ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០១១ ដែលជាខែបួសរ៉ាម៉ាដន លោកឧកញ៉ាអូស្មាន ហាស្សាន់ និង លោកជំទាវ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខនិងនាំអំណោយទៅចែកជូនសាសនិកអ៊ិស្លាមនៅភូមិពង្រស្រុកឆ្លូង ខេត្តក្រចេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលស្រុកឆ្លូងរួចមកលោកឧកញ៉ាសុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាអ៊ិស្លាមកម្ពុជា បានណែនាំដល់សាសនិកអ៊ិស្លាមទាំងអស់ត្រូវខិតខំប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីអ៊ិស្លាមឱ្យបានត្រឹមត្រូវ ដែលនេះជាការបួសបំពេញកាតព្វកិច្ចទី៤របស់សាសនាអ៊ិស្លាម។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសាសនិកខ្មែរអ៊ិស្លាមលោកឧកញ៉ាអូស្មាន ហាស្សាន់ បានលើកឡើងថា ខែនេះជាខែបួសដ៏ល្អលើសខែដទៃទៀត ដែលសាសនិកអ៊ិស្លាមនៅទូទាំងពិភពលោកបានចូលរួមប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកកាន់សាសនាអ៊ិស្លាម។ ជាមួយនឹងពិធីកាន់បួសខែរ៉ាម៉ាដននេះ អង្គការមូលនិធិអភិវឌ្ឍមូស្លីម-កម្ពុជាតែងតែទទួលបានជំនួយសប្បុរសធម៌ពីសប្បុរសជន ក្រុមហ៊ុន និងអង្គការសប្បុរសធម៌នានា ដែលកាន់សាសនាដូចគ្នា នាំមកជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនជារៀងរាល់ឆ្នាំ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិនូវជំនឿសាសនាទៅតាមការពេញចិត្តរៀងៗខ្លួន។ េហតុនេះបានជាគ្រប់សាសនាទាំងអស់រស់នៅជាមួយគ្នា ដោយសុខដុមរមនា និងគ្មានការរើសអើង។ លោកឧកញ៉ាបានអំពាវនាវដល់បងប្អូនទាំងអស់ ក្រៅពីគោរពជំនឿសាសនា បងប្អូនត្រូវចេះរួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ជាពិសេសចូលរួមអនុវត្តឱ្យបានល្អ នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឱ្យសហគមន៍ដែលយើងកំពុងរស់នៅគ្មានការភ័យខ្លាច និងធានាបាននូវសន្តិសុខ សន្តិភាពល្អ។
នៅក្នុងឱកាសនោះដែរ លោកឧកញ៉ា និងលោកជំទាវ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំនួន២.០០០ដុល្លារជូនគណៈកម្មការវិហារភូមិពង្រដើម្បីសងថ្លៃជាងកំពុងសាងសង់វិហារព្រមទាំងបាននាំអំណោយសប្បុរសធម៌នូវគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ ផងដែរ។ អំណោយនេះមួយគ្រួសារទទួលបានសម្ភារមួយកញ្ចប់រួមមាន៖ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកសេរ៉ូ សរុប១.២០០ដុល្លារ។ លោកគ្រូសាសនាអ៊ិស្លាមចំនួន៥៤នាក់ ម្នាក់ៗទទួលបាន១០០.០០០រៀល ស្មើនឹង៥.៤០០.០០០រៀល។ ឧបត្ថម្ភដល់វិហារចំនួន៤១ ដែលវិហារនីមួយៗទទួលបាន៣០០.០០០រៀល សរុប១២.៣០០.០០០រៀល។ គម្ពីរគួរអានចំនួន១.០០០ក្បាល ស្មើនឹង១២.០០០ដុល្លារ ។កម្រាលព្រំសម្រាប់ថ្វាយបង្គំចំនួន៣០ស្មើ៤៥០ដុល្លារ ពពែ៦ក្បាលស្មើ៦៦០ដុល្លារ។ អំណោយទាំងអស់នោះសរុបជាទឹកប្រាក់ចំនួន២០.៧៣៥ដុល្លារអាមេរិក ដែលជាអំណោយរបស់អង្គការមូលនិធិអភិវឌ្ឍមូស្លីម-កម្ពុជា៕
ចែករំលែកព័តមាននេះ