ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​​កន្លែង​ផលិត​ទឹកបរិសុទ្ធ​អត់​ច្បាប់

15 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត​ ៖ កាលពី​វេលា​​ម៉ោង​​​៤​រសៀល​​ថ្ងៃទី​៣០ មីនា សមត្ថ​កិច្ច​ចម្រុះ​រួម​ជាមួយ​​ស្ថាប័ន​​ជំនាញ​​កាំកុងត្រូល​​​​និង​ស្ថាប័ន​តុលាការ​​​​ផង ​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ទឹក​បរិសុទ្ធ​​ មួយកន្លែង​​ដែល​គ្មាន​ច្បាប់​​អនុញ្ញាត​ត្រឹម​ត្រូវ​​​​​នៅ​ក្នុង​ភូមិ​​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ​​ក្រុង​ប៉ោយប៉ែត​ និង​មាន​ចម្ងាយ​​​​ប្រមាណ​២០០​ម៉ែត្រ​ពី​ទីស្នាក់​ការ​​សាខា​​កាំកុង​ត្រូល​ច្រក​​ប៉ោយ​ប៉ែត​ ។ ប្រតិបត្តិ​ការ​​​នេះដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍​ទោ យឹម ប្រសិទ្ធ​ ​​មន្ត្រី​នគរ​បាល​​ប្រឆាំង​បទល្មើស​​សេដ្ឋ​កិច្ច​ក្រសួង​មហាផ្ទៃ​​ លោក​​វរសេនីយ៍​ត្រី​​ចាប សុផារិទ្ធ ប្រធាន​​ការិយា​ល័យ​​​ប្រឆាំង​បទល្មើស​​​សេដ្ឋ​កិច្ច​ខេត្ត​ លោក​អ៊ុត សុភាព​ ប្រធាន​សាខា​កាំកុងត្រូលខេត្ត​​ លោក​ឡុង ជាប ព្រះរាជអាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​​ព្រម​ទាំង​មន្ត្រី​​សមត្ថ​កិច្ច​​ពាក់ព័ន្ធ​ក្នុង​ក្រុង​មួយ​ចំនួន​ទៀត​ ។

ទីតាំង​​ផលិត​​ទឹក​បរិសុទ្ធ​មួយ​កន្លែង​​​​​នេះ​មាន​​​ម្ចាស់ឈ្មោះ​នុត ឱក ជាមន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​​ ប្រពន្ធ​ឈ្មោះ​ញាន រ៉ែម អាយុ​៥២ឆ្នាំ ​ហើយ​ប្រតិបត្តិការ​នេះ​ក៏​បាន​ទទួល​​រង​​នូវ​ការ​​តវ៉ា​ពីសំណាក់​ប្តី-ប្រពន្ធ​​ជាម្ចាស់ទីតាំង​ផងដែរ​ ។ ម្ចាស់​ទីតាំង​​​បាន​​លើក​ហេតុ​ផល​​​ថា កន្លែង​​​ផលិត​​ទឹក​បរិសុទ្ធ​​របស់​ពួក​គាត់​​ពុំ​មាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេគឺ​ធ្វើ​នៅក្នុង​លំនៅឋាន​​​តែប៉ុណ្ណោះ​ ហើយ​ក​ន្លង​មក​ពួកគាត់​បាន​ទៅ​សុំ​ច្បាប់​ដល់​សាលា​​ខេត្ត​ដែរតែ​អត់​បាន​​អនុញ្ញាត​​ឱ្យ​ទេ​ដោយ​គ្រាន់​តែ​ប្រាប់​ថា ធ្វើ​ក៏ធ្វើទៅ​ចាំដល់​ថ្ងៃ​ណាគេបិទនោះគេនឹង​ប្រាប់​ដំណឹង​ឱ្យ​បាន​ដឹង​ជា​មុន​ ។  

​ពួកគាត់​ទាំង​២​នាក់​ប្តីប្រពន្ធបាន​បញ្ជាក់​​​ថា ចំពោះ​ការ​ផលិត​ទឹក​បរិសុទ្ធ​​​នេះ​គឺ​មាន​រយៈពេល​ជាង​១ឆ្នាំ​មក​ហើយ​ដោយ​មាន​​ម៉ាស៊ីន​​​ចម្រោះ​​យ៉ាង​​​ត្រឹម​ត្រូវ​​ដែល​ពួក​គាត់​បាន​ចំណាយ​ថវិកា​ទិញ​ឧបករណ៍​​​ចម្រោះ​​ទឹក​ធុន​តូច​ទាំង​នេះ​អស់​ប្រមាណ​​ជាង​១០​ម៉ឺន​​បាត ​ដើម្បី​​យក​មក​ផលិត​​ទឹកបរិសុទ្ធ​​ឱ្យ​មាន​អនាម័យ​ ។ គាត់​​បញ្ជាក់​ថា ទឹក​​បរិសុទ្ធ​របស់​គាត់​លក់​មាន​​តម្លៃ​​​ថោក​ជាង​ទឹក​បរិសុទ្ធ​នាំចូល​ពី​ប្រទេស​​សៀម​ គឺលក់​ក្នុង១​ប៊ីដុង​តូច​តម្លៃ​​តែ១.០០០​រៀលប៉ុណ្ណោះ ។ ពួកគាត់​និយាយ​​ថា ​បើ​ចង់​បិទ​កន្លែង​ផលិត​ទឹក​បរិសុទ្ធ​របស់ពួក​គាត់​គឺត្រូវ​បិទ​ឱ្យ​អស់ ពីព្រោះ​ការ​ផលិត​ទឹក​បរិសុទ្ធ​​បែប​នេះ​មិន​មែន​មាន​​តែពួកគាត់​ទេ នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ​​គឺមាន​ច្រើន​កន្លែងទៀត ។

លោក​​អ៊ុត សុភាព ប្រធាន​​សាខាកាំកុង​ត្រូល​​ខេត្ត​បាន​ឱ្យ​ដឹងថា ចំពោះ​កន្លែង​ផលិត​ទឹក​​បរិសុទ្ធ​នេះ​គឺ​ទី១ អត់​ច្បាប់​ទម្លាប់​ ដែល​វាខុស​នឹង​ច្បាប់​​រដ្ឋ​បាត់ទៅ​ហើយ ។ ចំពោះ​ការ​ផលិត​មាន​គុណភាព​​ឬក៏គ្មាន​នោះ​ត្រូវ​រង់​ចាំ​ការ​ពិនិត្យ​របស់​មន្ត្រីជំនាញ​​​ធ្វើ​កោសល្យ​​វិច័យ ។ ឯលោក​ឡុង ជាប ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត​បានថ្លែង​ថា ឧបករណ៍​និង​សំភារ​ទាំង​អស់​សម្រាប់​​ផលិត​ទឹក​បរិសុទ្ធ​​និង​របស់​កែច្នៃ​សម្រាប់​វេច​ខ្ចប់​ទាំងអស់​ គឺត្រូវ​ធ្វើ​កំណត់​ហេតុឃាត់​ទុក​ជាបណ្តោះ​អាសន្ន​សិន ហើយ​ចំពោះ​ម្ចាស់ផ្ទះ​​​ត្រូវ​កោះ​ហៅ​​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​​នៅឯសាលាដំបូង​ខេត្ត​នៅពេល​ក្រោយ​ ៕