ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ទម្លាប់ញ៉ាំទឹកត្រីទាំង ៤ យ៉ាង ដែលមនុស្សជាច្រើនមើលរំលង អាចបង្កើនហានិភ័យជំងឺបេះដូង និងតម្រងនោម

1 អាទិត្យ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើទឹកត្រីមិនត្រឹមត្រូវអាចធ្វើឱ្យរាងកាយទទួលជាតិសូដ្យូមច្រើនលើសតម្រូវការ ដែលអាចបង្កើនហានិភ័យជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។ អ្វីដែលគួរឱ្យបារម្ភ គឺមនុស្សជាច្រើនមានទម្លាប់ប្រើទឹកត្រីរាល់ថ្ងៃ ដោយមិនបានដឹងថាកំពុងទទួលជាតិប្រៃលើសកម្រិត។

ទម្លាប់ទី១ គឺ ម្ហូបគ្រប់មុខត្រូវមានទឹកត្រីសម្រាប់ជ្រលក់ ទោះបីម្ហូបបានដាក់គ្រឿងគ្រប់គ្រាន់រួចហើយក៏ដោយ។ ទម្លាប់ទី២ គឺ ជ្រលក់អាហារក្នុងទឹកត្រីច្រើនពេក ដូចជាសាច់ ត្រី ឬបន្លែ ដោយជ្រលក់ឱ្យជក់ទឹកត្រីចូលច្រើនដង។ ទម្លាប់ទាំងនេះធ្វើឱ្យរាងកាយទទួលជាតិសូដ្យូមបន្ថែម ជាពិសេសនៅពេលប្រើរួមជាមួយអំបិល ប៊ីចេង និងគ្រឿងផ្សំមានជាតិប្រៃផ្សេងទៀត។

ទម្លាប់ទី៣ គឺ បន្ថែមទឹកត្រីច្រើនដងក្នុងពេលចម្អិនអាហារ ដោយសារខ្លាចម្ហូបមិនសូវមានរសជាតិ។ តាមពិត គ្រឿងផ្សំដូចជា អំបិល ម្សៅស៊ុប ទឹកស៊ីអ៊ីវ និងអាហារកែច្នៃ ក៏មានជាតិសូដ្យូមផងដែរ។ ការប្រើគ្រឿងផ្សំមានជាតិប្រៃច្រើនប្រភេទក្នុងពេលតែមួយ អាចធ្វើឱ្យបរិមាណសូដ្យូមសរុបក្នុងអាហារកើនឡើងខ្ពស់។

ទម្លាប់ទី៤ គឺ ឱ្យកុមារញ៉ាំទឹកត្រីតាមរសជាតិរបស់មនុស្សធំ ដោយដាក់គ្រឿងប្រៃច្រើន ឬឱ្យកុមារប្រើទឹកត្រីជ្រលក់ជាប្រចាំ។ តាមពិត កុមារត្រូវការជាតិសូដ្យូមតិចជាងមនុស្សពេញវ័យ ហើយតម្រូវការក៏ខុសគ្នាទៅតាមអាយុ។ ការឱ្យកុមារញ៉ាំអាហារប្រៃជាប្រចាំ អាចធ្វើឱ្យពួកគេស៊ាំនឹងរសជាតិប្រៃតាំងពីតូច។ ដោយឡែក អង្គការសុខភាពពិភពលោកណែនាំថា មនុស្សពេញវ័យគួរទទួលសូដ្យូមតិចជាង ២ ០០០ មិល្លីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងអំបិលតិចជាង ៥ ក្រាមពីអាហារ និងគ្រឿងផ្សំគ្រប់ប្រភេទរួមបញ្ចូលគ្នា។

ជារួម ដើម្បីថែរក្សាសុខភាព គួរបន្ថយការប្រើទឹកត្រី និងគ្រឿងផ្សំមានជាតិប្រៃ កុំដាក់ទឹកជ្រលក់ច្រើនលើតុអាហារជាប្រចាំ និងសាករសជាតិម្ហូបមុនពេលបន្ថែមគ្រឿង។ គួរជ្រើសរើសអាហារស្រស់ និងប្រើគ្រឿងធម្មជាតិដូចជា ខ្ទឹមស ខ្ញី ម្រេច ក្រូចឆ្មារ និងបន្លែស្រស់ ដើម្បីបន្ថែមរសជាតិ។ ជាពិសេស អ្នកមានជំងឺលើសសម្ពាធឈាម ជំងឺតម្រងនោម ឬជំងឺបេះដូង គួរគ្រប់គ្រងបរិមាណសូដ្យូមតាមការណែនាំរបស់គ្រូពេទ្យ៕