ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវប្រកាសឱ្យប្រជាពលរដ្ឋផ្អាកប្រើទឹកទន្លេ ក្រោយទឹកសំណល់គីមីហូរចូល

2 ថ្ងៃ មុន

ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរនៅប្រទេសឡាវបានណែនាំឱ្យប្រជាពលរដ្ឋក្នុងភូមិចំនួន៣ នៅខេត្តហួផាន់ ផ្អាកប្រើប្រាស់ទឹកទន្លេជាបណ្ដោះអាសន្ន ក្រោយអាងស្តុកទឹកសំណល់ពីការជីកយករ៉ែកម្រចំនួន២កន្លែងបានបាក់បែក កាលពីថ្ងៃទី១ ខែវិច្ឆិកា បណ្ដាលឱ្យទឹកសំណល់មានសារធាតុគីមីហូរចូលទន្លេណាមវ៉ែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៣ ខែវិច្ឆិកា ប្រជាពលរដ្ឋក្នុងភូមិមឿងវ៉ែន ណាកាវ និងណាខូន ត្រូវផ្អាកប្រើប្រាស់ទឹកទន្លេ រហូតដល់អាជ្ញាធរបញ្ចប់ការត្រួតពិនិត្យ និងចេញសេចក្ដីជូនដំណឹងបន្ថែម។ ទន្លេណាមវ៉ែនហូរកាត់ភូមិថាបភឿង រួចបន្តទៅភ្ជាប់នឹងទន្លេណាមសាំ ដែលហូរឆ្លងចូលប្រទេសវៀតណាម។

គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា អាជ្ញាធរខេត្ត និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នៅមិនទាន់កំណត់បានថា សារធាតុគីមីអ្វីខ្លះបានហូរចូលទន្លេ ឬមូលហេតុអ្វីដែលធ្វើឱ្យអាងស្តុកទឹកទាំងពីរបាក់បែកនោះទេ។

ករណីនេះក៏បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញអំពីផលប៉ះពាល់នៃការជីកយករ៉ែកម្រដល់បរិស្ថាន។ កាលពីឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅតំបន់ខេត្តហួផាន់ធ្លាប់រាយការណ៍ពីការបំពុលស្ទឹងដោយសារធាតុគីមី ហើយបានអះអាងថា បញ្ហានេះបណ្ដាលឱ្យត្រី និងសត្វចិញ្ចឹមងាប់ ព្រមទាំងប៉ះពាល់ដល់ជីវភាពប្រជាជនក្នុងភូមិចំនួន៣៦។

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សមាជិកសភាខេត្តហួផាន់ អ្នកស្រី សយផេត ថងសំបាត់ ក៏បានស្នើឱ្យអាជ្ញាធរពិនិត្យឡើងវិញលើគម្រោងរុករករ៉ែ និងផ្អាកការអនុម័តគម្រោងថ្មីៗ ដោយសារគម្រោងមួយចំនួនត្រូវបានលើកឡើងថា កំពុងប៉ះពាល់ដល់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន អាជ្ញាធរនៅមិនទាន់បញ្ជាក់ពីប្រភេទសារធាតុគីមី និងមូលហេតុនៃការបាក់អាងស្តុកទឹកនៅឡើយទេ៕