ប្រទេសបារាំង៖ មជ្ឈមណ្ឌលរក្សាទុកឈាមចំនួន ៣ទីតាំងនៅប្រទេសបារាំង បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយជនមិនស្គាល់មុខបានព្យាយាមបញ្ជាឱ្យសីតុណ្ហភាពនៅក្នុងកន្លែងរក្សាទុកប្លាស្មាឈាមឡើងខ្ពស់ខ្លាំង ដើម្បីធ្វើឱ្យផលិតផលឈាមខូចខាត។ ប៉ុន្តែការវាយប្រហារនេះត្រូវបានរកឃើញ និងទប់ស្កាត់ទាន់ពេល ដោយមិនបង្កឱ្យផលិតផលឈាមខូចខាតឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde ដោយសហការជាមួយសារព័ត៌មាន AP នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ស្ថាប័នឈាមបារាំង (EFS) បានឱ្យដឹងថា ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ដោយជនវាយប្រហារបានព្យាយាមបង្កើនកម្រិតសីតុណ្ហភាព និងកម្រិតបញ្ចេញទឹកកកឱ្យឡើងខ្ពស់ខុសប្រក្រតីនៅទីតាំងរក្សាទុកប្លាស្មាឈាមចំនួន ៣កន្លែង។ ការវាយប្រហារនេះបានកំណត់គោលដៅលើក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ធ្វើឱ្យត្រជាក់ដល់ទីតាំងទាំងនោះ។
ផលិតផលដែលរក្សាទុកនៅទីនោះ រួមមានប្លាស្មាឈាមសម្រាប់បញ្ចូលឱ្យអ្នកជំងឺ និងប្លាស្មាដែលប្រើសម្រាប់ផលិតថ្នាំ។ ស្ថាប័ន EFS បានបញ្ជាក់ថា ផលិតផលទាំងនេះត្រូវបានផ្ទេរទៅកន្លែងមានសុវត្ថិភាព ឬការពារទុកបានទាន់ពេល ដោយមិនមានផលិតផលឈាម ឬសំណាកណាមួយរងការខូចខាតឡើយ។
ស្ថាប័នដដែលបានបញ្ជាក់ថា ការប្រមូល និងចែកចាយឈាមនៅតែដំណើរការជាធម្មតា ដោយមិនប៉ះពាល់ដល់ការផ្គត់ផ្គង់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានានោះទេ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីផ្សារទំនើបនៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក៏បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឱ្យទូរក្លាសេ និងទូបង្កកក្តៅឡើង បណ្ដាលឱ្យអាហារជាច្រើនខូចខាត។
បច្ចុប្បន្ន ទីភ្នាក់ងារជាតិទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់បារាំង និងក្រសួងសុខាភិបាល កំពុងស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកប្រភព និងមូលហេតុនៃការវាយប្រហារ ខណៈសេវាប្រមូល និងចែកចាយឈាមនៅតែបន្តដំណើរការជាធម្មតា៕
ចែករំលែកព័តមាននេះ