ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ឆ្នាំ​មុន​អ្នក​ជក់​បារី​60​ភាគ​រយ​បច្ចុ​ប្បន្ន​សល់​43,3​ភាគ​​រយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អ៊ឹង ភីរុន រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​​បាន​ថ្លែង​ថា កាលពី​១០​ឆ្នាំ​មុន​អត្រា​អ្នក​ប្រើ​ប្រាស់​​ថ្នាំជក់​នៅ​ក្នុង​ចំណោម​​ ប្រជា​ពល​រដ្ឋ​​កម្ពុជា មាន​ចំនួន​៦០​ភាគ​រយ ​តែ​​បច្ចុ​ប្បន្ន​​អត្រា​នេះ​បាន​ធ្លាក់​​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ គឺ​នៅ​សល់​តែ​៤៣,៣​ភាគ​រយ​ប៉ុណ្ណោះ។ ​លោក​សង្ឃឹម​ថា ​អត្រា​នេះ​​នឹង​នៅតែ​​ធ្លាក់​​ចុះ​ជា​បន្ត​

រាជធានីភ្នំពេញ ៖ លោក​អ៊ឹង ភីរុន រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​​បាន​ថ្លែង​ថា កាលពី​១០​ឆ្នាំ​មុន​អត្រា​អ្នក​ប្រើ​ប្រាស់​​ថ្នាំជក់​នៅ​ក្នុង​ចំណោម​​ប្រជា​ពល​រដ្ឋ​​កម្ពុជា មាន​ចំនួន​៦០​ភាគ​រយ ​តែ​​បច្ចុ​ប្បន្ន​​អត្រា​នេះ​បាន​ធ្លាក់​​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ គឺ​នៅ​សល់​តែ​៤៣,៣​ភាគ​រយ​ប៉ុណ្ណោះ។ ​លោក​សង្ឃឹម​ថា ​អត្រា​នេះ​​នឹង​នៅតែ​​ធ្លាក់​​ចុះ​ជា​បន្ត​ទៅ​ទៀត​នៅ​ពេល​អនាគត ក្រោម​ការ​គាំទ្រ​ពី​​រាជ​រដ្ឋាភិបាល​​កម្ពុជា ​និង​បណ្តា​ដៃ​គូ​អភិវឌ្ឍន៍​នានា​ដូចជា​អង្គ​ការ​អាដ្រា​ជាដើម ។

លោក​អ៊ឹង ​ភីរុន បាន​ថ្លែង​​បែប​នេះ ​នៅ​ខណៈ​​ពេល​ដែល​​​លោក​បាន​អញ្ជើញចូល​​រួម​ជា​អធិបតី​​​ក្នុង​ពិធី​បើក​​សិក្ខា​សាលាចែក​រំលែក​បទ  ពិសោធន៍​ គម្រោង​កម្ពុជា​​រៀបចំ​​គោល​នយោ​បាយ​​ស្តីពី​​ថ្នាំជក់​ ឬ​សុខ​ភាព​នៃ​អង្គ​ការ​អាដ្រា​​​កម្ពុជានៅសណ្ឋា​គារ​ភ្នំពេញ កាល​ពីថ្ងៃទី​១៨ សីហា កន្លង​មក​នេះ។

លោកអ៊ឹង ភីរុន បានបន្តថា ​កម្មវិធី​ថ្នាំជក់ ឬ​​សុខ​ភាពគឺ​អង្គ​ការ​អាដ្រា​កម្ពុជា​បានធ្វើ​​សកម្ម​ភាព​​តាំង​ពី​ឆ្នាំ​១៩៩៧ ​ដែល​បាន​ចូល​​រួម​ចំណែក​យ៉ាង​សកម្ម​ជា​មួយ​ក្រសួង​សុខា​ភិ​បាល​ក្នុងសកម្ម​ភាព​ត្រួតពិនិត្យ​​ថ្នាំជក់ ដើម្បី​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំជក់​​នៅ​កម្ពុជា ។ ទាំងនេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​​សុ​ខ​ភាព​របស់​ប្រជា​ពល​រដ្ឋ​​ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូល​រួម​អភិ​វឌ្ឍន៍​ប្រទេស​កម្ពុជា​​យើង​នេះ ។ ​តាម​រយៈ​ការ​ងារ​ទាំង​នោះ ​យើង​ក៏​បាន​ទទួល​នូវ​បទ​ពិសោធន៍​​ជាច្រើន​សម្រាប់​ចែក​​រំលែក​ឱ្យ​គ្នា​​ទៅ​វិញ​ទៅ​មក ដូច​ដែល​អង្គ​ការ​​អាដ្រា​កំពុង​រៀបចំ​ឱ្យ​មាន​សិក្ខា​សាលា​​ចែក​រំលែក​​​បទ​ពិសោធន៍​​រប​ស់​ខ្លួន​នេះ​ឡើង​​​យ៉ាងដូច្នោះ​ដែរ តាម​រយៈ​គម្រោង​​កម្ពុជា​រៀប​ចំ​គោល​​នយោ​បាយ​​ស្តីពី​ថ្នាំ​ជក់ ឬ​​សុខ​ភាព​ ដែល​មាន​ចុះ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ជា​មួយ​នឹង​ក្រសួង​​សុខា​ភិបាល​​កាល​ពី​ឆ្នាំ​២០០៦ ។

លោក​អ៊ឹង ភីរុន បញ្ជាក់ថា ​​បើ​និយាយ​​ពី​សកម្ម​ភាព​ត្រួតពិនិត្យ​ថ្នាំ​ជក់​នៅ​កម្ពុជា ក្រសួង​សុខា​ភិ​បាល​​ក្រោម​ការ​គាំទ្រ​ពី​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ដែល​មាន​សម្តេច​​អគ្គ​​​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​បណ្តា​​ដៃ​គូ​​អភិ​វឌ្ឍន៍​នានា​ដូចជា​​អង្គ​​​ការ​សុខ​ភាព​ពិភព​លោក​​ អង្គ​ការ​អាដ្រា​កម្ពុជា និង​អង្គ​ការ​​ដទៃ​ទៀត បាន​សម្រេច​​​សម​ិទ្ធ​ផល​​សំខាន់ៗ​នានា ដូច​ជា​បាន​បង្កើត​គណៈ​​កម្ម​​ការ​អន្តរ​ក្រសួង ​ដើម្បីអប់រំ​​ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ថ្នាំជក់​ដោយ​មាន​ក្រសួង​ចំនួន​១១ និង​អាជ្ញា​ធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​​​ជា​សមា​ជិក និង​​បាន​​បង្កើត​​លេខាធិការ​ដ្ឋាន​អនុ​សញ្ញា​ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ អនុ​ក្រឹត្យ​ចំនួន​ពីរ ១-​អនុ​ក្រឹត្យ​ស្តីពី​ការ​​បោះ​ពុម្ព​សារ​ព្រមាន​សុខ​ភាពលើ​កញ្ចក់​​បារី និង​២-​​អនុ​ក្រឹត្យ​​ស្តី​ពី​វិធាន​ការ​​ហាម​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​យើង​ បាន​ផ្តល់​​សច្ចា​ប័ន​លើ​​អនុ​សញ្ញា​​ត្រួត​ពិនិត្យ​​ថ្នាំជក់ កាលពី​ថ្ងៃទី​១១ វិច្ឆិកា ​ឆ្នាំ​២០០៥ កន្លង​ទៅ ។ ​ដោយ​ឡែកអត្រា​​ប្រើ​ប្រាស់​​ថ្នាំជក់​​ក្នុងចំណោម​​ប្រជា​ពលរដ្ឋ​កម្ពុជាធ្លាក់​ចុះ​គួរកត់​សម្គាល់ ពោល​គឺ​បច្ចុ​ប្បន្ន​អត្រា​​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅសល់​​តែ​៤៣,៣% ​បើ​ប្រៀប​ធៀប​កាល​ពី​១០​ឆ្នាំ​មុខ​ជាង​៦០% ។ ​ហើយ​យើង​​សង្ឃឹម​ថា អត្រា​​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នេះ ​នឹង​​ថយ​ចុះ​​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ដោយ​សារ​មាន​ការ​គាំទ្រ​​ពី​សំណាក់​រាជរដ្ឋា​ភិបាល​ និង​បណ្តា​​​ដៃ​គូ​​អភិ​វឌ្ឍន៍​នានា​ដូច​ជា​អង្គការ​​អាដ្រា​កម្ពុជា​ជា​ដើម ។

ជា​ចុង​ក្រោយ​លោក​អ៊ឹង ​ភីរុន បាន​មាន​ប្រសាសន៍​ថា ​សិក្ខា​សាលា «ចែក​រំលែក​​​ប​ទ​ពិសោធន៍» ​គម្រោង​​កម្ពុជា​រៀបចំ​គោល​នយោ​បាយ​​ស្តីពីថ្នាំ​ជក់ ឬ​សុខ​ភាព​របស់​អង្គ​ការ​អាដ្រា​​កម្ពុជា នាថ្ងៃ​នេះ ​លោក​យល់​ឃើញថា វា​មាន​សារ​សំខាន់​​ខ្លាំង​ណាស់។ ដូច្នេះ​​លោក​សូម​​អំពាវ​នាវ​​ដល់​ឯក​ឧត្តម​​ លោក​ជំទាវ លោក​ លោក​ស្រី ​​អ្នក​នាង កញ្ញា​ ទាំង​អស់​​ សូម​ជួយ​ចូលរួម​ពិភាក្សា​ ឬ​ប្រសិន​បើ​​មាន​អាច​ចែក​រំលែក​​នូវបទ​ពិសោធន៍​ល្អៗ និង​ជួយ​ផ្តល់​ជា​មតិ​ស្ថាបនា​របស់​ខ្លួន​ដល់​អង្គ​ការ​អាដ្រា​ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​យុទ្ធ​សាស្ត្រ​​រប​ស់​ខ្លួន​​ឱ្យ​កាន់​តែ​​ប្រសើរ​ឡើង​​​ សំដៅ​​កាត់​​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​​នៅ​កម្ពុជា។ ​ប្រសិន​បើ​​ឯកឧត្តម​​ លោក​ជំទាវ​ លោក​ លោក​ស្រី នាង​កញ្ញា យល់​ថា បទ​ពិសោធន៍​ដែល​គម្រោង​នេះ​មាន​​ជា​បទពិសោធន៍​​ល្អ ហើយ​អាច​អនុ​វត្ត​បាន​នោះ សូមយក​ទៅ​អនុវត្ត​​បន្ត​ក្នុង​ស្ថាប័ន​​របស់​ខ្លួន​ ដើម្បី​រួម​ចំណែក​ក្នុង​សកម្ម​ភាព​ត្រួត​ពិនិត្យ​ថ្នាំជក់ ៕