ខេត្តកំពត ៖ ព្រះវិហារដែលទើបបានកសាងរួចរាល់ជាស្ថាពរ រួមនឹងសមិទ្ធផលថ្មីៗមួយចំនួនទៀតបម្រើក្នុងវិស័យព្រះពុទ្ធសាសនានៅវត្តព្រះច័ន្ទរង្សី ហៅវត្តរលួស ស្ថិតក្នុងភូមិរលួស ឃុំបឹងឈូក ស្រុកទឹកឈូ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកព្រះពុទ្ធរូបនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១១។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបានការចូលរួមផងដែរពីសំណាក់មន្ត្រីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ដែលលើកឡើងដោយលោកអ៊ុក ឡាយ អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមនេះ ត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែក្រោយថ្ងៃជ័យជំនះ៧មករា ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នាកសាងវត្តនេះជាបណ្តើរៗឡើងវិញទុកជាទីកន្លែងគោរពសក្ការៈ។ មកដល់ពេលនេះទីអារាមក៏ទទួលបានការជួយឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ តាមរយៈលោកហាស់ វ៉ារី និងលោកជំទាវសម្រាប់កសាងព្រះវិហារ របងប្រវែង៦០០ម៉ែត្រ និងសមិទ្ធផលជាច្រើនទៀតបានរួចរាល់ ដោយចំណាយទឹកប្រាក់សរុបចំនួន១៤៨.៩៩០ដុល្លារ ក្នុងនោះអំណោយសម្តេច និងលោកជំទាវចំនួន៨១.៣៥៦ដុល្លារ និងថវិកាចំនួន៦៧.៦៣៤ដុល្លារទៀតបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ និងបានធ្វើបុណ្យឆ្លងនាពេលនេះ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកហាស់ វ៉ារី បានសម្តែងការដឹងគុណ និងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ដែលតែងយកចិត្តទុកដាក់គិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ លោកក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានេះ បានផ្តាំផ្ញើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមជួយថែរក្សាសមិទ្ធផលថ្មីៗទាំងនោះ ទុកជាទីកន្លែងគោរពសក្ការៈសម្រាប់ពុទ្ធសាសនិកកម្ពុជាទូទៅបានយូរអង្វែង។
ជាបន្ត គណៈអធិបតីក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជនចំនួន១៤រូប ក្នុងនោះមានមេដាយថ្នាក់អស្សប្ញទ្ធិចំនួន១, មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទចំនួន១, មេដាយមុនីសារាភ័ណ្ឌថ្នាក់សេរីវឌ្ឍន៍ចំនួន១០ និងមេដាយមាសស្ថាបនាជាតិចំនួន២។ បានឧបត្ថម្ភ និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងនោះឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យថវិកាចំនួន៨.៨០០ដុល្លារ, ប្រគេនព្រះសង្ឃ៧អង្គ ក្នុង១អង្គទេយ្យវត្ថុ១កញ្ចប់ និងបច្ច័យ២ម៉ឺលរៀល, ផ្តល់ការរៀបចំវេទិកា២លានរៀល, យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗកំណាត់ស១ដុំ និងនំ១ធុង, លោកគ្រូ អ្នកគ្រូ៥០នាក់ ម្នាក់ៗសារុង១ និងនំ១ធុង, ផ្តល់ថ្នាំពេទ្យព្យាបាលជម្ងឺស្ត្រីដល់មន្ទីរពេទ្យបង្អែកស្រុក៤៥០ប្រអប់, ប្រគេនសៀវភៅធម្មទានដល់វត្តចំនួន១ម៉ឺនក្បាល, កម្លាំងការពារ១លានរៀល និងប្រជាពលរដ្ឋចូលរួមជាង២ពាន់នាក់ ក្នុងម្នាក់ៗសារុង១ និងនំ១ធុង។
តមក គណៈអធិបតីក៏បានអញ្ជើញកាត់ខ្សែបូធ្វើពិធីពុទ្ធាភិសេក និងកាត់ដុំនិមិត្តសីមា ព្រមទាំងរាប់បាត្រប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាកិច្ចបង្ហើយបុណ្យផងដែរ៕



ចែករំលែកព័តមាននេះ