ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រមូល​ទិញ​ដំឡូង​មី​ត្អូញ​ត្អែរ​ពី​ការ​ទារ​លុយ​ក្បាល​ឡាន

15 ឆ្នាំ មុន

ខេត្ត​រតន​គីរី​ ៖ អាជីវ​ករ​ប្រកប​របរ​ដឹក​ជញ្ជូន​ដំឡូង​មី​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ទ្វារ​ខេត្ត​កំពង់​ចាម​បាន​ប្តូរ​ទិស​មក​ដឹក​ជញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​វិញ​ ប៉ុន្តែ​បាន​ត្អូញ​ត្អែរ​ពី​ការ​បង់​ថ្លៃ​ក្បាលឡាន​ច្រើន​ស្ថាប័ន​ និង​បាន​សំណូម​ពរ​ឱ្យ​មាន​ការ​ចុះ​ថ្លៃ​ពី​សមត្ថ​កិច្ច​ដែល​តំរូវ​ឱ្យ​បង់​ថ្លៃ​ផង​ដែរ ។ ការ​ប្រមូល​ទិញ​កសិ​ផល​ពី​កសិករ​ គឺ​ជា​ការ​រួម​ចំណែក​មួយ​រក​ទី​ផ្សារ​ឱ្យ​កសិ​ករ​ដែរ​ តែ​បើ​គិតថា​ការ​ដឹក​កសិ​ផល​ប្រៀប​ដូច​ទំនិញ​​ផ្នែក​ឧស្សាហ​កម្ម​នោះ​ ហើយ​ទារ​ថ្លៃ​ក្រៅ​ផ្លូវ​ការ​ច្រើន​​ពេក​ពួក​​គេ​នឹង​បោះ​បង់​មុខរបរ​នេះ​ ។ ដូច្នេះ​​អ្នក​ទទួល​ផល​​លំបាក​គឺ​កសិករ​ដែល​ទទួល​បាន​ទិន្ន​ផល​ ហើយ​រក​ទី​ផ្សារ​មិន​បាន​។

ចាប់​តាំង​ពី​ដើម​រដូវ​មក​ប្រជា​ពល​រដ្ឋប្រកប​របរ​ធ្វើ​ចំការ​ ដាំ​ដំឡូង​មី​កំពុង​ពេញ​ប្រមូល​ផល ហើយ​ក្រុម​អាជីវ​ករ​ដែល​ប្រមូល​ទិញ​ពី​ចំការ​ខ្លះ​ទិញ​ម៉ៅ​ជា​ហិកតា​ ខ្លះ​ទៀត​ប្រមូល​ទិញ​ដោយ​ថ្លឹង​គីឡូ​ដល់​ចំការ​តែ​ម្តង​ ។ ការ​ដឹក​ជញ្ជូន​ភាគ​ច្រើន​ គឺ​យក​​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​នានា​ក្នុង​ខេត្ត​កំពង់​ចាម​ ព្រោះ​នៅ​ទី​នោះ​លក់​បាន​ថ្លៃ​​ក្នុង​មួយ​គីឡូ​ក្រាម​ប្រមូល​ទិញ​ពី​ចំការ​មាន​តំលៃ​៧៥០​រៀល។​ បើ​ទិញ​ពី​ក្នុង​ឃ្លាំង​ស្តុក​តំលៃ​ពី៧៥០​ទៅ​៨៥០​​រៀល​។​ សំរាប់​​​ដំឡូង​មី​ហាល​ស្ងួត​នៅ​ខេត្ត​រតន​គិរី​ ហើយ​​លក់​ចេញ​បាន​ក្នុង​តម្លៃ​​រហូត​ដល់​៩៨០​រៀល​ទៅ​៩៩០​រៀល​ ។​

​អាជីវ​ករ​ដឹក​ជញ្ជូន​តាម​រថ​យន្ត​យី​ឌុប​ដែល​អាច​ផ្ទុក​​បាន​២០​តោន​បាន​ត្អូញ​ត្អែរ​ថា គាត់​ធ្លាប់​ដឹក​ដំឡូង​​​មី​ស្ងួត​​តាម​រថ​យន្ត​ទៅ​ខេត្ត​កំពង់​ចាម​ទៅ​លក់​នៅ​ច្រក​ទ្វារ​ដូង​៧​ដើម​ក្នុងស្រុក​​មេមត់​ ជួន​កាល​គាត់​បន្ត​​ដឹក​តាម​ច្រក​អ្នក​លឿង​ចេញ​តាម​ច្រក​ក្អម​សំណ​ខេត្ត​កណ្តាល​។​ គាត់​​ត្រូវ​ចំណាយ​ប្រាក់​បង់​ថ្លៃ​ក្បាល​រថ​យន្ត​ឱ្យ​កុង​ត្រូល​​ជជុះ​អស់​យ៉ាង​ច្រើន​ វា​ផ្ទុយ​ស្រឡះ​ពី​ប្រសាសន៍​សម្តេច​តេជោ​​ដែល​ថា ផលិត​ផល​​កសិ​ផល​ក្នុង​ស្រុក​បើដឹក​ជញ្ជូន​ ឬ​​នាំ​ចេញ​ សមត្ថ​កិច្ច​មិន​ត្រូវ​យក​ប្រាក់​ពី​ពួក​គាត់​ទេ គឺ​ជា​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​ ។ ប៉ុន្តែ​ធាតុ​ពិត​ពួក​គាត់​នៅ​តែ​ទទួល​រង​ការ​ជំរិត​ទារ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ពី​សំណាក់​សមត្ថ​កិច្ច​ដាក់​កុង​ត្រូល​ជជុះ​នៅ​លើ​ដង​ផ្លូវ​ដដែល​។​

អាជីវ​ករ​រូប​នោះ​​បន្ត​ទៀត​ថា ទោះ​ជា​សមត្ថ​កិច្ច​យក​ប្រាក់​ពី​ពួក​គាត់​ក៏​យក​ចុះ​ ប៉ុន្តែ​សុំ​យក​តម្លៃ​ល្ម​មៗ​បាន​ហើយ ព្រោះ​ពួក​គាត់​ដឹក​ជញ្ជូន​ឆ្ងាយ​ ​ចំណេញ​តិច​តួច​ ខណៈ​កសិ​ផល​លក់​ចេញ​មិន​បាន​ថ្លៃ​ទេ​។ គាត់​ដឹក​ជញ្ជូន​ក្នុង​មួយ​ជើង​​គិត​ពី​ខេត្ត​រតន​គិរី​ទៅ​ខេត្ត​កំពង់​ចាម​ត្រូវ​បង់​ប្រាក់​ជូន​សមត្ថកិច្ច​ជា​ច្រើន​កន្លែង គឺ​​ពេល​ចេញ​ពី​គោល​ដៅ​ក្នុង​ខេត្ត​រតន​គិរី​ត្រូវ​បង់​ប្រាក់​ឱ្យ​ប៉ូលិស​​ចរា​ចរ​ចំនួន​២​ម៉ឺន​រៀល​ ជញ្ជីង​ថ្លឹង​ក្នុង​ខេត្ត​រតន​គិរី​ពី​៥​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​ ស្ពាន​ស្រែ​​ពក១០​ម៉ឺន​រៀល​ ដល់​អូរ​ពង​មាន់​ខេត្ត​ស្ទឹង​ត្រែង​ចាប់​ពី ៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ បើ​លើស​ទម្ងន់​​ត្រូវ​បង់​ផាក​ពិន័យ​១០​ម៉ឺន​រៀលក្នុង​១​តោន​ ទៅ​ដល់​ផ្លូវ​កែង​ខ្លា​ស្ទុះ​ ខេត្ត​ក្រចេះ​​ត្រូវ​បង់​ប៉ូលិស​​ចរា​ចរ​២​ម៉ឺន​រៀល ​នៅ ក្នុង​ស្រុក​ស្នួល​ត្រូវ​បង់​ប៉ូលិស​ចរា​ចរ​២​ម៉ឺនរៀល​​ ជញ្ជីង​ថ្លឹង​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​​រហូត​ដល់​ច្រក​ដូង​៧​ដើម​ខេត្ត​កំពង់​ចាម​ ស្រុក​មេ​មត់​បង់​ថ្លៃ​រួម​តែ​ម្តង​ គឺ​១៥​ម៉ឺន​រៀល ។ បើ​បន្ត​ដំណើរ​ដឹក​ជញ្ជូន​​ដល់​អ្នក​លឿង​ត្រូវ​បង់​​ជញ្ជីង​ថ្នល់​ទទឹង​ចាប់​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​ ។ ដល់​ចំណុច​ជិត​ទី​រួម​ខេត្ត​ព្រៃ​វែង​ជញ្ជីង​ថ្លឹង​ចំនួន​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​​​ ដោយ​គិត​តាម​ចំនួន​ភ្លៅ​រថ​យន្ត​។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​តម្លៃ​​ដំឡូង​មី​នៅ​ច្រក​ទ្វារ​អូ​រ​យ៉ា​ដាវ​មាន​ហាង​ឆេង​បនិ្តច​ គឺ​ពី​មុន​តែ​៨​២០​រៀល​ប៉ុណ្ណោះ​ ឥឡូវ​ឡើង​ដល់​៨៧០​រៀល​ហើយ​​ទើប​ពួក​គាត់​នាំ​គ្នា​សំរុក​ដឹក​ជញ្ជូន​មក​តាមច្រក​អូរ​យ៉ា​ដាវ​វិញ​ម្តង។​ ពួក​គាត់​បាន​ប្រាប់​ថា ទើប​តែ​រយៈ​ពេល​ជាង​កន្លះ​ខែ​នេះ​ទេ ដែល​ហាង​ឆេង​នៅ​ទី​នោះ​ឡើង​ខ្ពស់​បន្តិច​។ រដូវ​ប្រមូល​ដំណាំ​ដំឡូង​មី​​មាន​តែ​រយៈ​ពេល​បី​ខែ​ប៉ុណ្ណោះ​រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​រយៈ​ពេល​កន្លះ​ខែ​ទៀត​ដែល​ប្រមូល​បាត​ឃ្លាំង​​ខ្លាច​ដល់​រដូវ​ភ្លៀង​ពិបាក​ក្នុង​ការ​ហាល​សម្ងួត​អាច​ដុះ​ផ្សិត​ខូច​គុណ​ភាព​។

គាត់ឱ្យ​ដឹង​​ថា ការ​ដឹក​ជញ្ជូន​ចេញ​ពី​ខេត្ត​រតន​គីរី​​ទៅ​ច្រក​ទ្វារ​​អូរ​យ៉ាដាវ​គឺ​ត្រូវ​បង់​ថ្លៃ​ក្បាល​រថ​យន្ត​ថ្លៃ​ណាស់​ គឺ​​បង់​ជញ្ជីង​ចំណត​ចំនួន​ពី​៤​មឺុន​ទៅ​១០​មឺុន​រៀល​ គយ​ច្រក​ទ្វារ​ និង​ប៉ូលិស​ច្រក​ទ្វារ​ត្រូវ​បង់​ចាប់​ពី​៨​ទៅ​១០​មឺុន​រៀល​​ក្នុង​រថ​យន្ត​មួយ​គ្រឿង​។ ឯ​គណៈ​កម្មការ​ច្រកទ្វារ​​ចំនួន​២​មឺុន​ទៅ​៣​មឺុន​រៀល​។ ពិត​មែន​តែ​ពេល​នេះ​ចុង​រដូវ​ ប៉ុន្តែ​ពួក​គាត់​សុំ​ឱ្យ​ឆ្នាំ​ក្រោយ​ ឬ​ដល់​រដូវ​គ្រាប់​ស្វាយ​ចន្ទី​​សុំ​ឱ្យ​មាន​ការ​ចុះ​ថ្លៃ​ក្បាល​រថ​យន្ត​​ផង​។​

អាជី​វករ​បញ្ជាក់​​ថា តំលៃ​កសិ​ផល​នៅ​ច្រក​កំពង់​ចាម​ថ្លៃ​ជាង​នៅ​អូរ​យ៉ា​ដាវ​ដោយ​សារ​កសិ​ផល​ទាំង​នោះ​ត្រូវ​បញ្ជូន​ទៅ​ក្រុង​ហូ​ជី​មិញ​ និង​ចំងាយ​ផ្លូវ​នៅ​កំពង់​ចាមជិត​ជាង។ ឯ​នៅ​អូរ​យ៉ាដាវ​ឆ្ងាយ​ ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ទើប​តម្លៃ​ខុស​គ្នា​បែប​នេះ។ អាជីវ​ករ​ខេត្ត​រតន​គីរី​សំណូម​ពរ​សុំ​អាជ្ញា​ធរ​ខេត្ត​​មេត្តា​ជួយ​លុប​បំបាត់​កុង​ត្រូល​ជជុះ​ខ្មោច​លង​​​ទាំង​នោះ​ឱ្យ​អស់​ផង​។​ បើ​ទុក​តទៅ​ទៀត​ពួក​គេ​លែង​ហ៊ាន​រក​សីុ​ដឹក​ជញ្ជូន​​ទៀត​ហើយ ៕