រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១ មីនា ២០១១ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានទទួលជួបសន្ទនាជាមួយលោក CHRISTIAN CONNAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពបារាំងប្រចាំនៅកម្ពុជាដែលទើបផ្លាស់មកថ្មី ជំនួសឯកអគ្គរដ្ឋទូតចាស់ដែលចប់អាណត្តិ ។ ក្នុងជំនួបសន្ទនានៅឯសាលារាជធានីភ្នំពេញនោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានលើកឡើង និងថ្លែងកោតសរសើរដល់រដ្ឋាភិបាលបារាំង ដែលកន្លងមកមានកិច្ចសហប្រតិបត្តិការល្អ និងជួយអភិវឌ្ឍន៍នៅកម្ពុជាច្រើន ។ ជាពិសេសសម្រាប់រាជធានីភ្នំពេញ មានវិស័យទឹកស្អាត បរិស្ថាន ការកសាង ឬគោលការណ៍អភិវឌ្ឍន៍រាជធានីភ្នំពេញ ឬការកែលំអប្រព័ន្ធចរាចរណ៍ជាដើម ។
លោកកែប ជុតិមា បានសន្យាថា សាលារាជធានីភ្នំពេញ ត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបារាំង ឱ្យបានកាន់តែល្អថែមទៀត ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងទីក្រុងភ្នំពេញ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាព និងជាសមាជិកទីក្រុងនិយាយភាសាបារាំង ។ លោក Christian Connan ឯកអគ្គរដ្ឋទូតបារាំង ទើបតែងតាំងថ្មីបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បន្តគម្រោងកិច្ចសហប្រតិបត្តិការនានាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ