រាជធានីភ្នំពេញ ៖ អំណោយរបស់អឌ្ឍចន្ទ ក្រហម នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលផ្តល់តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសថៃ ត្រូវបានលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា នាំយកទៅចែកជូនដល់សាសនិកអ៊ិស្លាមក្រីក្រចំនួន៤០៧គ្រួសារ និងកុមារកំព្រាចំនួន១៧៥នាក់ នៅក្នុងខណ្ឌឫស្សីកែវ និងស្រុកមុខកំពូល ខេត្តកណ្តាល។
ពិធីនេះបានរៀបចំឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ សីហា នៅវិហារគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាម និងតំណាងម្ចាស់អំណោយ ថ្នាក់ដឹកនាំអ៊ិស្លាម ពលរដ្ឋខ្មែរអ៊ិស្លាម និងកុមារកំព្រាយ៉ាងច្រើនកុះករ ។ អំណោយដែលនាំយកទៅចែកជូនក្នុងឱកាសនោះ សម្រាប់ប្រជាពលរដ្ឋចំនួន៤០៧គ្រួសារមកពីសង្កាត់ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុង១គ្រួសារទទួលបានអង្ករ១៥គីឡូក្រាម កុមារកំព្រាចំនួន១៧៥នាក់ ម្នាក់ៗទទួលបានខោអាវ១កំប្លេ ។ ដោយឡែកលោកឧកញ៉ាអូស្មាន ហាស្សាន់ បានផ្តល់អំណោយបន្ថែមទៀតជូនដល់កុមារកំព្រាក្នុងម្នាក់ៗចំនួន៥ពាន់រៀល ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឱ្យដឹងថា នៅក្នុងខែបួសរ៉ាម៉ាឌនឆ្នាំនេះ សាសនិកអ៊ិស្លាមទូទាំងប្រទេសបានទទួលអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមិនតិចជាង៦០ម៉ឺនដុល្លារនោះទេ ដែលនេះគឺជាការចូលរួមជួយសម្រួលការលំបាករបស់បងប្អូនអ៊ិស្លាមក្រីក្រ ។ ថ្ងៃនេះជាលើកទី២៦ ហើយដែលថ្នាក់ដឹកនាំអ៊ិស្លាមបានយកអំណោយមកចែកជូនដល់សាសនិកអ៊ិស្លាមនៅតាមបណ្តារាជធានី-ខេត្តមួយចំនួននៅទូទាំងប្រទេស ។ ដោយឡែកលោកឧកញ៉ាបានចុះចែកផ្ទាល់១៧លើក និងមួយចំនួនទៀតគឺមានតំណាងរបស់លោកចុះជួយចែក។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បន្តទៀតថា អំណោយដែលនាំយកមកចែកជូនដល់សាសនិកអ៊ិស្លាម និងកុមារកំព្រានៅពេលនេះ ជាអំណោយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួម អេមីរ៉ាត ដែលបានផ្តល់មកអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងនាមអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងថ្នាក់ដឹកនាំអ៊ិស្លាមទាំងអស់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនប្រទេសម៉ាឡេស៊ី ប្រទេសអារ៉ាប់រួម អេមីរ៉ាត និងប្រទេសអ៊ិស្លាមមួយចំនួនទៀត ដែលតែងផ្តល់អំណោយដល់សហគមន៍អ៊ិស្លាមកម្ពុជា និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកូវ៉ែត ដែលបានផ្តល់ថវិកាកសាងមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ជាការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ចែករំលែកព័តមាននេះ