ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់បាន​ទំនាក់ទំនង​ប្រកបដោយ​ស្ថាបនា​ជាមួយ​អា​មេ​រិ​ក ក្រោយ​បក្ស​ប្រជាធិបតេយ្យ​ ឈ្នះ​ការ​គ្រប់គ្រង​សភា​ទាំង​ពីរ

1 អាទិត្យ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា បាន​អំពាវនាវ​ឱ្យ​បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ប្រកបដោយ​ស្ថាបនា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​លទ្ធផល​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​សហរដ្ឋអាមេរិក​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​សំឡេង​ភាគច្រើន​ទាំង​នៅ​រដ្ឋសភា (​សភាតំណាងរាស្ត្រ​) និង​ព្រឹទ្ធសភា ដែល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បរាជ័យ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​តួ​ក​គី​យ៉េ Anadolu ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង (Mao Ning) បាន​ពណ៌នា​អំពី​ការ​បោះ​ឆ្នោត​នេះ​ថា គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក ដោយ​បាន​គូសបញ្ជាក់​ពី​ឆន្ទៈ​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​រក្សា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។

លោកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ពី​រដ្ឋធានី​ប៉េ​កាំ​ង​ដូច្នេះ​ថា «​ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​រួម​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ការពារ និង​អនុវត្ត​ការ​យល់ព្រម​ឯកភាព​គ្នា​ដ៏​សំខាន់ ដែល​សម្រេច​បាន​ដោយ​ប្រមុខរដ្ឋ​ទាំង​ពីរ ពង្រឹង​ការ​ទំនាក់ទំនង គ្រប់គ្រង​ភាព​ខុស​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​រួម​គ្នា​បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ប្រកបដោយ​ស្ថាបនា​ផ្អែក​លើ​ការ​គោរព និង​សមភាព​»​។

គួរ​រំលឹក​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) និង​លោក ត្រាំ បាន​យល់ព្រម​រវាង​គ្នា អំឡុង​ពេល​ជំនួប​កំពូល​កាលពី​ខែឧសភា និង​ខែកញ្ញា នៅ​ក្នុង​ការ​ស្វែងរក​ទំនាក់ទំនង​ប្រកបដោយ​ស្ថាបនា​ជា​យុទ្ធសាស្ត្រ ដែល​ផ្អែក​ទៅ​លើ​ការ​គោរព ភាព​យុត្តិធម៌ និង​ការ​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី ត្រាំ នា​ចុងខែ​នេះ នៅ​ទីក្រុង​សិន​ជិន (Shenzhen) ភាគ​ខាងត្បូង​ប្រទេស​ចិន សម្រាប់​ការ​ប្រជុំ​កំពូល នៅ​អមដំណើរ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​៕