ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះដល់ទីតាំងផ្ទាល់! ក្រុមសង្កេតការណ៍អាស៊ាន (AOT) ចុះផ្ទៀងផ្ទាត់ «ស្ពានស្ទឹងមេទឹក» ខេត្តពោធិ៍សាត់ ដែលត្រូវថៃទម្លា.ក់គ្រា.ប់បែ.ក

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​បន្ត​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ស្ពាន​ស្ទឹង​មេទឹក ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង​០៨:១៥​នាទី​ព្រឹក​មិ​ញ​នេះ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ស្ពាន​ស្ទឹង​មេទឹក ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

អ្នកនាំពាក្យ​សូម​គូសបញ្ជាក់​ផង​ដែរ​ថា ស្ពាន​ស្ទឹង​មេទឹក បាន​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​កងទ័ពអាកាស​របស់​ថៃ បណ្តាល​ឱ្យ​ខូចខាត និង​ដាច់​ទាំងស្រុង​មិន​អាច​ចរាចរណ៍​ទៅ​មក​បាន កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ ។
ស្ពាន​នេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​សុទ្ធសាធ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ថៃ ។

ប្រភព​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ក៏​ដូច​ជា វិធានការ​នានា​ដែល​បាន​ឯកភាព​គ្នា​រវាង​កម្ពុជា និង​ថៃ ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​តែងតែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​ក្នុង​ការ​ចូលរួម​ជួយ​លើ​កិច្ចការ​នេះ​បន្ថែម​ទៀត ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​៕