ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​​ពារប្រទេស​​អាមេរិក​ទៅកាន់​​អាហ្វហ្គានីស្ថាន​​​ចំពេល​​មាន​ភាព​តានតឹង​​​ថ្មី

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​​សហរដ្ឋ​អាមេរិក​​​ លោករ៉ូបែត​ ហ្គេត ​​បាន​អញ្ជើញ​​​ទៅ​ដល់​​ទីក្រុង​​កាប៊ុល ​ប្រទេស​អាហ្វហ្គានីស្ថាន ​កាល​ពី​ព្រឹកថ្ងៃទី​​៧ មីនា ​សម្រាប់ទស្សនកិច្ច​​មិន​ប្រកា​ស​ទុក​ជាមុន​​មួយ​នៅ​ប្រទេស​នេះ ។​ នេះជា​​ទស្ស​ន​កិច្ច​​​លើកទី​១៣ របស់​លោក​រ៉ូបែត ហ្គេត ទៅកាន់​ប្រទេស​អាហ្វហ្គានី​ស្ថាន​​ក្នុង​នាមជា​​ប្រមុខ​​មន្ទីរ​ប៉ង់តាហ្គោន ។​
តាម​​ប្រភពព័ត៌​មាន​ថា ​ក្នុងអំឡុង​ពេលនៃ​ទស្សន​កិច្ច​​នោះលោក​​រ៉ូបែត ហ្គេត ​គ្រោង​​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​​​កងទ័ព និង​​ជួប​​ពិភាក្សា​​​​ជា​មួយ​​មន្ត្រី​​ជាន់​ខ្ពស់​​​នានា និង​​ជួបជាមួយ​មេ​ដឹកនាំ​​អាហ្វហ្គានី​ស្ថាន​​លោកហាមីដ កាហ្សៃ​​ ផង​ដែរ ។​
នៅពេលអញ្ជើញ​​ដល់ក្រុងកាប៊ុល​​ លោករ៉ូ​ប៊ែត​​ ហ្គេត ​ទទួល​ស្វាគមន៍​​​ដោយ​លោក David Petraeus មេបញ្ជា​ការ​​កង​កម្លាំង​​អង្គការ​អូតង់ ​​​និង​អាមេរិក​ប្រចាំ​​ប្រទេស​អាហ្វហ្គានីស្ថាន ។​
ទស្ស​នកិច្ច​​របស់លោក​រ៉ូបែត​ ហ្គេត ​ទៅកាន់​​​អាហ្វហ្គានីស្ថាន​​​ធ្វើឡើង​​ចំពេល​កំពុង​​មាន​ភាព​តាន​តឹង​​​​ថ្មីរវាង​​​លោកហាមីដ កាហ្សៃ ​និង​​ឧត្តម​​សេនីយ៍ David Petraeus ចំពោះការ​​ស្លាប់​​​ក្មេង​ប្រុស​​អាហ្វហ្គានីស្ថាន​៩​នាក់​នៅ​​ក្នុងប្រតិបត្តិ​ការ​​របស់​ឧទ្ធម្ភាគចក្រ​​​​អាមេរិក​​ប្រឆាំង​​ពួក​បះ​បោរ ។​
លោក Petraeus និង​​ប្រធានាធិបតី​​អាមេរិ​ក​​លោក​​បារ៉ាក់ អូបាម៉ា ​បានសុំ​​ទោស​​ជា​សាធា​រណៈ​ចំពោះ​​ឧប្បត្តិហេតុ​​នោះ ប៉ុន្តែ​លោកប្រធា​នា​ធិបតី​​កាហ្សៃ ​លើកឡើង​ថា ការ​សុំទោស​​នេះវា​មិន​​ទាន់គ្រប់​​គ្រាន់ទេ ។​
តាមប្រភពព័ត៌​មាន​ពីមន្ទីរ​​ប៉ង់​តាហ្គោន​​ថា ក្រោយ​ពី​បញ្ចប់​​ទស្សន​កិច្ច​​​នៅអាហ្វហ្គានីស្ថាន​​​​លោក​រ៉ូបែត ​ហ្គេត នឹង​​អញ្ជើញ​​ទៅ​កាន់​​ទីក្រុង​​​សូត​ហ្គាត ​​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​​​សួរ​សុខទុក្ខ​​​​កង​ទ័ព​អាមេរិក​នៅ​​ទីនោះ​​​ បន្ទាប់មក​​បន្ត​ទៅ​កាន់ទីក្រុង​​​ព្រុច​​សែល​​ ប្រទេស​​បែលហ្ស៊ិក ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការ​​ពារ​ប្រទេស​​អង្គការ​អូ​តង់ ៕