ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែតុលា ឆ្នាំ​២០២៦ នគរបាល​ជាតិ​បង្ក្រាប​ទាន់​ពេល និង​បំបែកសំណុំរឿង​ព្រហ្មទណ្ឌ​២៦៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៤០១​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​ពេញ​មួយ​ខែតុលា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​យ៉ាង​សកម្ម ក្នុង​នោះ​បាន​ទប់ស្កាត់ បង្ក្រាប​ទាន់​ពេល និង​បំបែកសំណុំរឿង ចំនួន​២៦៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៤០១​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ចំនួន​នេះ បើ​ធៀប​នឹង​ខែកញ្ញា កន្លង​ទៅ កើនឡើង​៦៤​ករណី និង​មនុស្ស​កើនឡើង​៨៦​នាក់​។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា​បទល្មើស​ដែល​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​ក្នុង​រយៈពេល​ពេញ​មួយ​ខែតុលា​នោះ មាន​ជា​អាទិ៍ បទល្មើស​លួច​១២៥​ករណី ឆក់​៦​ករណី ប្លន់​៧​ករណី ឆបោក​៧​ករណី ហិង្សា​៨០​ករណី រំលោភ​សេពសន្ថវៈ​១៦​ករណី បំពាន​ផ្លូវភេទ​៤​ករណី មនុស្សឃាត​ដោយ​អ​ចេតនា​២​ករណី ឃាតកម្ម​១០​ករណី បង្ខាំង​មនុស្ស​ខុសច្បាប់​២​ករណី ជះ​ទឹក​អាស៊ីត ១​ករណី និង​ជំរិត​ទារប្រាក់ ១​ករណី​។

បើ​តាម​របាយការណ៍ បទល្មើស​ទាំងនេះ មាន​ក្នុងភូមិ​សាស្ត្រ​រួម​មាន រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង កណ្ដាល ព្រះ​សីហ​នុ សៀមរាប បន្ទាយ​មាន​ជ័យ កំពត កែប កំពង់ស្ពឺ ក្រចេះ ត្បូងឃ្មុំ ស្ទឹង​ត្រែង ពោធិ៍សាត់ ព្រះ​វិហារ តាកែវ កំពង់ធំ បាត់ដំបង រតនគិរី កំពង់ឆ្នាំង មណ្ឌលគិរី ព្រៃវែង ឧត្តរមានជ័យ និង​ខេត្តកំពង់ចាម​។

ផ្អែក​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៩ ទោសទណ្ឌ​នៃ​បទល្មើស​នីមួយ​ៗ​ត្រូវ បាន​កំណត់ មាន​ជា​អាទិ៍ បទល្មើស​លួច តាម​មាត្រា​៣៥៦ បាន​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៦​លាន​រៀល​។ បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា ដែល​ប្រព្រឹត្ត​ឡើង​មុន​ពេល ក្នុង​ពេល ឬ​ក្រោយ​ពេល និង ដោយ​ការ​កាប់​គាស់​ទម្លុះទម្លាយ ត្រូវ​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ១០​ឆ្នាំ ទៅ​តាម​កម្រិត​នៃ​ស្ថាន​ទម្ងន់ទោស​។

បទ​ហិង្សា​ដោយ​ចេតនា ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ ៦​លាន​រៀល​។ ករណី​ប្រព្រឹត្ត​ដោយ​គិត​ទុកជា​មុន ប្រើ​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ និង​ធ្វើ​សកម្មភាព​ដោយ​មាន​មនុស្ស​ច្រើន​នាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ​១០​លាន​រៀល​។

ចំពោះ​បទ​ឆបោក តាម​មាត្រា​៣៧៨ បាន​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៦​លាន​រៀល​។ ករណី​ប្រព្រឹត្ត​ដោយ មន្ត្រីរាជការ ឬ​តាំងខ្លួន​ជា​មន្ត្រីរាជការ មានការ​ចាត់តាំង​ជា​ក្រុម និង​បុគ្គល​ដែល​អំពាវនាវ​ដល់​សាធារណជន ដើម្បី​អង្គាស​មូលនិធិ​សម្រាប់​ជំនួយ​មនុស្សធម៌ ត្រូវ​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥​ឆ្នាំ​។

ដោយឡែក បទ​ឃាតកម្ម តាម​មាត្រា ១៩៩​បាន​ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ និង​ដោយ​គ្មាន​ស្ថាន​ទម្ងន់ទោស​ដូចដែល​បាន​កំណត់​ក្នុង​មាត្រា ២០០ ដល់​មាត្រា​២០៥ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ក្នុង​ករណី​សម្លាប់​មនុស្ស​ដោយ​គិត​ទុកជា​មុន ឬ​ពួនស្ទាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕​