ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ឃុំ​ស្នឹង ដែល​ហិនហោច​ដោយ​ជំនន់​ទឹកភ្លៀង​វា.យ.ប្រ.ហារ

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង​២,៥០០​ម៉ែត្រ លើ​ប្រវែង​ផ្លូវ​ជិត​១០​គីឡូម៉ែត្រ ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង កាលពី​ខែ​មុន​កំពុង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ក្រោម​គម្រោង​ថវិកា​សហគមន៍​ប្រើប្រាស់​ទឹក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន ។

អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ០៥ វិច្ឆិកា កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត ហើយ​កំពុងធ្វើការ​ជួសជុល​នោះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវភ្លោះ អម​ប្រឡាយ​ទឹក​ចាប់ពី​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ស្នឹង​លិច ឆ្ពោះទៅ​កាន់​ភូមិ​បឹង​ក្រសាល ឃុំ​ស្មឹង ដែល​មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ ។ ប៉ុន្តែ​យើង​ធ្វើការ​ជួសជុល តែ​ចំណុច​ណា​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា គម្រោង​ថវិកា​ជួសជុល​ផ្លូវ​ខាងលើ​នេះ គឺ​បាន​មក​ពី​សហគមន៍​ប្រើប្រាស់​ទឹក (​បឹង​ក្រសាល​,​អាង​កំពីងពួយ​) ។ តាម​រយៈ​បណ្ដាញ​សង្គម​ផ្ទាល់​របស់​លោក រឿ​ម វ​ណ្ណា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្នឹង ដែល​បាន​ដឹកនាំ​ចុះ​បំពេញការងារ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​០៤ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​នានា ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ធ្វើការ​ជួសជុល​ជា​បន្ទាន់​នោះ មាន​ប្រវែង​ប្រមាណ​២,៥០០​ម៉ែត្រ ។

កំណាត់​ផ្លូវ​ដែល​កំពុង​ជួសជុល​នេះ ជា​ចំណុច​ដែល​បាក់​ដាច់ ឬ​បាក់​ស្រុត​ខ្លាំង ជាប់​ពី​ភូមិ​ពាក់​ស្បែក​ដល់​ភូមិ​បឹង​ក្រសាល ដែល​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។ កំណាត់​ផ្លូវ​ខូចខាត​ទាំងនោះ ត្រូវ​ជំនន់​ទឹកភ្លៀង​វាយ​កាត់​ផ្ដាច់​យ៉ាងធ្ងន់ធ្ងរ កាលពី​ខែកញ្ញា​កន្លង​ទៅ​នេះ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ផ្លូវភ្លោះ​អម​ប្រឡាយ​ទឹក​មួយ​ខ្សែ ដែល​រង​ការ​ខូចខាត​ខាងលើ​នេះ មាន​តំណ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ស្នឹង​កើត ឆ្ពោះទៅ​កាន់​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​មាន​ចម្ងាយ​ប្រ​វែ​ល​ប្រហែល​ជាង​១០​គីឡូម៉ែត្រ បើ​គិត​ទៅ​ដល់​តំណរ​ភ្ជាប់​ទៅ​ទំនប់ «​អាង​កំពីងពួយ​» ប៉ែក​ខាងត្បូង​ផង ។ បច្ចុប្បន្ន ផ្លូវ​ទាំង​ពីរ​ខ្សែ​អម​ប្រឡាយ​ទឹក​នេះ បាន​រង​ការ​ខូចខាត​ទាំង​សងខាង ដោយសារ​ជំនន់​ទឹកភ្លៀង​វាយប្រហារ ស្ទើរតែ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ។

ប៉ុន្តែ​យ៉ាងណា​ក្ដី ពេល​នេះ រដ្ឋបាល​មូលដ្ឋាន​បាន​និង​កំពុងធ្វើការ​ជួសជុល​ហើយ ដើម្បីជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះ​អាស​ន្ន៕