានមាសចំនួន១៣ តម្លឹង ប្លាទីន១៥តម្លឹង ប្រាក់អាមេរិក៦ពាន់ដុល្លារ ប្រាក់សៀម១ម៉ឺនបាត និងទូរស័ព្ទដៃចំនួន៣គ្រឿង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៦ មីនា។
តាមប្រភពព័ត៌មានពីស្រុកមុខកំពូលឱ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះតាមព័ត៌មានថា ក្រុមចោរមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង ស្លៀកពាក់ស៊ីវិល បានធ្វើសកម្មភាពភ្ជង់ម្ចាស់ផ្ទះឈ្មោះយូរ អេងលី ភេទស្រី អាយុ៦៥ឆ្នាំ ប្រមូលយកគ្រឿងអលង្ការ មានមាស ប្លាទីន ព្រមទាំងប្រាក់ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ពុំមានការរំខានដល់សមត្ថកិច្ចពេលកើតហេតុភ្លាមឡើយ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះលក់មាសប្តូរប្រាក់កំពុងរៀបចំបិទតូបដើម្បីឈប់លក់ ស្រាប់តែមានពួកចោរប្លន់ជិះម៉ូតូ៣គ្រឿង មានគ្នា៤នាក់ បានមកដល់ជិះសម្រុកចូលមកឈប់នៅមុខផ្ទះជនរងគ្រោះក្បែរមាត់ទ្វារ ហើយស្ទុះចូលទៅខាងក្នុងផ្ទះភ្ជង់ដោយកាំភ្លើងខ្លីទៅលើជនរងគ្រោះ និងបានវាយជនរងគ្រោះដោយកាំភ្លើងខ្លីចំក្បាល និងគម្រាមបាញ់បើហ៊ានស្រែក។ ពេលនោះពួកចោរបាននាំគ្នាប្រមូលយកលុយ មាស និងប្លាទីនអស់ជាច្រើន ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
តាមសាក្សីឱ្យដឹងថា ក្រុមចោរជិះម៉ូតូធុន C100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ម៉ូតូ១គ្រឿងម៉ាកវីនឌី ពណ៌ក្រហម គ្មានស្លាកលេខ និង១គ្រឿងទៀតមិនស្គាល់ម៉ាក ពួកចោរស្លៀកពាក់ស៊ីវិល មិនមានបិទមុខទេ។ មានការសន្និដ្ឋានជំហានដំបូងថា ក្រុមចោរមកពីស្រុកឆ្ងាយ ទើបមិនមានការបិទមុខ ហើយហ៊ានប្លន់ទាំងថ្ងៃបែបនេះ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក ប៉ុន្តែដូចរាវម្ជុលក្នុងបាតសមុទ្រ។ ប្រជាពលរដ្ឋនិយាយថា អំពើប្លន់នេះប្រៀបដូចជាពួកចោរបានស្វាគមន៍លោកអធិការប៉ូលិស ដែលទើបតែងតាំងថ្មីបាន២ថ្ងៃ គឺប្រកាសតែងតាំងកាលពីព្រឹកថ្ងៃទី៤ មីនា។ លុះដល់ល្ងាចថ្ងៃទី៦ មីនា កើតមានករណីប្លន់យ៉ាងគឃ្លើននេះតែម្តង ធ្វើឱ្យលោកអធិការនគរបាលតែងតាំងថ្មីក្រហមមុខមិនស្ទើរឡើយ៕
ចែករំលែកព័តមាននេះ