ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត៨,៩រីស្ទ័រ ដែលកើតឡើងនៅប្រទេសជប៉ុនកាលពីថ្ងៃទី១១ មីនា កន្លងមក អ្នកស្លាប់ និងបាត់ខ្លួនមានចំនួនជាង១.៨០០នាក់ ។ បាតុភូតរញ្ជួយដីនេះញ៉ាំងឱ្យមានរលកស៊ូណាមីកម្ពស់ដល់១០ម៉ែត្រ ។
គ្រោះមហន្តរាយធម្មជាតិនេះមិនត្រឹមតែបណ្តាលឱ្យបាត់បង់ជីវិតមនុស្សច្រើននាក់ប៉ុណ្ណោះ តែថែមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង ពិសេសបណ្តាលឱ្យផ្ទុះឆេះរោងចក្រថាមពលនុយក្លេអ៊ែរមួយ នៅសង្កាត់ Fukushima បញ្ចេញវិទ្យុសកម្មពីម៉ាស៊ីនរេអាក់ទ័រ មានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់មនុស្ស ។
ក្រុមអ្នកឃ្លាំមើលបរិមាណូអង្គការសហប្រជាជាតិនិយាយថា មនុស្ស១៧០.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នៅជុំវិញរោងចក្រនុយក្លេអ៊ែរនោះ ស្ថិតនៅភាគឦសានប្រទេសជប៉ុន ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន កាលពីថ្ងៃទី១២ មីនា បានអញ្ជើញទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនោះ ហើយលោកថ្លែងថា វិទ្យុសកម្មត្រូវបានបញ្ចេញពីម៉ាស៊ីនរេអាក់ទ័រមួយ ។
លោកណាអូតូ កាន ថ្លែងក្នុងសន្និសីទកាសែតមួយក្រោយពីអញ្ជើញទៅពិនិត្យតំបន់រងគ្រោះដោយការរញ្ជួយដីថា រូបលោកជឿថា កម្រិតនៃការខូចខាតដោយការរញ្ជួយដីបង្កឱ្យមានរលកស៊ូណាមី នេះពិតជាមានទំហំធំធេងណាស់ ៕
ចែករំលែកព័តមាននេះ