ខេត្តក្រចេះ ៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង៣០ ខែសីហា ឆ្នាំ២០១១ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលរួមដំណើរដោយលោកជំទាវជាឧបនាយករដ្ឋមន្ត្រី លោកជំទាវ ឯកឧត្តមក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តក្រចេះ។
នៅរសៀលថ្ងៃទី២៩ ខែសីហា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយឧបត្ថម្ភជូនគ្រួសារអ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងជនចាស់ជរាគ្មានទីពឹងចំនួន១.១២៩គ្រួសារមកពីក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។ ពិធីជួបសំណេះសំណាលប្រារព្ធធ្វើឡើងនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងគណៈប្រតិភូអមដំណើរបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាឧបត្ថម្ភជូនគ្រួសារផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងជនចាស់ជរាគ្មានទីពឹងចំនួន១.៥៦៧គ្រួសារដែលមកពីក្រុងក្រចេះ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ។ ពិធីចែកអំណោយនេះបានរៀបចំឡើងក្នុងបរិវេណរោងចក្រក្រដាស ស្ថិតក្នុងភូមិហាន់ជ័យ១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
សរុបគ្រួសារដែលទៅទទួលអំណោយទាំង២លើកនេះមានចំនួន២.៦៩៦គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីយើង១កេសតូច ត្រីខ១០កំប៉ុង ក្រមា១ សារុង១ ភួយ១ មុង១ ទឹកបរិសុទ្ធ១កេស កំណាត់ស១ដុំ និងថវិកា៣មឺុនរៀល។ ឧបត្ថម្ភជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងនោះមានមណ្ឌលសុខភាពក្រចេះ និងមណ្ឌលសុខភាពសំបូរ មន្ទីរពេទ្យបង្អែកឆ្លូង មណ្ឌលសុខភាពព្រែកប្រសព្វ មណ្ឌលសុខភាពជ្រោយថ្ម មណ្ឌលសុខភាពឃុំកញ្ជរមណ្ឌលសុខភាពឃុំពង្រ និងមណ្ឌលសុខភាពដំរីផុង ដែលក្នុង១កន្លែងទទួលបានថ្នាំបំបាត់ឈឺក្បាល៤.៨០០គ្រាប់ ថ្នាំបំបាត់ឈឺចាប់៤.៨០០គ្រាប់ ថ្នាំផ្សះ៤.០០០គ្រាប់ ថ្នាំបំបាត់ជំងឺផ្តាសាយ៣.៦០០គ្រាប់ និងថ្នាំបំបាត់រាក២.៤០០គ្រាប់។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋទាំង២កន្លែង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងចូលរួមរំលែកក្តីទុក្ខលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ជាពិសេសចូលរួមមរណទុក្ខជាមួយគ្រួសារដែលបាត់បង់សមាជិកគ្រួសារបណ្តាលមកពីលង់ទឹកស្លាប់ក្នុងពេលមានគ្រោះទឹកជំនន់។ ជាមួយគ្នានេះដែរ ក៏សូមនាំមកជាមួយនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចធម្មពោធិសាលជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រីហេង សំរិន ដែលជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់នូវក្តីនឹករលឹកជាមួយនឹងការជូនសព្ទសាធុការពរដល់ប្រជាពលរដ្ឋសូមប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានរំលឹកអំពីប្រវត្តិតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចទាំង៣ទទួលបានជ័យជម្នះនាថ្ងៃ៧ មករា ១៩៧៩ ជាប្រវត្តិសាស្ត្រ នាំប្រទេសជាតិ និងប្រជាពលរដ្ឋឈានឆ្ពោះទៅកាន់ដំណាក់កាលសុខសន្តិភាព បង្រួបបង្រួមជាតិ និងមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរួមចំណែកយ៉ាងធំធេង និងប្រសិទ្ធភាពក្នុងការលុបបំបាត់ភាពប្រទូស្តរា៉យរវាងខ្មែរ និងខ្មែរធ្វើឱ្យសង្គមជាតិទាំងមូលមានសុខុដុមរមនាទាំងផ្លូវចិត្ត និងផ្លូវកាយ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានជម្រាបជូនផងដែរថា រាល់អំណោយដែលត្រូវបានយកមកជូនដល់ដៃបងប្អូនរងគ្រោះគឺបានមកពីការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក្រៅពីនេះទិវា៨ ឧសភា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ក៏បានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសប្បុរសជនជាថវិកា សម្ភារ ដែលក្នុងនោះថវិកាមួយចំនួនត្រូវបានថ្នាក់កណ្តាលបែងចែកជូនដល់សាខាខេត្តមួយចំនួនដែលពុំទាន់មានលទ្ធភាពស្វែងរកមូលនិធិដើម្បីឱ្យសាខាទាំងនោះបំពេញប្រតិបត្តិការជួយជនរងគ្រោះក្នុងខេត្តរបស់ខ្លួន។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ក្នុងពេលទឹកស្រកទៅវិញត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រកបមុខរបរចិញ្ចឹមជីវិតដើម្បី លើកកម្ពស់ជីវភាពរស់នៅឱ្យបានប្រសើរឡើង និងត្រូវយកចិត្តទុកដាក់រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត តាមរយៈការដាំទឹកឆ្អិនដើម្បីការពារជំងឺនានា។ រីឯស្ត្រីមានផ្ទៃពោះ និងស្ត្រីមានផ្ទៃពោះ ហើយផ្ទុកមេរោគអេដស៍ក៏ត្រូវយកចិត្តទុកដាក់ឧស្សាហ៍ទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យតាមការកំណត់ ព្រោះថា ស្ត្រីមានផ្ទៃពោះមានផ្ទុកមេរោគអេដស៍ បច្ចុប្បន្នក្រសួងសុខាភិបាលមានវិធីសាស្ត្រការពារមិនឱ្យកូនក្នុងផ្ទៃឆ្លងមេរោគនេះពីម្តាយបានឡើយ។ ជាទូទៅស្ត្រីមានផ្ទៃពោះពេលឆ្លងទន្លេត្រូវរូតរះរកពេទ្យដែលមានឯកទេសខាងឆ្មបពិតប្រាកដត្រឹមត្រូវទើបធ្វើឱ្យចៀសវាងបាននូវគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្តាយទាំងកូន។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវដល់មាតា បិតា អាណាព្យាបាលមិនត្រូវធ្វេសប្រហែស ដោយត្រូវពិនិត្យរក្សាកូនចៅតូចៗឱ្យបានគត់មត់ ខ្លាចក្រែងជួបគ្រោះលង់ទឹកស្លាប់ និងអំពាវនាវឱ្យយកចិត្តទុកដាក់អប់រំកូនចៅកុំឱ្យប្រព្រឹត្តអំពើអបាយមុខនានា និងកុំសេពគ្រឿងញៀន។ល។ ចំពោះបុរសៗដែលជាប្តីមិនត្រូវនាំអេដស៍ចូលផ្ទះ ឬប្រសិនបើខ្លួនមានផ្ទុកមេរោគអេដស៍មិនត្រូវបន្តចម្លងដល់អ្នកដទៃទៀតឡើយ។ ត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរឱ្យបានត្រឹមត្រូវ ចៀសវាងកើតមានករណីគ្រោះថ្នាក់ ព្រោះថា បញ្ហានេះបានបង្កឱ្យមនុស្សស្លាប់ច្រើនជាងជំងឺអេដស៍ទៅទៀត។ ចំពោះការកាត់បន្ថយការចម្លងមេរោគអេដស៍ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់គ្រួសារទទួលបានភាពសុខដុមរមនា កាត់បន្ថយការចំណាយឥតប្រយោជន៍គឺបានសេចក្តីថា នោះហើយជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏បានទទួលថវិកាពីប្រតិភូអមដំណើរ និងសប្បុរសជនដែលមានទឹកចិត្តឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាសរុបចំនួន៣៣.៣០០ដុល្លារអាមេរិកនិង៦.៨០០.០០០រៀល ហើយថវិកាទាំងនេះត្រូវបានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះដើម្បីបម្រើកិច្ចការមនុស្សធម៌ជួយដល់ជនរងគ្រោះដែលក្នុងនោះមានការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងការខូចខាតដោយគ្រោះទឹកជំនន់ផងដែរ ៕
ចែករំលែកព័តមាននេះ