ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​​ការ​ងារ​ផ្នែក​ព័ត៌​មាន​វិទ្យា​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិចណូ)

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលាតិចណូ) នឹងមានរៀបចំការ​តាំង​ពិព័រណ៍ការងារមួយលើផ្នែកព័ត៌មានវិទ្យា (ICT Career Expo) នៅថ្ងៃសុក្រ ទី១៨ និងថ្ងៃសៅរ៍ ទី១៩ មីនា ២០១១ នៅសាលាតិចណូ​ ដែល​នឹង​មាន​ការចូលរួមពីក្រុមហ៊ុនបំរើសេវាកម្មខាង​ផ្នែក​ព័ត៌មានវិទ្យាចំនួន១៧ក្រុមហ៊ុន។

គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បី បង្កើតអោយមានការជួបជុំគ្នារវាងអ្នកស្វែងរក​ការងារធ្វើ ជាមួយនឹងក្រុមហ៊ុនខាងផ្នែកព័ត៌មានវិទ្យាដែលត្រូវការជ្រើសរើសបុគ្គលិកមាន​សមត្ថ​ភាពខ្ពស់ ដើម្បីបំពេញការងារ ។ និស្សិត​ដែល​កំពុងតែសិក្សាផ្នែកព័ត៌មានវិទ្យា ក៏អាច​មាន​ឱកាសស្វែងយល់អំពីទីផ្សារការងារដែល ក្រុមហ៊ុននានាកំពុងតែផ្តល់អោយ។

នៅក្នុងឱកាសពិព័រណ៍នេះ​ដែរ ស្តង់​សម្ភាសន៍​ការងារមួយនឹងរៀបចំឡើងដើម្បីអោយក្រុម​ហ៊ុន​ដែលចូលរួមពិព័រណ៍អាចធ្វើការសម្ភាស ​ជ្រើសរើសបុគ្គលិកភ្លាមៗនៅនឹងកន្លែង ។ ហើយ​ក្នុង​ពេលជាមួយគ្នានោះដែរ សាលាតិចណូ ក៏នឹង​រៀបចំបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យ​ព័ត៌មានវិទ្យា ពីសំណាក់វាគ្មិនដែលជាអ្នកជំនាញ​មកពីក្រុមហ៊ុនព័ត៌មានវិទ្យាធំៗនៅកម្ពុជា ។

នៅ​ក្នុងបទបង្ហាញនេះ ក៏មានវាគ្មិនដែល​ជាអ្នក​អា​ជីពក្នុងជំនាញផ្សេងៗក្នុងផ្នែកព័ត៌មាន​វិទ្យា ដូចជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នករចនា​គេហទំព័រ អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ នឹងមកបង្ហាញ​ពី​ភារកិច្ចដែលគាត់ត្រូវទទួលខុសត្រូវ និងជំនាញ​ដែលគាត់ត្រូវមានដើម្បីក្លាយ​ទៅជា​អ្នកជំនាញក្នុងអាជីពរបស់គាត់។ ហើយកម្មវិធី​ចុងក្រោយ គឺជាការចាប់រង្វាន់រកអ្នកឈ្នះ​រង្វាន់​កុំព្យូទ័រ NetBook មួយគ្រឿង និងរង្វាន់ផ្សេងៗទៀតដោយការចូលរួមលេងហ្គេម​ឆ្លើយ​សំណួរ​ផ្សេងៗដែលទាក់ទងទៅនឹងបច្ចេកវិទ្យាព័ត៌មាន​នៅលើគេហទំព័ររបស់ពិព័រណ៍​www.itc.edu.kh/ict